សហភាពចលនាកម្មករកម្ពុជាលើកឡើងថា នៅព្រឹកថ្ងៃចន្ទនេះ មន្ទីរសម្រាកព្យាបាលមួយនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ មិនព្រមទទួលព្យាបាលកម្មការិនីម្នាក់ដែលសន្លប់ ដោយលើកឡើងថា កម្មការិនីរូបនេះឈឺញឹកពេក។
នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីកម្មការិនីម្នាក់ បម្រើការងារនៅរោងចក្រស្បែកជើង ជេ អិន ធី ស៊ូ (J N T Shoe) ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានដួលសន្លប់ ហើយត្រូវបានខាងក្រុមហ៊ុនបញ្ជូនទៅមន្ទីរសម្រាកព្យាបាល ជា សុខលឹម។ នេះបើតាមសហភាពចលនាកម្មករកម្ពុជា។
នៅពេលបញ្ជូនទៅដល់មន្ទីរសម្រាកព្យាបាលខាងលើ សហជីពចោទថា បែរជាត្រូវគ្រូពេទ្យ បដិសេធមិនទទួលព្យាបាល ដោយលើកហេតុផលថា កម្មការិនីរូបនោះឈឺញឹកញាប់ពេក។ បន្ទាប់ពីត្រូវមន្ទីរពេទ្យខាងលើបដិសេធមិនទទួលព្យាបាល ទើបកម្មការិនីរងគ្រោះដែលសន្លប់ត្រូវបានបញ្ជូនទៅរោងចក្រវិញ រួចក៏បញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យ មូលមិត្ត ជំនួសវិញ។
ប៉ុន្តែ លោក វេជ្ជបណ្ឌិត ជា សុខលឹម ប្រធានមន្ទីរសម្រាកព្យាបាល ជា សុខលឹម ច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថា លោកបានព្យាបាលកម្មការិនីរូបនេះច្រើនលើករួចហើយ។ ប៉ុន្តែ លោកថា កម្មការិនីរូបនេះ មានបញ្ហាជំងឺបេះដូងហួសពីសមត្ថភាពលោក ទើបណែនាំឱ្យប្រើប័ណ្ណ ប.ស.ស ព្យាបាលពីពេទ្យជំនាញនៅពេទ្យកាល់ម៉ែត្រ។
លោក ជា សុខលឹម៖ « អត់មានហេតុផលរឿងអស់លុយទេ ខ្ញុំ!ខាងខ្ញុំគឺខាងដៃគូ ប.ស.ស ទាំងអស់មិនមានអ្នកណារិះគន់ខាងខ្ញុំទេ ព្រោះខ្ញុំព្យាយាមព្យាបាលគាត់មិនគិតរឿងអស់លុយ ឬអស់ថ្នាំច្រើនទេ។ សំខាន់គាត់ស្រួលខ្លួន អ្នកព្យាបាលកន្លែងខ្ញុំគេងប៉ុន្មានថ្ងៃ ប៉ុន្មានម៉ោងក៏ដោយ គឺទាល់តែគាត់ស្រួលខ្លួនទើបឱ្យចេញ។ អត់និយាយរឿងគាត់ប្រើសេវាច្រើន ឈឺញឹក អស់លុយច្រើនទេ។ ខ្ញុំអត់បានប្រើពាក្យហ្នឹងទេ សំខាន់គាត់ឈឺច្រើនឱ្យទៅរកមូលហេតុពិតនៅមជ្ឈមណ្ឌលបេះដូង។»
លោកវេជ្ជបណ្ឌិត ជា សុខលឹម បញ្ជាក់ថា ស្ថាប័នរបស់លោកបានចុះកិច្ចព្រមព្រៀងជាដៃគូជាមួយ ប.ស.ស តាំងពីឆ្នាំ២០១៣មក។ លោកថា កន្លែងលោកទទួលព្យាបាលកម្មករ-កម្មការិនីជាបន្តបន្ទាប់មិនដែលមានបញ្ហាអ្វីទេ។