មេធាវី​ខកចិត្ត​ការដែលតុលាការខេត្ត​បាត់ដំបង​លើកពេល​សួរ​កូន​ក្តី​មិន​ជូនដំណឹង​មុន​

លោក សំ សុគង់ សហមេធាវីការពារក្ដី។

មេធាវី​ការពារ​ក្តី​ឱ្យ​អតីតមន្ត្រី​បក្ស​ប្រឆាំង​ លោក​ សំ​ សុ​គង់​ បាន​បង្ហាញ​ការ​ខកចិត្ត​ទៅ​នឹង​តុលាការខេត្ត​បាត់ដំបង​ ដែល​បាន​លើកពេល​សាកសួរ​កូន​ក្តី​ ដោយ​មិនជូនដំណឹង​មុន​តាម​នីតិវិធី​ ដោយ​ថា​បាន​ប៉ះពាល់ការបំពេញការងារដើម្បី​ជីវភាព​ប្រចាំថ្ងៃ​របស់​កូន​ក្តី​។

លោក​ សំ​ សុ​គង់​ ឱ្យ​ VOD​ ដឹង​នៅ​ថ្ងៃសុក្រ​នេះ​ ថា​ ការ​លើកពេល​ដោយ​មិនបាន​ជូនដំណឹង​ជាមុន​បែបនេះ ​បាន​ប៉ះពាល់​ដល់​ជីវភាព​កូន​ក្តី​លោក​ ដែល​ថា​ បាន​ចំណាយ​ទាំង​ពេលវេលា​ ទាំង​ថវិកា​ ដើម្បី​មក​បង្ហាញខ្លួន​នៅ​តុលាការ​តាម​ដីកាកោះ​។

លោក​ថា​៖ «នីតិវិធី​ច្បាប់​ត្រូវ​ជូនដំណឹង​មុន​ ៣ថ្ងៃ​ ឬ៥ថ្ងៃ​ ដើម្បី​ឱ្យ​ពួកគាត់​បានដឹង​ និង​មាន​ពេលវេលា​គ្រប់​ដើម្បី​កុំ​ឱ្យ​ចំណាយ​ថវិកា​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​»។

បើ​តាម​មេធាវី​ កូន​ក្តី​ដែល​ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃនេះ​មាន៩នាក់​ ពួកគេ​នៅ​ស្រុក​មោងឫស្សី​ ដែល​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​នេះ​គឺ​លោក​ គឺ​ ប៉ុណ្ណា​រ៉ា​ ចេញដីកាកោះ​ហៅ​ ពាក់ព័ន្ធ​ទៅ​ការ​ចោទ​ថា​ បំពាន​សាលដីកា​តុលាការ​កំពូល​ចុះ​ថ្ងៃទី១៦ ខែវិច្ឆិកា ​ឆ្នាំ២០១៧​។

មេធាវី​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា​ ពេល​កូន​ក្តី​មកដល់​មុខ​តុលាការ​ ទើប​ក្រឡាបញ្ជី​ប្រាប់​ថា​ ដំណើរការ​សាកសួរ​ទាញ​យក​ចម្លើយដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃសុក្រ​នេះ ​ត្រូវ​ពន្យា​រពេល​ដោយ​មិនកំណត់​​។

វី.អូ.ឌី មិនទាន់អាចសុំការបកស្រាយពីតំណាងសាលាដំបូងខេត្តបាត់ដំបង ជុំវិញការចោទថា ពន្យារពេលសវនាការខុសនីតិវិធីនេះទេ។​

អតីតមន្ត្រី​ជាប់ឆ្នោត​បក្ស​ប្រឆាំង​ខេត្តបាត់ដំបង​ ៣៥នាក់​ ត្រូវ​បាន​តុលាការខេត្ត​នេះ​ កោះហៅ​ក្នុង​នោះ២៦នាក់​ តុលាការ​បាន​សួរ​រួចហើយ​ រួម​មាន​ទាំងអតីត​ប្រធានប្រតិបត្តិ​ខេត្ត​ លោក​ ជា​ ជីវ​ អតីត​ចៅ​សង្គា​ត់​អូ​ចារ​ កញ្ញា​ ស៊ិន​ចាន់​ពៅ​ រ៉ូហ្សេ​ត ជាដើម​។

តំណាង​អង្គការសហប្រជាជាតិ ​និង​សហរដ្ឋ​អាមេរិក​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ប្រហាក់​ប្រហែលគ្នា​នៅ​សប្តាហ៍​មុន​ ឱ្យ​បញ្ឈប់​ការគំរាមកំហែង​ទៅលើ​បក្ស​ប្រឆាំង​ និង​ទាមទារ​ឱ្យ​ដោះលែង​អតីត​មេ​បក្ស​នេះ​ លោក​ កឹម​ សុខា​ ដើម្បី​ធានា​ពី​ដំណើរការ​ប្រជាធិបតេយ្យ​ឡើងវិញ​តប​តាមច្បាប់​អន្តរជាតិ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​។ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ