អធិការស្រុកលើកដែកខេត្តកណ្ដាលឱ្យដឹងថា សមត្ថកិច្ចបានបញ្ជូនជនសង្ស័យចំនួន ៤នាក់ទៅស្នងការរដ្ឋាននៅថ្ងៃនេះ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម ពាក់ព័ន្ធការចោទថា ដាក់ថ្នាំញៀនលាយស្រាឱ្យស្ត្រីម្នាក់ផឹករហូតដល់ស្លាប់។
អធិការស្រុកលើកដែក លោក អាំង ធូ ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះថា សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង ៤នាក់មកកាន់ស្នងការខេត្ត ដើម្បីសាកសួរបន្ថែមទៀត ជុំវិញករណី មន្ត្រីទាំងនោះបានប្រើថ្នាំញៀនលាយស្រាឱ្យស្ត្រីបម្រើការនៅខារ៉ាអូខេម្នាក់ផឹករហូតដល់ស្លាប់។
ស្នងការខេត្តកណ្ដាល លោក អ៊ាវ ចំរើន មានប្រសាសន៍ថា ពេលនេះអ្នកទាំង៤ ស្ថិតក្នុងការស៊ើបអង្កេតរកភស្តុតាងបន្ថែម។
លោក អ៊ាវ ចំរើន៖ «បញ្ជូនមកស្នងការសិន ដើម្បីសុំការពន្យារពេលស៊ើបអង្កេត។ យើងស៊ើបអង្កេតមិនទាន់ចប់ យើងត្រូវការសួរបន្ត! បាទ ឃុំខ្លួននៅស្នងការសិន អាហ្នឹងយើងត្រូវសួរលម្អិតម្នាក់ៗម្ដង»។
ជនសង្ស័យទាំង ៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះ គឺមានមន្ត្រីនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរនៃក្រសួងមហាផ្ទៃចំនួន ៣នាក់។
កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចបានចុះទៅពិនិត្យទីតាំងខារ៉ាអូខេ «ម៉ីម៉ី» ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ដោយឃាត់ខ្លួនបុរស ៤នាក់ ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនឈានដល់បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ និងស្ត្រី៣នាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺ។
បុរសម្នាក់ទៀត ដែលពាក់ព័ន្ធករណីនេះដែរ បានរត់គេចខ្លួន ហើយសមត្ថកិច្ចពាក់ព័ន្ធកំពុងស្វែងរក៕