អតីតអភិបាលខេត្តកំពង់ចាម ដែលត្រូវចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន ប្តេជ្ញាថានឹងខិតខំបំពេញការងារឱ្យអស់ពីសមត្ថភាពស្របតាមច្បាប់ដោយគ្មានវៀចវេរឡើយ។
ក្នុងពិធីចូលកាន់តំណែងនៅថ្ងៃនេះ ប្រមុខដឹកនាំខេត្តព្រះសីហនុ បានថ្លែងជាសាធារណៈសុំការគាំទ្រពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងកិច្ចសហការណ៍ពីសំណាក់មន្ត្រីរាជការជុំវិញខេត្ត ដើម្បីបើកដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងកើតមាន។ អភិបាលខេត្ត លោកគួច ចំរើន លើកឡើងថា ភាពអសកម្មទាំងឡាយដែលបង្កឡើងដោយអ្នកមានអំណាចបានធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់មិនពេញចិត្ត និងរងនូវភាពអយុត្តិធម៌។
លោកបន្តថា ការងារជាពិសេសដំបូងរបស់រូបលោកក្នុងនាមជាអភិបាលខេត្តថ្មីនេះ គឺពង្រឹងការអនុវត្តច្បាប់កែប្រែមុខមាត់ខេត្តព្រះសីហនុ ឡើងវិញ។
លោកគួច ចំរើន៖ បន្តការលុបបំបាត់ភាពអសកម្មនានា។ យកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យនានាជុំវិពិសេសការរៀបចំកែលំអរសោភ័ណភាពទីក្រុងឆ្នេរសមុទ្រ និងទីប្រជុំជនក្នុងការចូលរួមប្រលងប្រណាំង ទីក្រុងស្អាត ធានាបាននូវបរិស្ថានល្អ ប្រកបដោយសក្តានុពលសេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពរស់នៅប្រកបដោយវិបុលភាព ផាសុខភាពសុខមាលភាពជូនប្រជាជនទូទាំងខេត្តប្រកបដោយចីរភាព។
ក្រៅពីការប្តេជ្ញាចិត្តទាំងនេះ លោក គួច ចំរើនក៏បានសន្យាអនុវត្តបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន សន្យាសាមគ្គីភាពផ្ទៃក្នុងរវាងមន្ត្រីក្នុងខេត្ត សន្យាដោះស្រាយបញ្ហាអន្តរប្រវេសន៍និងគ្រឿងញៀន សន្យាកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។ល។
នៅក្នុងពិធីចូលតំណែងរបស់អភិបាលខេត្តព្រះសីហនុនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង មានប្រសាសន៍ថា ដើម្បីសម្រេចបានជោគជ័យក្នុងភារកិច្ចជាអភិបាលខេត្តព្រះសីហនុ អ្នកដឹកនាំខេត្តត្រូវពិចារណានិងដោះស្រាយចំណោទបញ្ហា៥ យ៉ាងតិចរួមមាន ការគ្រប់គ្រងនិងដោះស្រាយទំនាស់ដីធ្លី, ការពង្រឹងការត្រួតពិនិត្យគុណភាពសំណង់, ការគិតគូពីសន្ដិសុខនៅ កោះរ៉ុង និងបណ្ដាកោះដែលចំណុះក្រុងព្រះសីហនុ, ការស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍, និង រួមគ្នាដោះស្រាយបញ្ហាលូ ទឹកកខ្វក់។
លោកបញ្ជាក់ថា អភិបាលខេត្តមិនអាចសម្រេចភារកិច្ចតែឯងបានឡើយ គឺចាំបាច់ត្រូវការការជួយគាំទ្រ។
លោក ស ខេង ៖« គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមជ្រោមជ្រែងអភិបាលខេត្តថ្មី ដើម្បីលើកមុខមាត់ខេត្តព្រះសីហនុ និង ទាក់ទាញទេសចរណ៍គ្រប់ជាតិសាសន៍ឱ្យមកកម្សាន្ត។ខេត្តព្រះសីហនុនេះមិនមែនសម្រាប់តែជនជាតិណាមួយទេ គឺសម្រាប់គ្រប់គ្នាដែលចង់មក»។
ទោះជាយ៉ាងណាក្ដី មិនទាន់មានមន្ត្រីណាម្នាក់ដែលជាប់ទោសក្នុងសំណុំរឿងបាក់អគារ៧ជាន់នៅខេត្តនេះនៅឡើយ ខណៈអ្នកនយោបាយបក្សក្រៅរដ្ឋាភិបាល និងបណ្ដាជនមួយចំនួន ដាក់ការសង្ស័យថា អគារចិនដែលបាក់នោះសង់ឡើងកម្ពស់៧ជាន់បានក៏ដោយសារអំណាចទឹកលុយនៃអំពើពុករលួយ។
លោកគួច ចំរើន ត្រូវបានផ្លាស់ពីអភិបាលខេត្តកំពង់ចាម មកកាន់តំណែងថ្មី នៅខេត្តព្រះសីហនុនេះ បន្ទាប់ពីហេតុការណ៍បាក់អគារ៧ជាន់របស់ក្រុមហ៊ុនចិន ដែលបណ្ដាលឱ្យកម្មករ២៨នាក់ស្លាប់និង២៦នាក់រងរបួស។ លោកមានប្រវត្តិជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ដែលធ្លាប់ធ្វើអភិបាលខណ្ឌចំនួន៣នៅរាជធានីភ្នំពេញរួមមាន ខណ្ឌ មានជ័យ ច្បារអំពៅនិង ខណ្ឌដូនពេញ។
បច្ចុប្បន្នខេត្តព្រះសីហនុ មានប្រជាពលរដ្ឋរស់នៅប្រមាណជាង២សែន២ម៉ឺននាក់។ ខេត្តមានតំបន់សេដ្ឋកិច្ចចំនួន៥កន្លែងមានរោងចក្រធំតូច ជាង២១០កន្លែង និង សិប្បកម្មជាង១ពាន់កន្លែងដែលស្រូបទាញកម្លាំងពលរដ្ឋជាង៨ម៉ឺននាក់។ ក្នុងនោះជនជាតិចិននាំមុខគេ នឹងគ្រប់គ្រងសឹងភាគច្រើនចរន្តសេដ្ឋកិច្ចទីផ្សារក្នុងក្រុងព្រះសីហនុ ដែលជាទីប្រជុំជនដ៏សំខាន់ក្នុងប្រទេសកម្ពុជា៕