រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអំពាវនាវជាថ្មីឲ្យប្រជាពលរដ្ឋ និងអ្នកបើកបរបង្កើនការប្រុងប្រយ័ត្ន ដោយថា ចំនួនអ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើនឡើងជាលំដាប់ និងឈានដល់កម្រិត «ប្រកាសអាសន្ន»។
ថ្លែងក្នុងទិវាសប្តាហ៍ជាតិស្ដីពីសុវត្ថិភាពចរាចរណ៍លើកទី១២ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស ខេង កត់សម្គាល់ថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មិនមានការថយចុះនោះទេ។ លោក ស ខេង បានបន្ទោសបញ្ហានេះទៅលើការបើកបរដោយធ្វេសប្រហែស និងស្ថិតក្នុងភាពស្រវឹង ការមិនគោរពច្បាប់ចរាចរណ៍ និងការបើកបរដោយគ្មានសីលធម៌។
ក្នុងពិធីនេះផងដែរ លោក ស ខេង ក៏បញ្ជាឲ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរចរណ៍ផ្លូវគោកពង្រឹងយន្ដការដែលមានស្រាប់ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ អនុវត្តច្បាប់ចំពោះអ្នកបើកបរស្ថិតក្នុងភាពស្រវឹង និងការបើកបរបង្កឲ្យមនុស្សស្លាប់ ជាពិសេសហាមឃាត់ការនាំចូលរថយន្ដខុសច្បាប់ពីប្រទេសជិតខាង។
លោក ស ខេង ថ្លែងថា៖ «កិច្ចការរបស់យើងបង្កើនការត្រួតពិនិត្យ និងដោះស្រាយតាមតួនាទីភារកិច្ចរបស់អនុគណៈកម្មាធិការ និងលេខាធិការដ្ឋាន និងអនុគណៈកម្មាធិការនីមួយៗ។ ពីព្រោះនេះគឺជាការប្រកាសអាសន្នមួយហើយ ចំនួនវាមិនថយចុះ ខ្ញុំតាមដានរាល់ថ្ងៃ មិនដែលខានទេ។ បើថា មួយថ្ងៃ២ មួយថ្ងៃ៣អី អត់អីទេ សប្បាយចិត្ត តែបើកឡើងឃើញមួយថ្ងៃ១០នាក់ មួយថ្ងៃ៩នាក់ ឬមួយថ្ងៃ ៨នាក់ ថ្ងៃខ្លះជាង១០ទៅទៀត អាហ្នឹងគឺបញ្ហា»។
លោក ស ខេង ឲ្យដឹងទៀតថា នៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៩ គឺចាប់ពីខែមករា ដល់ខែមីនា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១០៧៦លើក កើនឡើង ២៥៧លើក ឬកើនឡើង ៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើតាមលោក ស ខេង ក្នុងរយៈពេល៣ខែដើមឆ្នាំនេះ អ្នកស្លាប់មានចំនួន ៥១៣នាក់ ឬកើនឡើង៣៣នាក់ ឬស្មើនឹង ៧ភាគរយ និងអ្នករងរបួសមានចំនួន ១៥៩២នាក់ កើនឡើង ៣៥៨នាក់ ឬស្មើនឹង ២៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រធានស្ដីទីវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក គង់ រតនៈ ផ្ដល់ជាអនុសាសន៍ចំនួន៣ គឺបង្កើនការអប់រំ និងផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹងបន្ថែមទៀតពីច្បាប់ចរាចរណ៍ រៀបចំស្ថានភាពផ្លូវ ដើម្បីកុំឲ្យអ្នកបើកបរបើកលើសល្បឿនកំណត់ (វិស្វកម្មផ្លូវថ្នល់) និងរឹតបន្ដឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់។
ម្យ៉ាងទៀត លោកក៏ជំរុញឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ដោយមានតម្លាភាព និងលុបបំបាត់មន្ដ្រីខិលខូចមួយចំនួន ដែលមិនបានបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវ។
លោក បន្ដថា៖ «ពង្រឹងនូវការអនុវត្តច្បាប់ យើងមានដល់ការផាកពិន័យរហូតដល់ការដកបណ្ណបើកបរ ឬកសាងសំណុំរឿងបញ្ជូនទៅ បើសិនជាគាត់បង្កបញ្ហាធ្ងន់ធ្ងរទាក់ទងនឹងចរាចរណ៍។ […] ហើយមន្ដ្រីមួយចំនួនទៀត ដែលយើងគិតថា ជាមន្ដ្រីខិលខូចគឺនៅតែមានដែរ ពីព្រោះពួកគាត់ព្យាយាមកេងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន»។
របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈបង្ហាញថា នៅឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សជិត ១៨០០នាក់ (១ ៧៦១នាក់) និងបណ្ដាលឲ្យពលរដ្ឋរងរបួសធ្ងន់ និងស្រាលចំនួន ៤ ៧៧០នាក់។
ករណីនេះ អាជ្ញាធរបានរកឃើញមូលហេតុចំនួន៣ គឺចំនួនប្រជាជន និងយាន្តជំនិះច្រើន ជាពិសេសការបើកបរស្ថិតនៅក្នុងស្ថានភាពស្រវឹង ដែលជាកត្តាចម្បងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ៕