អភិបាលខេត្តកំពត អះអាងថា ខ្លួនកំពុងស្វែងរកអ្នកដែលទៅបោះបង្គោលលើផ្ទៃសមុទ្រទំហំជាង ១ ហិកតា នៅតំបន់ភ្នំដូង ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។
អភិបាលខេត្តកំពត លោក ជាវ តាយ ប្រាប់ វី.អូ.ឌី ថា លោកបានឱ្យក្រុមការងារខេត្តចុះទៅពិនិត្យស្រាវជ្រាវនៅទីតាំងដីនោះហើយ ប៉ុន្តែ លោកសុំមិនផ្ដល់ព័ត៌មានលម្អិតចំពោះរឿងនេះ។
លោកថា៖ «ខ្ញុំកំពុងឱ្យក្រុមការងារមួយពាក់ព័ន្ធនឹងតំបន់ឆ្នេរ អ៊ីចឹងបានលទ្ធផល ចាំខ្ញុំជម្រាបជូនក្មួយវិញ ឥឡូវកំពុងស្រាវជ្រាវ»។
ប្រធានមន្ទីរសុរិយោដីខេត្តកំពត លោក យិន វុឌ្ឍ ទទួលស្គាល់ថា ពិតជាមានការប្រកាសលក់ដីសមុទ្រទំហំជាង ១ហិកតាពិតមែន។ នៅពេលសួរថា តើស្ថាប័នណាជាអ្នកចេញប្លង់កម្មសិទ្ធិឱ្យនោះ លោក យិន វុធ សុំមិនធ្វើអត្ថាធិប្បាយលម្អិត ដោយថា រង់ចាំលទ្ធផលរបស់ក្រុមការងារចុះទៅពិនិត្យសិន។
លោកថា៖ «អញ្ចេះការងារហ្នឹង! ខ្ញុំអត់ទាន់បំភ្លឺបានទេ ដោយសារ ក្រុមការងារខេត្ត និងមន្ទីរពាក់ព័ន្ធបានចុះទៅហើយ កំពុងធ្វើរបាយការណ៍ រាយការណ៍ជូនខេត្ត។ ពាក់ព័ន្ធ [ប្លង់] ខ្ញុំអត់ទាន់ច្បាស់ទេ ចាំមើលគេធ្វើរបាយការណ៍មកសិន»។
លោក កែវ សុជាតិ ប្រធានក្រុមហ៊ុន ប៊្លូស្តា រៀលធី អេន ឌីវេឡុបមេន ខូអិលធីឌី [BLUE STAR REAL ESTATECo.,Ltd] ដែលទទួលផ្សព្វផ្សាយ និងលក់អចលនទ្រព្យ មានប្រសាសន៍ថា ដីជាង ១ហិកតា ដែលក្រុមហ៊ុនបានដាក់លក់នោះ មិនមែនជារបស់ក្រុមហ៊ុនទេ គឺមានម្ចាស់ផ្សេង។ លោកបន្តថា ក្រុមហ៊ុនរបស់លោកគ្រាន់តែជាអ្នកផ្សព្វផ្សាយលក់ដីខាងលើនេះ ហើយថាការលក់នេះ ដោយសារ ម្ចាស់ដីបានអះអាងថា មានប្លង់រឹងត្រឹមត្រូវ។
លោកថា៖ «គាត់ឱ្យខ្ញុំជួយផ្សព្វផ្សាយលក់ សំអាងមានប្លង់ [រឹង] មានអីអ៊ីចឹង បានយើងខំផ្សព្វផ្សាយ ធម្មតាបើអត់ប្លង់អត់អី ក៏យើងអត់ហ៊ានផ្សព្វផ្សាយដែរ។ គាត់ប្រាប់ខ្ញុំថា រូបភាពហ្នឹង មានទឹកជោរ ទឹកនាច កាលថតទៅឱ្យ ប្រហែលជាទឹកនាច ទឹកជោរអ៊ីចឹងណា។ ប្លង់ហ្នឹងចេញយូរដែរ ហើយចាំមើលខ្ញុំឆែកមើលសិនថាប៉ុន្មានឆ្នាំ។ បង្គោលហ្នឹង ម្ចាស់ដីគេបោះយូរហើយ យើងអត់មានទៅពាក់ព័ន្ធ [ជាមួយដីហ្នឹងទេ] ក្រុមហ៊ុនណាហ៊ានទៅបោះបង្គោលអ៊ីចឹង។ ខ្ញុំគ្រាន់តែផ្សព្វផ្សាយឱ្យទេ»។
លោក កែវ សុជាតិ បន្តថា ក្រោយពីមានការរិះគន់ចំពោះរឿងនេះ ក្រុមហ៊ុនរបស់លោកក៏ស្នើសុំម្ចាស់ដីផ្អាកឈប់ផ្សព្វផ្សាយលក់ដីនោះបន្តទៀត។
វី.អូ.ឌី មិនទាន់អាចសុំការឆ្លើយបំភ្លឺពីម្ចាស់ដីឈ្មោះ សុវណ្ណារ៉ា បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងជាប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ស្នើឱ្យអភិបាលខេត្ត និងស្ថាប័ន្ធពាក់ព័ន្ធធ្វើការបំភ្លឺជុំវិញការបោះបង្គោលលើផ្ទៃសមុទ្រនេះ ដោយក្រុមហ៊ុនអចលនទ្រព្យដែលដាក់លក់ដីនោះថាមានប្លង់រឹង ប៉ុន្តែ បើមិនដូច្នេះលោក នឹងចុះទៅស៊ើបអង្កេតករណីនេះដោយផ្ទាល់។
លោក៖ «តើឈរលើមូលដ្ឋានអ្វី បានឱ្យប្លង់រឹងទៅអ្នកដែលបោះបង្គោលលើសមុទ្រ? ហើយមានប្លង់រឹងមែនអត់? ហើយបើមាន សុំបង្ហាញ ហើយបើអត់ ក៏សុំបង្ហាញពីហេតុផល។ បើអត់ប្លង់រឹង ហេតុអីបានបោះបង្គោលលាតសន្ធឹងចូលសមុទ្រ។ អ៊ីចឹង អាជ្ញាធរបានតួនាទីអនុវត្តច្បាប់ទៅលើជនទាំងអស់ហ្នឹងអត់? ចៀសវាងករណីអ៊ីចឹង ទប់ស្កាត់ការចាក់ដីអនាធិបតេយ្យ ដីធ្លីនៅព្រះរាជាណាចក្រកម្ពុជា»។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់រូបនេះ ឲ្យដឹងថា ការចាក់ដីចូលសមុទ្រនេះ ក្នុងខេត្តកំពត មិនមែនមានតែនៅតំបន់ដូង សង្កាត់ត្រើយកោះនោះទេ លោកថា ករណីនេះក៏កើតមាននៅទីតាំងផ្សេងទៀតដែរ។
កាលពីថ្ងៃទី១៨ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាបន្ទាន់មួយ ឲ្យក្រសួងរៀបចំដែនដី ចាត់វិធានការកាយដីចេញពីឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចេញវិញ បន្ទាប់រកឃើញថា ឆ្នេរសមុទ្រមួយនេះ ត្រូវបានចាក់ដីលុបពីសំណាក់ក្រុមហ៊ុនរបស់អ្នកស្រី ជឹង សុភាព ភរិយារបស់លោក ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា៕