គណបក្សមួយមិនមានអង្គបោះឆ្នោតស្នើ គ.ជ.ប រៀបចំឱ្យមានគណបក្សចម្រុះនៅថ្នាក់ក្រោមជាតិ

តំណាងគណបក្សឆន្ទៈខ្មែរ លោក តុល ប្រាសាទ នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការ គ.ជ.ប ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ (រូបភាព៖ FN/ Screenshot)

តំណាងគណបក្សឆន្ទៈខ្មែរជាគណបក្សដែលមិនមានអង្គបោះឆ្នោត បានស្នើទៅ គ.ជ.ប ជួយរៀបចំយ៉ាងណាឱ្យមានតំណាងគណបក្សចម្រុះនៅថ្នាក់ក្រោមជាតិ ដោយលោកថា ដើម្បីជំរុញឱ្យដំណើរការលទ្ធិប្រជាធិបតេយ្យកាន់តែប្រសើរឡើង។​​

ការស្នើសុំនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាថ្ងៃនេះ ក្រោយពីបិទបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌអាណត្តិទី៣។

តំណាងគណបក្សឆន្ទៈខ្មែរ  លោក តុល ប្រាសាទ បានប្រាប់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា មូលហេតុដែលគណបក្សលោកចូលរួមការបោះឆ្នោតនេះគឺ ដើម្បីជំរុញឱ្យលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាដំណើរការកាន់តែប្រសើរជាងមុន។ លោកបន្តថា គណបក្សលោកមិនមានអង្គបោះឆ្នោតទេ ប៉ុន្តែ នៅតែសម្រេចចិត្តចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ ករណីនេះ លោកស្នើឱ្យ គ.ជ.ប ជួយរៀបចំឱ្យមានគណបក្សនយោបាយចម្រុះនៅថ្នាក់មូលដ្ឋាន ។

លោក តុល ប្រាសាទ៖ «​សង្ឃឹមថា នឹងមានពហុបក្សថ្នាក់ក្រោមជាតិចាប់ពីថ្ងៃនេះតទៅ មិនដឹងថា ខាង គ.ជ.ប លោកពិចារណាយ៉ាងណាទេ ក៏ដូចជា គណបក្សដែលលោកបានឈ្នះឆ្នោតដែរ ពីព្រោះដឹងហើយ គណបក្សឆន្ទៈខ្មែរ ពុំមានអង្គបោះឆ្នោតទេ ហេតុអីក៏ព្យាយាមតស៊ូចូលរួម។ អ៊ីចឹង សុំទទូចឱ្យមានពហុបក្សថ្នាក់ក្រោមជាតិ តែចំណាត់ការយ៉ាងណាគឺសុំការសម្រេចនៅថ្ងៃអនាគតចុះ»។

គណបក្សនយោបាយចំនួន៧ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតនេះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សសញ្ជាតិកម្ពុជា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ