អង្គការសិទ្ធិមនុស្សនៅក្នុងតំបន់ និងអន្ដរជាតិ បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់ និងការគំរាមកំហែងលើអតីតមន្ដ្រីបក្សប្រឆាំងនៅតាមមូលដ្ឋាន បន្ទាប់ពីអតីតមន្ដ្រីបក្សប្រឆាំងមួយចំនួននៅខេត្តបាត់ដំបង ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺ។
ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១០ ខែឧសភា ដែល VOD ទើបតែទទួលបាននៅថ្ងៃនេះ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បានទាមទារឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បញ្ឈប់នូវរាល់ការវាយប្រហារ និងគំរាមកំហែងលើអតីតមន្ដ្រីបក្សប្រឆាំងសង្គ្រោះជាតិនៅខេត្តបាត់ដំបង ដែលរងការចោទប្រកាន់ជាបន្ដបន្ទាប់ថា បានធ្វើសកម្មភាពរំលោភបំពានសាលដីកាតុលាការកំពូល។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) អះអាងក្នុងសេចក្ដីសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ការចោទប្រកាន់ និងបំភិតបំភ័យលើអតីតមន្ដ្រីបក្សប្រឆាំង គឺធ្វើឡើងបន្ទាប់ពីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសអំពីគម្រោងធ្វើមាតុភូមិនិវត្តន៍នៅឆ្នាំ២០១៩។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សចាត់ទុកសកម្មភាពនេះថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនមានឆន្ទៈពិតប្រាកដក្នុងការស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា ក្រៅតែពីការពង្រឹងអំណាចរបស់ខ្លួននោះទេ។
ក្រៅពីនេះ APHR ក៏ទាមទារឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតដោយចំហរ និងឥតលម្អៀងទាក់ទងការស្លាប់របស់អតីតសមាជិកមន្ដ្រីគណបក្សសង្គ្រោះជាតិ លោក ទិត្យ រ៉ន នៅក្នុងពន្ធនាគារខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ខែមេសា ជុំវិញភាពមិនច្បាស់លាស់នៃករណីឃាតកម្មមួយនេះ។
គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ មនុស្ស ១១នាក់ក្នុងចំណោមមនុស្សចំនួន ២៦នាក់របស់អតីតគណបក្សប្រឆាំង ចូលឆ្លើយបំភ្លឺតាមដីកាកោះមកសាកសួររបស់តុលាការខេត្តបាត់ដំបងជុំវិញការចោទថា ពួកគេបានធ្វើសកម្មភាពបំពានទៅសាលដីការបស់តុលាការកំពូលពាក់ព័ន្ធនឹងការរំលាយអតីតបក្សប្រឆាំង។
ក្នុងសន្និសីទបិទបញ្ចប់ដំណើរបេសកកម្មមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី៩ ខែឧសភា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត បានជំរុញឲ្យរដ្ឋាភិបាលបើកចំហរសិទ្ធិសេរីភាពសង្គមស៊ីវិល និងសិទ្ធិនយោបាយបន្ថែមទៀត ដើម្បីស្របតាមគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕