អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានចេញបទបញ្ជា៥ចំណុច ក្នុងនោះត្រូវចាប់មេខ្លោងគ្រឿងញៀនមកផ្តន្ទាទោស ដើម្បីសម្រេចទិសដៅលុបបំបាត់បញ្ហានេះទាំងស្រុង ត្រឹមឆ្នាំ២០១៩នេះ ។
ក្រសួងមហាផ្ទៃបានចុះផ្សាយលើគេហទំព័ររបស់ខ្លួនថា ក្នុងកិច្ចប្រជុំមួយនៅក្រសួងនាថ្ងៃព្រហស្បតិ៍នេះ លោក នេត សាវឿន រំឭកថា ដើម្បីឈានទៅលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនត្រឹមឆ្នាំ២០១៩នេះ តាមអនុសាសន៍របស់រដ្ឋមន្ត្រី លោក ស ខេង មន្ត្រីត្រូវប្តេជ្ញារួមគ្នាអនុវត្តនូវការដាក់ចេញទិសដៅ៥ចំណុច។
បើតាមលោក នេត សាវឿន ត្រូវកំណត់ទីតាំងគោលដៅដែលងាយកើតឡើងនូវបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅតាមក្លឹបកម្សាន្ត និងទីតាំងកម្សាន្តនានា ត្រូវអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ត្រូវបំផុសការផ្សព្វផ្សាយឱ្យមានការចូលរួម និងត្រូវ «បន្តខិតខំទប់ស្កាត់ការនាំចូលពីក្រៅប្រទេស និងស្រាវជ្រាវបង្ក្រាបឱ្យដល់ឫសគល់កាត់ផ្តាច់ខ្សែរយៈបណ្ដាញ និងតាមចាប់មេខ្លោងមកផ្ដន្ទាទោសតាមច្បាប់»។
បើតាមរបាយការណ៍ចុះថ្ងៃទី១៩ ខែមិថុនានេះ ក្រសួងមហាផ្ទៃអះអាងថា កម្ពុជាបច្ចុប្បន្នជាប្រទេសរងគ្រោះពីការដឹកជញ្ជូន និងជួញដូរគ្រឿងញៀនខុសច្បាប់ ដែលថាមានប្រភពមកពីតំបន់ត្រីកោណមាស ពីតំបន់អាហ្វ្រិច អាមេរិកខាងត្បូង និងអឺរ៉ុប ឆ្លងកាត់តាមរបៀនព្រំដែនគោកទឹក និងភាគឦសានប្រទេស ។
ក្រសួងថា បញ្ហាប្រឈមមួយទៀតគឺភូមិសាស្ត្រ ដូចជា តំបន់ព្រំដែន កត្តាជីវភាពពលរដ្ឋ គួបផ្សំនឹងការភ្លើតភ្លើនរបស់យុវជនមួយចំនួន។
នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា បញ្ហាគ្រឿងញៀនពេលនេះស្ទើរដល់កម្រិតប្រកាសអាសន្ន ដោយថា ពេលនេះ វាបានរាលដាលទៅដល់ជនបទដាច់ស្រយាលហើយ។
មន្ត្រីសង្គមស៊ីវិលរូបនេះផ្តល់ជាយោបល់ថា ជ្រុងមួយទៀតនៃការទប់ស្កាត់បញ្ហានេះឱ្យមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវទប់ស្កាត់អំពើពុករលួយ និងត្រូវនានាថា មន្ត្រីជំនាញមិនក្លាយជាអ្នកកាងបទល្មើស។
លោក ថា៖ «បើកាលណាមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីអនុវត្តច្បាប់ហើយ ការបង្ក្រាបវាលំបាកណាស់ បាទ! ហើយម្យ៉ាងទៀតយើងដឹងហើយថា ឈ្មួញឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀនភាគច្រើនគេមានលុយ។ ដូច្នេះហើយលុយងាយនឹងទាក់ទាញមនុស្សឱ្យឈ្លុក់វង្វេង រួមទាំងមន្ត្រីអនុវត្តច្បាប់នោះផង»។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ហាក់មានជំនឿតិចតួចថា កម្ពុជាអាចនឹងលុបបំបាត់ទាំងស្រុងនូវបញ្ហាគ្រឿងញៀននេះបានត្រឹមឆ្នាំ២០១៩នេះ បើរដ្ឋាភិបាលមិនអាចទប់ស្កាត់អំពើពុករលួយបាន ដោយថា មេខ្លោងគ្រឿងញៀនតែងតែនៅជាមួយមន្ត្រីមានអំណាច។
លោក មានប្រសាសន៍ថា៖ «ក្រៅតែពីឥទ្ធិពលនៃមេខ្លោងចែកចាយគ្រឿងញៀននេះ យើងហាក់មើលឃើញពីទម្រង់នៃការបែងចែកនៃអំពើពុករលួយ យើងឃើញហើយដូចករណីនៅរ៉ក់អ៊ីចឹង ទំហំនៃការបង្ក្រាបវាគួរតែធំ គូរតែហ្មត់ចត់ ដើម្បីធានាថា អ្នកដែលមានឥទ្ធិពលកម្រិតណាក៏ដោយ ឱ្យពាក់ព័ន្ធទៅនឹងបទល្មើសគ្រឿងញៀន គឺពួកគេត្រូវតែស្ថិតនៅក្រោមអំណាចនៃច្បាប់»។
ក្រសួងមហាផ្ទៃឱ្យដឹងថា គិតពីចុងឆ្នាំ២០១៨ រហូតដល់ដើមឆ្នាំ២០១៩នេះ ស្ថានភាពនៃការជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានរីកសាយភាយនៅតាមរង្គសាល ក្លឹបកំសាន្ត ខារ៉ាអូខេ និងក្លឹបរាត្រី ឬបារបារាំង ជាដើម។
តាមរបាយការណ៍៥ខែដើមឆ្នាំនេះ សមត្ថកិច្ចបង្ក្រាប បទល្មើសគ្រឿងញៀនបានជាងបីពាន់ករណី(៣,៣៣៥) ឃាត់ខ្លួនមនុស្សបានជាង ៧ពាន់នាក់ (៧,០៩៧) មេខ្លោង ១២នាក់ ខ្សែរយៈបណ្តាញ ៥២នាក់ រឹបអូសសារធាតុញៀនគ្រប់ប្រភេទសរុបជាងបីរយគីឡូក្រាម (៣១០.៩៨)៕