អតីតព្រះគ្រូសូត្រឆ្វេងគង់នៅវត្ដ «ទ្រព្យគរ» ស្ថិតនៅក្នុងស្រុកបាទី ត្រូវបានព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ ចោទប្រកាន់ជាផ្លូវការពីបទ «ហិង្សាដោយចេតនា» និងបន្តឃុំខ្លួនបណ្ណោះអាសន្ននៅពន្ធនាគារខេត្តនេះ ក្រោយពីរកឃើញថា បានប្រើប្រាស់ហិង្សាលើសាមណេរមួយព្រះអង្គ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។
អធិការរងនគរបាលស្រុកបាទី ខេត្តតាកែវ លោក ឃុត ឡូ បានប្រាប់ វីអូឌី កាលពីថ្ងៃសុក្រថា ក្រោយកើតហេតុ លោកបានដឹកនាំកងកម្លាំងចុះទៅទីតាំងជាក់ស្ដែង និងដោយពិនិត្យឃើញភស្តុតាង ក៏បានឃាត់ព្រះកាយព្រះសង្ឃដែលជាគ្រូសូត្រឆ្វេងវត្ត ទ្រព្យគរ ដើម្បីសួរចម្លើយនៅអធិការដ្ឋាននគរបាលស្រុក។ លោកបន្ដថា ក្រោយពីទទួលបានការសារភាពហើយ ទើបគណៈសង្ឃសម្រេចចាប់ផ្សឹកជនត្រូវចោទ ហើយកសាងសំណុំរឿង រួចបញ្ជូនទៅសាលាដំបូងខេត្ដតាកែវ ដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់កាលពីថ្ងៃទី២៧ ខែមករា។
លោកបន្ដថា៖«គេយកទៅឃុំខ្លួនដាក់គុកហើយ។ យើងចាត់ចែងតាមនីតិវិធីរួចហើយ»។
សារព័ត៌មានកោះសន្តិភាពបានចុះផ្សាយនៅថ្ងៃទី២៧ ខែមករាថា កាលពីថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០២៣ អតីតគ្រូសូត្រឆ្វេងដែលមានឈ្មោះ នួន ឆានី បានចាប់សាមណេរមួយព្រះអង្គ ហើយយកចានវាយលើព្រះកេសរបស់ព្រះអង្គ បណ្តាលឱ្យបែកព្រះកេសតែម្តង។ ក៏ប៉ុន្តែជនត្រូវចោទ បានសារភាពថា អ្វីដែលបានបង្កហិង្សាចំពោះជនរងគ្រោះ គឺគ្រាន់តែជាការអប់រំប្រៀនប្រដៅ វាមិនមែនជាការប្រើប្រាស់ហិង្សាទេ។
ប្រភពដដែលក៏បានលើកឡើងថា ទាំងព្រះគ្រូចៅអធិការវត្ត និងគណៈកម្មការអាចារ្យវត្ត ទ្រព្យគរ ដែលមានទីតាំងនៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ សុទ្ធតែបានឯកភាពថា សាមណេរព្រះនាម វុធ រងអំពើហិង្សាពិតមែន។
ជុំវិញរឿងនេះ ប្រធានលេខាធិការរដ្ឋបាលនៃសាលាដំបូងខេត្ដតាកែវ លោក ង៉ែត ដាវុធ បានបញ្ជាក់ប្រាប់ វីអូឌី ថា ព្រះរាជអាជ្ញាសាលាដំបូងបានចោទប្រកាន់លើអតីតព្រះគ្រូសូត្រឆ្វេងរួចហើយពីបទ«ហិង្សាដោយចេតនា» ហើយចេញដីការឱ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត មុននឹងបន្តបន្តវិធីទៀត។
លោកបន្ដថា៖«ព្រះរាជអាជ្ញាចោទពីបទ ហិង្សាដោយចេតនា។ នឹងបន្ដតាមផ្លូវច្បាប់ទៀត»។
ដោយឡែក អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បានលើកឡើងថា ករណីនេះ គណៈសង្ឃបានចាត់ចែងតាមច្បាប់សាសនារួចហើយ លោកមិនមានអ្វីត្រូវបកស្រាយបន្ថែមនោះទេ ដោយលោកថា បានចាប់ផ្សឹក និងបានបញ្ជូនខ្លួនទៅឱ្យអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់រួចរាល់ហើយដែរ។
លោកបន្តថា៖«គណៈសង្ឃលោកចាត់ចែងរួចហើយ ខ្ញុំអត់មានអីត្រូវបន្ថែមទេ»។
ស្រដៀងគ្នានេះដែរ អ្នកនាំពាក្យក្រសួងយុត្ដិធម៌ លោក ជិន ម៉ាលីន បានអះអាងថា តាមទិដ្ឋភាពច្បាប់ការប្រើប្រាស់អំពើហិង្សាគឺជាអំពើល្មើស ហើយអ្នកប្រព្រឹត្ដត្រូវតែទទួលទោសតាមផ្លូវច្បាប់។
លោកបន្តថា៖«ប៉ុន្ដែទទួលទោសកម្រិតណាវាអាស្រ័យលើតុលាការជាអ្នកពិនិត្យនឹងសម្រេចផ្អែកលើអង្គហេតុព្យសនកម្ម និងបច្ច័យកើតមាន»។
ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី សុខា យល់ឃើញថា ក្នុងនាមជាអង្គការសង្គមស៊ីវិលលោកគាំទ្រឱ្យមានការអប់រំ ដោយលោកថាកន្លែងណាក៏ត្រូវការអប់រំដែរ។ ប៉ុន្ដែលោកថាការប្រើប្រាស់អំពើហិង្សាដើម្បីអប់រំមិនមែនជារឿងត្រូវធ្វើ និងលើកទឹកចិត្ដនោះទេ។ លោកថា នេះមិនមែនទើបជាករណីទីមួយទេ មានករណីយកអំពើហិង្សាដើម្បីមកអប់រំផ្សេងទៀត តែលោកមិនគាំទ្រនោះទេ។
លោកបន្តថា៖«ខ្ញុំមិនគាំទ្រទេ ការប្រើប្រាស់ហិង្សាបែបហ្នឹង។ កាលណាប្រព្រឹត្ដបែបហ្នឹងវាទាក់ទងនឹងផ្លូវច្បាប់ហើយ»។
មាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀល ទៅ ៦ ០០០ ០០០ (ប្រាំមួយលាន) រៀល៕
ដោយលោក ជា រ៉ាយុទ្ធ