លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បាននាំចៅស្រីរបស់លោកចូលក្នុងក្រុមគណៈប្រតិភូរបស់កម្ពុជា ក្នុងពេលដែលជួបជាមួយមេដឹកនាំប្រទេសនៅអឺរ៉ុបដើម្បីពិភាក្សាកិច្ចការរបស់ប្រទេសជាតិ ដែលលោកថា ដើម្បីឱ្យចៅស្គាល់របៀបធ្វើការរបស់ថ្នាក់ដឹកនាំប្រទេស។
នៅក្នុងហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី១៤ខែកុម្ភះអំឡុងពេលលោកបំពេញទស្សនកិច្ចនៅអឺរ៉ុប លោកបានបង្ហាញរូបចៅស្រី ហើយថា នឹងនាំចូលក្នុងក្រុមគណៈប្រតិភូ ដើម្បីសម្តែងការគួរសមជាមួយមេដឹកនាំហុងគ្រី។
លោកហ៊ុនសែន៖«ចៅស្រីខ្ញុំនឹកជីតាពេកខំជិះយន្តហោះមករង់ចាំជីតានៅប្រទេសហុងគ្រី។
ព្រឹកនេះនាំចៅចូលក្នុងគណៈប្រតិភូសំដែងការគួរសមជាមួយប្រធានាធិបតីយនិងប្រធានសភាហុងគ្រីដើម្បីអោយចៅស្គាល់ពីរបៀបធ្វើការរបស់ថ្នាក់ដឹកនាំប្រទេស។»
នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំកម្ពុជា និង ហុងគ្រីនេះ មានការពិភាក្សាពី ការពង្រឹងទំនាក់ទំនងផ្នែកនយោបាយការបរទេសរួមទាំងការបើកស្ថានទូតនិង ការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច។ នៅក្នុងជំនួបនោះកម្ពុជាបានជជែកពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBAផងដែរ។