នៅឯប្រទេសថៃ មនុស្ស ៦នាក់រងរបួស កាលពីល្ងាចថ្ងៃសុក្រម្សិលមិញ នៅពេលរថយន្តមួយគ្រឿង បានសម្រុកចូលទៅក្នុងទីសក្ការៈបូជាមួយ នៅទីក្រុងបាងកក ជាទីដែលធ្លាប់រងការបំផ្ទុះគ្រាប់បែកដ៏បង្ហូរឈាមកាលពីឆ្នាំមុន។
ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្ដីប៉ូលិសថៃ ដែលបាននិយាយថា ពួកគេមិនទាន់អាចបញ្ជាក់ពីអត្តសញ្ញាណអ្នករងរបួសនៅឡើយទេ ប៉ុន្តែ កាសែតបាងកក ប៉ុស្តិ៍ បានរាយការណ៍ថា អ្នករងរបួសមានជនជាតិឥណ្ឌូនេស៊ី ២នាក់ សិង្ហបុរី ២នាក់ ចិនម្នាក់ ព្រមទាំងអ្នកបើកបររថយន្តជាជនជាតិថៃផងដែរ។
រថយន្តធុនតូចមួយគ្រឿង បានរត់ងាកចេញពីផ្លូវធំ និងបានសម្រុកទៅបុកនឹងរបងទីសក្ការៈអៃរ៉ាវ៉ាន់ ជាទីដែលរងការបំផ្ទុះគ្រាប់បែកកាលពីខែសីហា ឆ្នាំ២០១៥ ដែលបានផ្ដាច់ជីវិតមនុស្ស ២០នាក់ និងរងរបួសជាច្រើននាក់។
ទោះជាយ៉ាងណា ប៉ូលិសថៃបញ្ជាក់ថា វាគ្រាន់តែជាករណីគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះ ដោយសារតែនារីជាអ្នកបើកបរ ពុំអាចគ្រប់គ្រងទៅលើរថយន្តនោះបាន។
ទីសក្ការៈនោះ គឺជាកន្លែងដ៏មានប្រជាប្រិយភាពសម្រាប់ភ្ញៀវទេសចរជនជាតិអាស៊ីខាងកើតគោរពបូជា។
ជនជាតិអ៊ុយហ្គ័រ ២នាក់មកពីភាគខាងលិចប្រទេសចិន ត្រូវបានអាជ្ញាធរថៃនាំយកទៅកាត់ទៅសចំពោះការដាក់គ្រាប់បែកបំផ្ទុះនៅទីសក្ការៈនោះ កាលពីឆ្នាំ២០១៥ ប៉ុន្តែ ពួកគេបានបដិសេធចំពោះការពាក់ព័ន្ធនឹងការវាយប្រហារនោះ៕