មន្ត្រីនគរបាលជាតិខ្ពស់កម្ពុជា បានឲ្យដឹងថា សមត្ថកិច្ចកម្ពុជានៅមិនទាន់កំណត់បានទីតាំងនៃក្រុមជនជាតិចិន ដែលបានបង្ហោះវីដេអូគំរាមបង្កអសន្តិសុខនៅឯខេត្តព្រះសីហនុនៅឡើយទេរហូតមកដល់ថ្ងៃនេះ ខណៈដែលអ្នកឃ្លាំមើលបញ្ហាសង្គមកម្ពុជា បានទទូចទៅរដ្ឋាភិបាលឲ្យចាត់វិធានការឲ្យបានតឹងរឹងទៅលើជនជាតិចិនទាំងនោះ។
ក្នុងវីដេអូឃ្លីបរយៈពេលប្រហែល ១០វិនាទីមួយ ដែលត្រូវបានចែកចាយជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម បុរសម្នាក់ស្ថិតក្នុងចំណោមក្រុមបុរសជនជាតិចិនជាង ២០នាក់ បាននិយាយជាភាសាចិន ដែលត្រូវបានបកប្រែមកជាភាសាខ្មែរថា ពួកគេជាជនជាតិចិនមកពីទីក្រុងឆុងជីង នឹងបំពុលសន្តិសុខនៅឯខេត្តព្រះសីហនុ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិកម្ពុជា លោក ឆាយ គឹមខឿន បានប្រាប់ វី.អូ.ឌី នៅរសៀលថ្ងៃនេះថា សមត្ថកិច្ចកម្ពុជាកំពុងស៊ើបអង្កេតទៅលើករណីនេះ ប៉ុន្តែ លោកថា នគរបាលកម្ពុជានៅពុំទាន់កំណត់បានថា ក្រុមជនជាតិចិនទាំងនោះស្ថិតនៅទីណានៅឡើយនោះទេ។
អ្នកនាំពាក្យរូបនេះ បានឲ្យដឹងផងដែរថា សមត្ថកិច្ចកម្ពុជាក៏កំពុងតែសហការជាមួយសមត្ថកិច្ចចិនផងដែរ ប៉ុន្តែ លោកបដិសេធបកស្រាយលម្អិតអំពីរបៀបដែលសមត្ថកិច្ចកម្ពុជាសហការជាមួយនឹងសមត្ថកិច្ចចិន។
លោក ឆាយ គឹមខឿន ប្រាប់ថា៖ «សមត្ថកិច្ចមិនទាន់រកឃើញទេ ប៉ុន្តែ កំពុងដុតដៃដុតជើងស្រាវជ្រាវ ព្រោះវាមានវីដេអូបង្ហោះ។ សមត្ថកិច្ចបានរៀបចំសហការគ្នាបានយ៉ាងហ្មត់ចត់ ប៉ុន្តែ សហការរបៀបម៉េច បងអត់អាចជម្រាបជូនប្អូនបានទេ តែសហការរកទាល់តែឃើញ»។
ទាក់ទងនឹងវីដេអូនេះដែរ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានអះអាងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា សមត្ថកិច្ចចិនកំពុងយកចិត្តទុកដាក់ចំពោះបញ្ហានេះ ហើយក៏ជួយសម្របសម្រួលសម្រាប់ការស៊ើបអង្កេតរួមគ្នាធ្វើឡើងជាមួយសមត្ថកិច្ចកម្ពុជាផងដែរ។
ស្ថានទូតចិននៅកម្ពុជាបានបង្ហាញការសង្ស័យថា ក្រុមជនជាតិចិននៅក្នុងវីដេអូនោះ អាចមានជាប់ពាក់ព័ន្ធនឹងក្រុមសង្គមងងឹតណាមួយ។
ស្ថានទូតចិនប្រចាំកម្ពុជារៀបរាប់ថា៖ «ស្ថានទូតចិនប្រចាំកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ និងបានជួយសម្របសម្រួលដល់សមត្ថកិច្ចនៃប្រទេសចិន និងកម្ពុជា ដើម្បីបើកការស៊ើបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយលើបញ្ហាមួយនេះ។ ជឿជាក់ថា ការពិតនៃបញ្ហានេះ នឹងត្រូវបានលាតត្រដាងក្នុងពេលឆាប់ៗ»។
ប្រធានមជ្ឈមណ្ឌលពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គិមអេង បានលើកឡើងថា វីដេអូនៃក្រុមជនជាតិចិនទាំងនោះ បានបង្កភាពភ័យខ្លាចទៅដល់ប្រជាពលរដ្ឋ ហើយលោកជំរុញទៅរដ្ឋាភិបាលកម្ពុជាឲ្យចាត់វិធានការឲ្យបានតឹងរឹងទៅលើលំហូរចូលនៃជនជាតិចិនចូលមកក្នុងប្រទេសកម្ពុជា។
លោក យ៉ង់ គិមអេង ថ្លែងប្រាប់ថា៖ «ធ្វើការសិក្សាឱ្យបានស៊ីជម្រៅមុននឹងផ្ដល់គម្រោងអភិវឌ្ឍន៍ផ្សេងៗទៅដល់ឱ្យចិន ហើយនិងការទទួលទេសចរចិន ខ្ញុំថា គួរតែមានការប្រយ័ត្នប្រយែងក្នុងការប្រុងប្រយ័ត្នដែរ កុំឱ្យមានអ្នកប្រព្រឹត្តបទល្មើសឧក្រិដ្ឋ គួរតែ [ពិនិត្យ] ដែលថា តើអ្នកណាធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋនៅតាមបណ្ដាប្រទេសផ្សេងៗ បង្កបញ្ហានៅបណ្ដាប្រទេសផ្សេងៗ មិនគួរណាស្វាគមន៍គាត់ទេ»។
របាយការណ៍ចេញដោយក្រសួងមហាផ្ទៃកាលពីខែកញ្ញាឆ្នាំមុន បង្ហាញថា ជនជាតិចិននៅកម្ពុជាមានចំនួន ២១ម៉ឺននាក់ ក្នុងនោះ ជនជាតិចិនកំពុងរស់នៅខេត្តព្រះសីហនុមានច្រើនជាងគេរហូតដល់ទៅ ៧ម៉ឺន ៨ពាន់នាក់ (៧៨ ០០០នាក់)។
ដោយឡែករបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បង្ហាញផងដែរថា គិតត្រឹមខែតុលាឆ្នាំ២០១៨ ជនជាតិចិនដែលប្រព្រឹត្តខុសច្បាប់នៅកម្ពុជាមានចំនួន ៣៧៣នាក់ ក្នុងនោះមានស្រី ៦៦នាក់ ភាគច្រើនប្រព្រឹត្តបទល្មើស ២ប្រភេទ គឺបទល្មើសគំរាមជំរិត និងឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។
ក្នុងពិធីជួបជាមួយពលរដ្ឋខ្មែរនៅក្នុងប្រទេសស្វីស កាលពីថ្ងៃទី២៤ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវកុំឲ្យពលរដ្ឋព្រួយបារម្ភពីចំនួនជនជាតិចិននេះ។ លោក ហ៊ុន សែន អះអាងថា ចិនកំពុងតែបោះលុយវិនិយោគមកជួយសេដ្ឋកិច្ចរបស់កម្ពុជា ហើយថា ពលរដ្ឋចិននឹងត្រឡប់ទៅប្រទេសពួកគេវិញ ក្រោយពេលចប់ការងារ៕