ក្រសួងទេសចរណ៍ បានព្រមានថា នឹងមិនបន្តអាជ្ញាប័ណ្ណដល់ក្រុមហ៊ុនទេសចរណ៍ណា ដែលមិនបានដាក់បម្រាម ឬណែនាំដល់អតិថិជនរបស់ខ្លួនក្នុងការជក់បារីនៅទីសាធារណៈ ខណៈដែលក្រសួងមួយនេះកំពុងអនុវត្តគោលនយោបាយគ្មានផ្សែងបារីនៅតំបន់ទេសចរណ៍។
យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ចុះផ្សាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ហោ សារុន លើកឡើងក្នុងសិក្ខាសាលានាថ្ងៃទី២២ ខែកក្កដាថា ម្ចាស់ក្រុមហ៊ុនទេសចរណ៍ឯកជន ត្រូវរួមចំណែកទប់ស្កាត់មិនឲ្យមានការជក់បារីនៅទីសាធារណៈក្នុងតំបន់ទេសចរណ៍។
លោកបន្តថា ក្រុមហ៊ុនអាចដាក់សញ្ញាហាមជក់បារីឲ្យបានធំ និងច្បាស់លាស់ មិនត្រូវបិទផ្សាយផលិតផលបារី និងត្រូវដាក់សារជារូបភាព ឬអក្សរទាក់ទងនឹងគ្រោះថ្នាក់ដែលបង្កដោយបារីជាដើម ដោយថា ដើម្បីជាការអប់រំភ្ញៀវរបស់ខ្លួនកុំឲ្យជក់បារីនៅទីសាធារណៈ។
បើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជាដដែល លោក ហោ សារុន ព្រមានថា បើក្រុមហ៊ុនឯកជនណាមិនបានអនុវត្តដូចនេះទេ ក្រសួងនឹងមិនបន្តអាជ្ញាប័ណ្ណឲ្យធ្វើអាជីវកម្មទៀតនោះទេ។
លោក ហោ សារុន ក៏បានលើកឡើងដែរថា ក្រសួងទេសចរណ៍បាន សហការជាមួយក្រសួងសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងអង្គការជាដៃគូផ្សេងទៀត ដើម្បីអនុវត្តគោលនយោបាយគ្មានផ្សែងបារីនៅតំបន់ទេសចរណ៍នេះ។
បើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា ប្រជាពលរដ្ឋកម្ពុជា១ម៉ឺននាក់បានស្លាប់ក្នុង១ឆ្នាំ ដោយសារជំងឺដែលបង្កដោយសារថ្នាំជក់៕