របាយការណ៍បង្ហាញថា ចំនួនភ្ញៀវទេសចរបរទេសដែលចូលទស្សនារមណីយដ្ឋានអង្គរក្នុងខេត្តសៀមរាប បានធ្លាក់ចុះប្រមាណ ៧ភាគរយ ក្នុងរយៈពេល ៥ខែដើមឆ្នាំកន្លងមកនេះ ដែលនេះគឺជាការធ្លាក់ចុះជាលើកដំបូងចាប់តាំងពីតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះ ត្រូវបានមកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជនរបស់រដ្ឋ។
របាយការណ៍គ្រឹះស្ថានអង្គរចេញផ្សាយកាលពីថ្ងៃទី១ ខែមិថុនាកន្លងទៅនេះ បានបង្ហាញថា តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអង្គរទទួលបានភ្ញៀវទេសចរចូលទៅទស្សនាចំនួនជាង ១.១១លាននាក់ នៅចន្លោះពីខែមករា ដល់ខែឧសភាក្នុងឆ្នាំនេះ ដោយបានធ្លាក់ចុះ ៧.៣២ភាគរយ បើធៀបនឹងតួលេខក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើតាមរបាយការណ៍ដដែល ប្រាក់ចំណូលបានមកពីការលក់សំបុត្រក៏មានធ្លាក់ចុះផងដែរ គឺរកបានទឹកប្រាក់ចំនួនជាង ៥០លានដុល្លារអាមេរិក (៥០ ៣១២ ៨៤៧ដុល្លារអាមេរិក) ឬធ្លាក់ចុះ ៨,៥១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
មន្ដ្រីផ្នែករដ្ឋបាលរបស់គ្រឹះស្ថានអង្គរ លោក ហុក សេង ប្រាប់ VOD ថា នេះគឺជាឆ្នាំដំបូងដែលភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរមានការធ្លាក់ចុះ ចាប់តាំងពីរដ្ឋាភិបាលដកហូតសិទ្ធិគ្រប់គ្រងពីក្រុមហ៊ុនឯកជន មកគ្រប់គ្រងដោយខ្លួនឯង កាលពីឆ្នាំ២០១៦។
លោកប្រាប់ថា មូលហេតុចំបងនៃការធ្លាក់ចុះនេះ គឺដោយសារភ្ញៀវទេសចរបរទេសចង់ប្ដូរដំណើរកម្សាន្ដនៅតំបន់ផ្សេងក្នុងប្រទេសកម្ពុជា និងទៅកាន់ប្រទេសដទៃទៀត។
លោកបន្ដថា៖ «មិញខាងជំនាញគាត់ប្រាប់មកថា ការធ្លាក់ចុះនេះ តាំងពីការគ្រប់គ្រងរបស់រដ្ឋមក ការធ្លាក់ចុះនេះ ជាការធ្លាក់ចុះលើកដំបូង វាខុសពីឆ្នាំដំបូង ឆ្នាំ២០១៧ ឆ្នាំ២០១៨ វាមានការកើនឡើង»។
វី.អូ.ឌី បានទាក់ទងប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ប៉ុន្ដែ លោកចុចបិទទូរស័ព្ទ។
អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក តុប សុភ័ក បានឲ្យដឹងថា ការធ្លាក់ចុះនេះ គឺជាចរន្ដមួយដែលភ្ញៀវទេសចរបរទេសបានប្ដូរគោលដៅទេសចរណ៍របស់ពួកគេពីតំបន់រមណីយដ្ឋានអង្គរ ទៅទស្សនានៅតំបន់ផ្សេងទៀតក្នុងប្រទេសកម្ពុជា ប៉ុន្តែ លោកអះអាងបន្ថែមថា កំណើនភ្ញៀវទេសចរបរទេសសរុបនៅទូទាំងប្រទេស មិនមានការថយចុះនោះទេ។
លោក តុប សុភ័ក មានប្រសាសន៍ថា៖ «នៅសៀមរាបមានការថយចុះបន្ដិចមែន ប៉ុន្ដែ យើងមានការកើនឡើងនៅតំបន់ឆ្នេរ និងតំបន់ភូមិភាគឦសាន។ អ៊ីចឹង មានន័យថា ចរន្ដទេសចរណ៍វាវិល វាមិនអាចថា ទៅមួយកន្លែងៗបានទេ។ គាត់អាចងាកពីការមើលប្រាសាទបុរាណនៅតំបន់អង្គរ គាត់ទៅមើលតំបន់មាត់សមុទ្រ ហើយមួយចំនួនទៀត ក៏គាត់ទៅតំបន់ភូមិភាគឦសានដែរ ខាងរតនគីរី មណ្ឌលគីរី ខាងអេកូទេសចរណ៍»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន បានបន្ទោសការធ្លាក់ចុះនៃកំណើនភ្ញៀវទេសចរបរទេសនេះទៅលើកត្ដាចំនួន៣ គឺការកាត់បន្ថយជើងហោះហើរពីចិនមកកម្ពុជា ឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម និងលទ្ធភាពប្រកួតប្រជែងរបស់កម្ពុជាជាមួយនឹងប្រទេសជិតខាង។
អ្នកស្រីក៏ជំរុញឲ្យរដ្ឋាភិបាលរិះរកមធ្យោបាយដោះស្រាយ ដើម្បីបង្កើនកំណើនភ្ញៀវទេសបរទេសចូលមកប្រទេសកម្ពុជាបន្ថែមទៀត និងដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង។
អ្នកស្រីបន្ដថា៖ «អ្នកគ្រប់គ្រងផ្នែកព្រលានយន្ដហោះ គាត់ទើបឡើងថ្មី អ៊ីចឹងទៅគាត់ចាប់ផ្ដើមកាត់បន្ថយខ្លះ ព្រោះថា ជើងហោះហើរនៅប្រទេសចិនមានការចេញច្រើនពេក។ គាត់គិតថា គាត់គ្រប់គ្រងឲ្យបានសិន បានគាត់ឲ្យដំណើរការឡើងវិញ។ ហើយយើងក្រឡេកមើលប្រទេសជិតខាងរបស់យើង ស្របពេលគេបាន Promote រួមគ្នាជើងហោះហើរបស់គេ ឃើញកញ្ចប់របស់គេរាងថោកជាងរបស់យើង ហើយគេក៏មានគោលដៅថ្មី»។
របាយការណ៍ក្រសួងទេសចរណ៍ដែលចេញផ្សាយកាលពីចុងខែមករាកន្លងទៅនេះ បង្ហាញថា កាលពីឆ្នាំ២០១៨ ភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជា មានប្រមាណ ៦.២លាននាក់ ពោលគឺកើនឡើង ១១ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ដែលមានចំនួន ៥.៦លាននាក់។
របាយការណ៍ដដែលបង្ហាញផងដែរថា ភ្ញៀវទេសចរចិនឈរនៅលំដាប់ទី១ ហើយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងឈរនៅលេខរៀងបន្ដបន្ទាប់។ ក្នុងចំណោមភ្ញៀវទេសចរបរទេសប្រមាណ ៦.២លាននាក់នោះ ភ្ញៀវទេសចរចិន មានប្រមាណ ២លាននាក់ ពោលគឺកើនឡើង ៧០ភាគរយ ក្នុងឆ្នាំ២០១៨។
ការកើនឡើងនៃភ្ញៀវទេសចរចិននេះ គឺដោយសារចិនបានបង្កើនជើងហោះច្រើនមកកម្ពុជា ដោយមានក្រុមហ៊ុនអាកាសចរចិនចំនួន១២ ដែលក្នុងមួយសប្តាហ៍ មានការហោះហើរមកកម្ពុជាចំនួន២០៧ជើង៕