អភិបាលរង​ខេត្តកែប​ដែល​ត្រូវបាន​ដកចេញ​ពី​តំណែង កំពុង​រត់​គេចខ្លួន​​បន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រីម្នាក់

លោក​ ភូ​ លិ​ អភិបាលរងខេត្ត​ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត​ ​ដើម្បីពិនិត្យ ពិភាក្សា​បំពេញបន្ថែមលើសេចក្ដីព្រាងផែនការបម្រុងឆ្លើយតបគ្រោះមហន្តរាយ​អគ្គីភ័យ(ភ្លើងឆេះព្រៃ) និងគ្រោះមហន្តរាយរាំងស្ងួត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២:០០រសៀល នៅសាល​ប្រជុំសាលាខេត្តកែប​។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកែប)

អភិបាលរងខេត្តកែប ដែលត្រូវបានដកពីតំណែង នៅតែបន្តរត់គេចខ្លួននៅឡើយ បន្ទាប់ពីមានបណ្ដឹងនៅតុលាការ ពីបទប្រើអំពើហិង្សាលើស្រ្តីម្នាក់បណ្ដាលឱ្យបែកក្បាល ក្នុងពិធីជប់លៀងមួយកាលពីចុងខែធ្នូ ឆ្នាំ២០២២។

អតីត​​អភិបាលរងខេត្តកែប លោក ភូ លិ ត្រូវបានចោទប្រកាន់ថាបានប្រើអំពើហិង្សាលើស្រ្តីម្នាក់បណ្តាល​ឱ្យ​រងរបួស​​បែក​​ក្បាល​​ក្នុង​​ពិធី​​ជប់​​លៀងមួយ​​ ហើយ​ករណីនេះ​ត្រូវបាន​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​អនុក្រឹត្យដក​តំណែងអភិបាល​រង​ខេត្តរូបនោះ កាល​ពីថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ២០២២។

អ្នកនាំពាក្យសាលាដំបូងខេត្តកែប លោក សឿន មុនីរ័ត្ន មានប្រសាសន៍ថា ការិយាល័យព្រះរាជអាជ្ញាបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះពីអំពើហិង្សានេះ ហើយថា ព្រះរាជអាជ្ញាមិនទាន់បានចោទប្រកាន់បឋមនៅឡើយ។ លោក​បាន​បន្ថែម​ថា សមត្ថកិច្ច​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម​ និង​ហិង្សា​ដោយ​ចេតនា។

លោក សឿន មុនីរ័ត្ន មាន​ប្រសាសន៍​​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «យើងនឹង​រង់ចាំមើល​ថាតើឯកឧត្តម​ព្រះ​រាជអាជ្ញា​នឹង​ចាត់​វិធានការបែបណា ព្រោះយើងទើបតែទទួលបានសំណុំរឿងពីនគរបាលយុត្តិធម៌កាលពីម្សិលមិញ»។

លោក​បាន​បញ្ជាក់​ថា លោក ភូ លិ បាន​​រ​ត់​​គេច​ខ្លួន​​ពី​​កន្លែង​កើត​ហេតុ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ហើយរហូត​មកដល់​​រសៀល​​ថ្ងៃ​អង្គារ [ទី៣ ខែមករា ឆ្នាំ២០២៣] សមត្ថកិច្ច​នៅមិនទាន់​ស្វែងរក​លោក ភូ លិ ឃើញ​នៅឡើយ​ទេ​។

យោងតាមសារព័ត៌មាន Fresh News បានឱ្យដឹងថា ស្ត្រីរងគ្រោះ គឺជាមន្ត្រីសាខាពន្ធដារ ឈ្មោះ ខូវ ហ៊ុយឡាំង ដែល​បាន​ព្យាយាមឃាត់​លោក ភូ លិ ពីការបៀតបៀនស្ត្រីម្នាក់ទៀត។ ខណៈ​អ្នក​ស្រី ខូវ ហ៊ុយឡាំង ងើប​ចេញ​ពី​តុ លោក ភូ លិ បានយកកែវគប់ទៅលើអ្នកស្រីចំថ្ងាស​​លើ​ភ្នែក​​ខាង​​ស្តាំ។

វីអូឌី ព្យាយាម​ទាក់ទងលោក ភូ លិ តាម​ទូរសព្ទ និង​​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ចំនួន​ពីរ ​ដែល​មាន​ការ​បង្ហោះ​ថ្មីៗ​​កាល​ពី​សប្តាហ៍​មុន ប៉ុន្តែពុំមានការ​ឆ្លើយ​តប។

អ្នកនាំពាក្យ​រដ្ឋបាល​​​ខេត្តកែប លោកស្រី អ៊ុល ភីរុណ បាន​បដិសេធ​​ធ្វើ​អត្ថាធិប្បាយ​កាល​ពី​ថ្ងៃ​អង្គារ ហើយ​បាន​បង្វែរសំណួរ​ទៅ​អភិបាល​រង​ខេត្ត​ម្នាក់​ទៀត គឺលោក អ៊ឹម បញ្ញារិទ្ធ តែមិនអាចទាក់ទងបានឡើយ។ ​លោក ឈុន ច័ន្ទវ៉ាន់ថុន ប្រធានរដ្ឋបាល​ខេត្តកែប ​មិន​បានលើក​ទូរសព្ទ​ជាច្រើន​ដង​ ​កាលពី​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​។

លោកស្រី ប៊ុន រចនា នាយិកា​អង្គការ​ក្លាហាន​ បានស្វាគមន៍ចំពោះចំណាត់ការដកលោក ភូ លិ ចេញ​ពី​តំណែង ប៉ុន្តែលោកស្រី​ថា នេះគ្រាន់​តែជាជំហាន​ដំបូង​ប៉ុណ្ណោះ។ លោកស្រីបានជំរុញ​ដល់​​តុលាការ និងសមត្ថកិច្ច ចាត់វិធានការ​ទៅតាមផ្លូវច្បាប់ ដើម្បី​នាំខ្លួន​ជន​សង្ស័យ​យកមក​​ផ្តន្ទាទោស ដោយមិនចាំបាច់រង់ចាំពាក្យបណ្តឹងពីជនរងគ្រោះ។

លោកស្រី ប៊ុន រចនា បានមានប្រសាសន៍ថា៖ «ចំពោះបទល្មើសជាក់ស្តែងបែបនេះ ទោះបីជនរងគ្រោះមិនហ៊ាន​ដាក់ពាក្យបណ្តឹងក៏ដោយ ក៏ព្រះរាជអាជ្ញា និងនគរបាលយុត្តិធ​ម៌​នៅមូលដ្ឋាន ឬមន្ត្រីនគរបាលយុត្តិធម៌​នៅមន្ទីរកិច្ចការ​នារី​ខេត្ត​ អាចដើរតួនាទីជាដើមបណ្តឹង និងដាក់ពាក្យបណ្តឹង​​​ទៅ​​តុលាការ​បាន ហើយ​ជនរងគ្រោះអាចដាក់ពាក្យបណ្តឹង​ទាម​ទារ​សំណង​ផ្សេងៗ»។


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Fired Kep Deputy Governor Absconding After Assaulting Woman

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ