សកម្មជនព្រៃឈើថា ដើមចមមិនអាចទប់ស្កាត់បទល្មើសព្រៃឈើបានដោយសារអំពើពុករលួយជាប្រព័ន្ធ

បទល្មើសព្រៃឈើ (ប្រភព៖ EIA)

សកម្មជនការពារព្រៃឈើអះអាងថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតែបន្តកើនឡើង គឺដោយសារមានអំពើពុករលួយជាប្រព័ន្ធរវាងជនល្មើសព្រៃឈើ និងអាជ្ញាធរពាក់ព័ន្ធ។

កាលដើមសប្តាហ៍នេះ បណ្ដាញសហគមន៍ព្រៃឡង់មកពីខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំបានចេញសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់កំពុងកើនឡើងយ៉ាងអនាធិបតេយ្យ ដោយថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីឧទ្យានុរក្សមិនបង្រ្កាបទប់ស្កាត់នោះទេ។

​អ្នកសម្របសម្រួលចុះល្បាតព្រៃឡង់ក្នុងខេត្តកំពង់ធំ លោក ម៉ិញ នី ឲ្យដឹងថា តាមការចុះល្បាតព្រៃ និងស្រាវជ្រាវគឺរកឃើញថា ដើមចមដែលមិនអាចទប់ស្កាត់បទលើ្មសព្រៃឈើមានប្រសិទ្ធភាពនោះ ដោយសារតែជាប់ពាក់ព័ន្ធអំពើពុករលួយ។

លោក បន្ថែមថា៖ «បញ្ហាចំបង គឺកត្តាពុករលួយ សូកលុយក្រោមតុហ្នឹង គឺយើងស្រាវជ្រាវរកឃើញច្រើនណាស់។ ហេតុអីបានខ្ញុំហ៊ានអះអាងថា វាមានអំពើពុករលួយ ព្រោះពេលយើងចុះល្បាតឃើញជនល្មើសដឹកឈើនៅនឹងមុខអាជ្ញាធរតែមិនបង្ក្រាប ហើយពេលយើងចាប់បានបទល្មើស គឺមានការផ្តល់លុយ ដើម្បីលោះយកឧបករណ៍មកវិញអីចឹង។ កត្តានេះហើយដែលធ្វើឲ្យការកាប់ឈើមិនស្ងាត់»

សមាជិកបណ្ដាញនិស្សិតឯករាជ្យ ដែលធ្វើការការពារធនធានធម្មជាតិ និងប្រឆាំងការជួញដូរឈើឆ្លងដែនខុសច្បាប់ លោក ហេង ស្រស់ អះអាងថា ក្រុមរបស់លោកកំពុងចុះល្បាត និងឃ្លាំមើលការកាប់ឈើខុសច្បាប់នៅភ្នំក្រវ៉ាញខេត្តពោធិសាត់ ព្រះវិហារ មណ្ឌលគិរី រតនគិរី និងខេត្តផ្សេងៗទៀត ដោយរកឃើញថា នៅតំបន់ទាំងនោះការកាប់ឈើខុសច្បាប់បានកើនឡើងដោយពុំមានអាជ្ញាធរណាការបង្រ្កាបឡើយ។

លោក ហេង ស្រស់ បន្តថា បញ្ហានេះកើតឡើងដោយសារមានអំពើពុករលួយជាប្រព័ន្ធ ដោយថា អាជ្ញាធរស្រុក និងខេត្តមួយចំនួនដែលឈរជើងការពារនៅតាមតំបន់នីមួយៗ បានទទួលសំណូកពីជនល្មើសជាថ្នូរចូលទៅកាប់ឈើ និងដឹកឈើខុសច្បាប់ឆ្លងកាត់កន្លែងការពារនោះ ដើម្បីយកទៅលក់កន្លែងដេប៉ូ និងឆ្លងដែនទៅក្រៅប្រទេស។

លោក បន្ថែមថា៖ «អំពើពុករលួយពាក់ព័ន្ធបទល្មើសព្រៃឈើនេះ មានលក្ខណៈជាប្រព័ន្ធទៅហើយ។ បើសិនរដ្ឋាភិបាលចង់ទប់ស្កាត់ និងការពារព្រៃឈើ លុះត្រាតែពង្រឹងការអនុវត្តកុំឲ្យមានអំពើពុករលួយនៅតំបន់ការពារ និងកុងត្រូលមួយចំនួន។ ជាក់ស្តែង នៅស្រុកកោះញែកខេត្តមណ្ឌលគិរី គឺក្នុង១គោយន្ត សមត្ថកិច្ចយក៥ម៉ឺន ១ឡាន យក១០០ដុល្លារ ដើម្បីការពារ និងមើលផ្លូវកុំមានអ្នកណាមករារាំងការដឹកឈើចេញពីតំបន់ហ្នឹង។ អីចឹង រដ្ឋាភិបាលត្រូវឲ្យមន្រ្តីគាត់អនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង»

អ្នកសម្របសម្រួលចុះល្បាតព្រៃឡង់ក្នុងខេត្តព្រះវិហារ លោក ស្រី ថី អះអាងថា តាមរយៈការសាកសួរអ្នកចូលកាប់ឈើ និងកម្មករស៊ីឈ្នួលកាប់ឈើឲ្យឈ្មួញ គឺអ្នកទាំងនោះប្រាប់ថា ដើម្បីចូលកាប់ឈើក្នុងតំបន់ការពារ ពួកគេត្រូវបង់លុយឲ្យមន្រ្តីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត ចន្លោះពី៥ម៉ឺនរៀល ទៅជាង៤០ម៉ឺនរៀល ក្នុងមួយរទេះក្របី ឬមួយគោយន្ត ឬឡាន។

លោក បន្ថែមថា៖ «បើតាមពួកខ្ញុំដើរចាប់បទល្មើសកន្លងមក ពេលយើងសួរទៅថា ពួកគេបានបង់លុយឲ្យមន្រ្តីបរិស្ថានប្រចាំខែមួយគោយន្ត១០ម៉ឺនរៀន បើឡានជាង៤០ម៉ឺនរៀនឯណោះ។ បើសិនជាធ្វើតែរបៀបនេះ ព្រៃឈើមិនអាចសល់គង់វង្សទេ។ បើឡានដឹកមួយៗ ៤ទៅ៥ឡានឯណោះ»

អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ធ្លាប់ច្រានចោលសេចក្តី​ថ្លែងការណ៍របស់បណ្តាញព្រៃឡង់ និងការលើកឡើងរបស់សកម្មជនព្រៃឈើដែលថា មន្រ្តីបរិស្ថានបានឃុបឃិតជាមួយឈ្មួញក្នុងការកាប់បំផ្លាញព្រៃឈើនេះ ហើយលោកស្នើទៅសកម្មជនព្រៃឈើ​បញ្ជូន​ឯកសារ​ជា​ភ័ស្ដុតាង​ទៅកាន់​ក្រសួង​ ជាជាង​ការចោទប្រកាន់​ដោយ​គ្មាន​ភ័ស្ដុតាង ​ដែលធ្វើខូចឈ្មោះមន្ត្រីបែបនេះ។

​លោក មានប្រសាន៍ថា៖ «ជាមន្ត្រីឧទ្យានុរក្ស ឬមួយក៏នរណាដែលជាប់ពាក់ព័ន្ធ ហើយស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង គឺសូមដាក់ជាឯកសារ ​​ឬក៏បញ្ជូនព័ត៌មានសម្ងាត់ណាមួយមកឱ្យក្រុមការងាររបស់ក្រសួងយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំមានមូលដ្ឋាននៅក្នុងការស៊ើបអង្កេត»

ក្រុមសកម្មជនព្រៃឈើស្នើទៅមន្រ្តីរដ្ឋាភិបាលដែលពាក់ព័ន្ធចុះស៊ើបអង្កេតជាមួយពួកគាត់ដោយផ្ទាល់ និងសម្ងាត់ ដើម្បីរកភ័ស្ដុតាងបញ្ជាក់ការពិត។

កាលពីដើមឆ្នាំ២០១៩នេះ ប្រមុខដឹកនាំរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំឭកដល់មន្ត្រីពាក់ព័ន្ធ រួមទាំងណែនាំ​ឲ្យកងទ័ពទាំងអស់ចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ ដោយថា ដើម្បីការពារធនធានធម្មជាតិនៅកម្ពុជាឱ្យបានគង់វង្ស ប៉ុន្តែ សកម្មជនព្រៃឈើមើលឃើញថា វិធានការនេះគ្មានប្រសិទ្ធភាពនោះទេ ដោយព្រៃឈើរងការកាប់បំផ្លាញកាន់តែខ្លាំង។

​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន​អន្តរជាតិ​ ហៅ​កាត់​ថា អ៊ី.អាយ.អេ (EIA) ​​កាលពីខែឧសភា ឆ្នាំ២០១៧ បាន​រក​ឃើញ​ថា ការនាំឈើចេញទៅវៀតណាមនៅតែកើតមានដដែល ដោយថា ចាប់ពី​ខែ​មករា ឆ្នាំ​២០១៦ ដល់​ត្រឹម​ខែ​មីនា ឆ្នាំ​២០១៧ មន្ត្រី​គយ​វៀតណាមបាន​កត់ត្រា​ឯកសារ​ពន្ធគយ​លើ​ការ​នាំ​ឈើ និង​គ្រឿង​ធ្វើ​អំពី​ឈើ​ចេញ​ពី​ប្រទេស​កម្ពុជាទៅ​កាន់​វៀតណាមមានទំហំ​​ទឹក​ប្រាក់ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក។

ទីភ្នាក់ងារស៊ើបអង្កេតមួយនេះ ឲ្យដឹងថា នៅចន្លោះខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ខែមិនា ឆ្នាំ២០១៧ ទំហំឈើ ៣០ម៉ឺនម៉ែត្រគូបដែលនាំចេញពីកម្ពុជា បានប្រែក្លាយជាឈើស្របច្បាប់នាំទៅកាន់ប្រទេសវៀតណាម។

ទីភ្នាក់ងារដដែលនេះ រកឃើញទៀតថា ​មន្ត្រី​អាជ្ញាធរកម្ពុជា និង​វៀតណាម ​បានទទួលលុយ​សំណូក​រាប់​លាន​ដុល្លារ​ពី​ឈ្មួញ​ឈើ ដើម្បី​ជាថ្នូរ​នឹងការ​បើក​ដៃឲ្យ​ជនល្មើសកាប់​ឈើ និង​ជួញដូរ​ឈើ​ខុស​ច្បាប់ចេញពីកម្ពុជាទៅវៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ