រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញការព្រួយបារម្ភថា ទិសដៅលុបបំបាត់គ្រឿងញៀននឹងបរាជ័យ បើសិនមន្ត្រីជំនាញនៅតែជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
ថ្លែងក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មានប្រសាសន៍ថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់លុបបំបាត់បញ្ហាគ្រឿងញៀនឱ្យបានទាំងស្រុង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនមុនដំណាច់ឆ្នាំ២០១៩នេះ។
ទោះជាយ៉ាងណាលោកបង្ហាញការព្រួយបារម្ភពីយុទ្ធនាការបង្រា្កបគ្រឿងញៀន ដោយថា បើសិនជាមន្ត្រីជំនាញជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននោះ លោកថា ការបង្រ្កាបបទល្មើសនេះ នឹងបរាជ័យ។
លោកថា៖ «បើមន្ត្រីអនុវត្តគ្រឿងញៀនយើងពាក់ព័ន្ធ មន្ត្រីសមត្ថកិច្ចយើងពាក់ព័ន្ធ វារឹតតែធ្វើឱ្យការបង្ក្រាបគ្រឿងញៀន វាអត់មានផល វាអត់បានជោគជ័យ ឬមួយក៏មិនពាក់ព័ន្ធផ្ទាល់ ក៏ប៉ុន្តែធ្វើជាបង្អែក ធ្វើជាខ្នង ឱ្យអ្នករកស៊ីគ្រឿងញៀន នោះក៏ធ្វើឱ្យការប្រយុទ្ធប្រឆាំងគ្រឿងញៀនបរាជ័យដែរ ហើយករណីនេះ មានរួចទៅហើយ ទាំងអ្នកចូលរួមដែលជាសមត្ថកិច្ច ហើយនឹងអ្នកដែលនៅពីក្រោយ»។
លោក ស ខេង បន្តថា ការចរាចគ្រឿងញៀន តាមព្រំដែននៅតែជាបញ្ហាប្រឈម ករណីកង កម្លាំងដែលឈរនៅតាមព្រំដែននីមួយៗ ត្រូវបញ្ចូលសមាជិកនៃគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយថា ដើម្បីទប់ស្កាត់ការ ចរាចរគ្រឿងញៀនចូលមកក្នុងប្រទេសមានប្រសិទ្ធភាព។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនឱ្យមានប្រសិទ្ធភាពនោះ លោកថា រដ្ឋាភិបាលត្រូវបំបាត់អំពើពុករលួយ ដោយចាប់មេខ្លោងគ្រឿងញៀនដែលជាមន្ត្រីមានអំណាចមកដាក់ទោសតាមច្បាប់។
លោកថា៖ «វិធានការដែលធ្វើឱ្យមន្ត្រី ណាពុករលួយ និងធ្វើឱ្យមន្ត្រី ខិលខូចខ្លាច គឺមានតែមួយទេ បើមន្ត្រីណាពាក់ព័ន្ធ បើមន្ត្រីមានអំណាច មានឥទ្ធិពល ហើយកេងសំណុំគ្រឿងញៀន ឬក៏នាំ ឱ្យមានការចែកចាយ ប្រើប្រាស់ និងជួញដូរគ្រឿងញៀន ត្រូវចាត់ការមន្ត្រីនោះនៅក្នុងទម្រង់ជាបទល្មើសប្រឆាំងអំពើពុករលួយ។ អ៊ីចឹងបទល្មើសពុករលួយអាចប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិ និងការដាក់ពន្ធនាគារធ្ងន់ធ្ងរ»។
ក្រសួងមហាផ្ទៃ ឱ្យដឹងថា គិតពីចុងឆ្នាំ២០១៨ រហូតដល់ដើមឆ្នាំ២០១៩នេះ ស្ថានភាពនៃការជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានរីកសាយភាយនៅតាមរង្គសាល ក្លឹបកំសាន្ត ខារ៉ាអូខេ និងក្លឹបរាត្រី ឬបារបារាំង ជាដើម។
តាមរបាយការណ៍៥ខែដើមឆ្នាំនេះ សមត្ថកិច្ចបង្ក្រាប បទល្មើសគ្រឿងញៀនបានជាងបីពាន់ករណី(៣,៣៣៥) ឃាត់ខ្លួនមនុស្សបានជាង ៧ពាន់នាក់ (៧,០៩៧) មេខ្លោង ១២នាក់ តាមខ្សែរយៈបណ្តាញ ៥២នាក់ រឹបអូសសារធាតុញៀនគ្រប់ប្រភេទសរុបជាងបីរយគីឡូក្រាម (៣១០.៩៨)៕