លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកយកបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBAទៅពិភាក្សាជាមួយប្រទេសជាសមាជិករបស់សហភាពអឺរ៉ុប ក្នុងអំឡុងពេលដែលលោកទៅបំពេញទស្សនកិច្ចនៅក្នុងតំបន់នោះ។
កាលពីថ្ងៃទី១៣ខែមិថុនា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានជួបជាមួយនាយរដ្ឋមន្ត្រីហុងគ្រី ពិភាក្សាពីការរឹតចំណងមិត្តភាពលើផ្នែកនយោបាយការបរទេស និង ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានលើកឡើងពីបញ្ហាប្រពន្ធអនុគ្រោះពន្ធផងដែរ។
ហ្វេសប៊ុកនាយករដ្ឋមន្ត្រី៖«ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ទាក់ទិនទៅនិងសភាពការណ៍នៅសហភាពអឺរ៉ុប ពិសេសក្រោយពីការបោះឆ្នោតសភា កាលពីពេលថ្មីៗកន្លងទៅ ពិសេសទៅទៀតសម្តេចតេជោក៏បានលើកការពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទាក់ទិនទៅនឹងគោលជំហរនិងទស្សនៈរបស់ហុងគ្រី ពាក់ព័ន្ធទៅនិងគោលនយោបាយរបស់ សហភាពអឺរ៉ុប ពិសេសពាកព័ន្ធទៅនិងបញ្ហាEBA។»
តាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីហ៊ុងគ្រី លោក Viktor Orbán ប្រកាសជំហរគាំទ្រកម្ពុជា បើទោះជាកម្ពុជាមានការខ្វែងគំនិតគ្នាជាមួយអឺរ៉ុបលើបញ្ហាEBAក៏ដោយ។