ស្ថានទូតចិនប្រចាំកម្ពុជាអះអាងថា បុរសជនជាតិចិនមួយក្រុមដែលថតវីឌីអូនៅពេលថ្មីៗនេះព្រមានអុកឡុកក្រុងព្រះសីហនុ គឺដោយសារពួកគេស្រវឹងស្រា ហើយថតក្នុងគោលបំណងដើម្បីលេងសើចតែប៉ុណ្ណោះ។
សេចក្តីជូនដំណឹងរបស់ស្ថានទូតចិនកាលពីម្សិលមិញបញ្ជាក់ថា បុរសមួយក្រុមនោះពិតជា មកពីខេត្ត Chongqing ប្រទេសចិនមែន ប៉ុន្តែពួកគេមិនដែលជាប់ពាក់ព័ន្ធជាមួយក្រុមងងឹងបង្កបទឧក្រិដ្ឋអ្វីនោះទេ។
ស្ថានទូតចិន៖«ក្រោយការស៊ើបអង្កេតយ៉ាងម៉ត់ចត់របស់សមត្ថកិច្ចចិន រកឃើញថា វីដេអូនេះត្រូវបានថតដោយជនជាតិចិនមកពីទីក្រុង Chongqing ដែលបានមកធ្វើការនៅប្រទេសកម្ពុជាកាលពីខែមីនា ឆ្នាំនេះ ហើយក្រោយពីស្រវឹងស្រារួច ពួកគេបានថតវីដេអូមិនល្អបែបនេះ ដោយគ្រាន់ជាការលេងសើចប៉ុណ្ណោះ។ បុគ្គលទាំងឡាយនៅក្នុងវីដេអូនេះ មិនមានជាប់ពាក់ព័ន្ធនឹងសង្គមងងឹតណាមួយទេ។»
ប៉ុន្តែអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់ វី.អូ.ឌី កាលពីថ្ងៃពុធថា ជនជាតិចិនទាំងនោះមិននៅកម្ពុជាទេ ហើយថា វីឌីអូនោះ ជាវីឌីអូចាស់ដែលថតតាំងពីណាស់មកហើយ ប៉ុន្តែមិនដឹងពេលណានោះទេ។
ក្នុងវីដេអូឃ្លីបរយៈពេលប្រហែល១០វិនាទី ដែលត្រូវបានចែកចាយជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម បុរសម្នាក់ស្ថិតក្នុងចំណោមក្រុមបុរសជនជាតិចិនជាង ២០នាក់ បាននិយាយជាភាសាចិន ដែលត្រូវបានបកប្រែមកជាភាសាខ្មែរថា ពួកគេជាជនជាតិចិនមកពីទីក្រុងឆុងជីង នឹងបង្កភាពវឹកវរនៅខេត្តព្រះសីហនុ ក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ ។