មន្រ្តីជាន់ខ្ពស់កម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនដែលនាំសំរាមប្លាស្ទីកមកចោលនៅក្នុងខេត្តព្រះសីហនុចំនួន៨៣កុងទឺន័រ ពាក់ព័ន្ធជាមួយជនជាតិចិន។
អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា លោក គុណ ញឹម បានប្រាប់ វីអូឌី ថាក្រុមហ៊ុននោះមានឈ្មោះថា ជុងយៀង ប្លាស្ទីក មេន្ទហ្វេកឈ័រ ឯ.ក ពាក់ព័ន្ធជនជាតិចិន។ លោក បានបន្ថែមថា ពេលនេះអាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតបន្ថែម និងស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត។
លោក មានប្រសាសន៍ថា៖ «បាទ! វាមានជនជាតចិននៅហ្នឹង។ ប៉ុន្តែ យើងកំពុងស្រាវជ្រាវក្រែងលោមានខ្មែរយើង មានភាគហ៊ុនមានអីចូលនៅហ្នឹងដែរ។»
កាលពីថ្ងៃទី១៧ ខែកក្កដា សមត្ថកិច្ចកម្ពុជា បានបើកទូរកុងទឺន័រក្នុងកំពង់ផែស្វយ័តខេត្តព្រះសីហនុ រកឃើញសំរាមប្លាស្ទិកចំនួន៨៣ កុងទឺន័រ ដែលមានទម្ងន់ជិត១៦០០តោន។ អាជ្ញាធរកម្ពុជា បានអះអាងថាសំរាមទាំងនោះមានប្រភពមកពីសហរដ្ឋអាមេរិក និងកាណាដា។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោកស្រី Emily Zeeberg ថ្លែងប្រាប់វីអូឌីតាម អ៊ីម៉ែលកាលពីថ្ងៃទី១៧ ខែកក្កដា ថា អាមេរិកកំពុងតាមដានរបាយការណ៍ស្តីសំរាមនៅក្នុងខេត្តព្រះសីហនុ ដែលអាជ្ញាធរកម្ពុជាចោទថា នាំចូលពីអាមេរិក និងកាណាដា។
លោកស្រី Emily Zeeberg សរសេរថា៖ « ស្ថានទូតសហរដ្ឋអាមេរិក កំពុងតែតាមដានរបាយការណ៍ស្តីពីសំរាមប្លាស្ទិច នៅកំពង់ផែខេត្តព្រះសីហនុ។ យើងបានស្នើសុំព័ត៌មានបន្ថែម ហើយក៏ស្នើផ្តល់ជំនួយ(ដល់កម្ពុជា)ដើម្បីកំណត់ពីប្រទេសដើមដែលនាំចេញ និងក្រុមហ៊ុនដែលនាំចូលកម្ពុជា។»
វីអូឌី បានព្យាយាមទាក់ទងទៅក្រសួងបរិស្ថានរបស់ប្រទេសកាណាដានៅថ្ងៃសុក្រនេះ ប៉ុន្តែពុំទាន់មានការឆ្លើយតបណាមួយនៅឡើយទេ៕