ភរិយាលោកអះម៉ាត់ យ៉ះយ៉ាអំពាវនាវឱ្យខ្មែរឥស្លាមតាមដានករណីស្វាមីលោកស្រី

រូបថតរបស់លោក អះម៉ាត់យ៉ះយ៉ា (រូបកណ្តាល) ក្នុងពេលធ្វើសកម្មភាពការងារជាមួយយុវជនម៉ូល្លីម នាពេលកន្លងទៅ (រូបថត ផេក Muslim Alumni of Cambodia)

ភរិយាលោក អះម៉ាត់ យ៉ះយ៉ា អំពាវនាវឱ្យមហាជនជាខ្មែរឥស្លាមជួយតាមដានករណីកាត់ទោសស្វាមីលោកស្រីជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាឱ្យជាប់ពន្ធនាគារ១៥ឆ្នាំ ដែលលោកស្រីថា ការសម្រេចនោះធ្វើឡើងដោយអយុត្តិធម៌។​

អ្នកស្រី កាម៉ារីយ៉ះ អះម៉ាត់ យ៉ះយ៉ា មានប្រសាសន៍ប្រាប់វីអូឌីតាមទូរសព្ទនៅថ្ងៃនេះថា ប្ដីរបស់គាត់មិនបានប្រព្រឹត្តិអំពើជួញដូរមនុស្សដូចការចោទទេ ហើយថាបើតុលាការមានយុត្តិធម៌នោះប្ដីរបស់គាត់នឹងត្រូវរួចទោស។ អ្នកស្រីស្នើឱ្យមហាជនខ្មែរឥស្លាមទាំងអស់តាមដានរឿងក្ដីក្ដាំងនេះ និងថាសាលក្រមនេះអយុត្តិធម៌ចំពោះប្ដីរបស់គាត់។

អ្នកស្រី កាម៉ារីយ៉ះ អះម៉ាត់ យ៉ះយ៉ា៖កូនសួររកប៉ាថាប៉ាទៅណា ខ្ញុំកុហកពួកវាថាគាត់ទៅខេត្ត ។ខ្ញុំវិលអស់ហើយពេលនេះ។ ខ្ញុំមិនទាន់បានជួបប្ដីខ្ញុំទេ ខ្ញុំគិតថារឿងនេះជាការរៀបចំទម្លាក់កំហុសលើគាត់(អះម៉ាត់យ៉ះយ៉ា) ខ្ញុំនឹងរកមេធាវីតវ៉ាតាមផ្លូវច្បាប់។ ប្ដីខ្ញុំជាមនុស្សល្អដែលធ្លាប់តែជួយគេគ្រប់គ្នា ខ្ញុំជឿថាគាត់មិនរកស៊ីដូចគេចោទឡើយ។

ភរិយារបស់លោក អ៊ីស្មាអែលពិន អូស្មាន់ គឺលោកស្រី នាគ កញ្ញា បញ្ជាក់ថាសាលក្រមនេះអយុត្តិធម៌ចំពោះប្ដីគាត់។លោកស្រីស្នើឱ្យតុលាការថ្នាក់លើស៊ើបអង្កេតចំពោះរឿងនេះ។

លោកស្រីនាគ កញ្ញា៖« ផ្អែកតាមសាក្សីនិងភស្តុតាងសុទ្ធតែមិនគួរឱ្យជឿមិនស៊ីគ្នាទាំងអស់តែតុលាការផ្តន្ទាទោសប្តីខ្ញុំ វាជារឿងអយុត្តិធម៌ណាស់។»

ទន្ទឹមនឹងនេះដែរ សមាគមអតីតនិស្សិតម៉ូស្លីមដែលធ្លាប់ទទួលការទំនុកបម្រុងរៀនសូត្រពីលោកអះម៉ាត់ យ៉ះយ៉ា បានផ្សាយក្នុងផេកហ្វេសប៊ុករបស់ខ្លួនដោយភ្ជាប់មកជាមួយនូវរូបភាពមួយសន្លឹករបស់លោកអះម៉ាត់ យ៉ះយ៉ា។

ក្រុមនិស្សិតទាំងនោះសរសេរថា ៖« ខ្ញុំនិងមិត្តភ័ក្ដិរបស់ខ្ញុំចងចាំមិនភ្លេចនូវគុណ និងគំនិតផ្ដួចផ្ដើមរបស់គាត់ក្នុងការជួយ និងជំរុញការសិក្សាអប់រំរបស់ពួកយើង។ ពួកយើងទាំងអស់គ្នា សូមចូលរួមរំលែកការលំបាកពីចម្ងាយ។ ពួកយើងដឹង ហើយយើងជឿជាក់ថាពួកអ្នកក៏ដឹងអំពីរឿងនេះ។ វាជារឿងដែលមនុស្សមិនហ៊ាននិយាយចេញមក តែទោះបីវាមិនត្រូវបានគេនិយាយ ក៏មនុស្សនៅតែដឹងដែរថា នោះជារឿងអ្វីដែរ។»

ទោះជាបែបណាក្ដី អ្នកនាំពាក្យ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក គុជ គឹមឡុង ឱ្យដឹងថា លោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុសឈ្មោះ អ៊ីស្មាអែលពិន ឧស្មាន នៅថ្ងៃទី១៣ខែសីហា  ត្រូវបានតុលាការចោទប្រកាន់ពីបទនាំចេញដោយមិនស្របច្បាប់ តាមមាត្រា១១ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៤។ លោកបន្តថា តុលាការបង្គាប់ឱ្យដាក់ពន្ធនាគារ បុរសទាំងពីរនាក់នេះចំនួន១៥ឆ្នាំដូចគ្នា និងពិន័យជាប្រាក់ ចំនួន២០០លានរៀល ដោយត្រូវសងទៅជនរងគ្រោះម្នាក់ ១២០លានរៀល និងម្នាក់ទៀត ៨០លានរៀល។

ចំណែកអ្នកនាំពាក្យ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សកម្ពុជា លោក យឹម វីរៈ បញ្ជាក់ដោយខ្លីថា ករណីសំណុំរឿងលោកអះម៉ាត់យ៉ះយ៉ាគឺទាក់ទងនឹងការនាំពលករទៅក្រៅប្រទេស ហើយពលករនៅរងទុក្ខបុកម្នេញពីសំណាក់ថៅកែ។ លោកថា គណៈកម្មាជំនាញនឹងតាមដានរឿងនេះបន្តបើ ជនជាប់ចោទទាំងអស់ប្ដឹងឧទ្ធរណ៍ឬមានការតវ៉ាណាមួយ។

យឹម វីរៈ ៖ «យើងមាននឹងប្រមូលព័ត៌មានបន្ថែមបើមានការប្ដឹងឧទ្ធរណ៍កើតឡើង ចំពោះរឿងនេះ។»

លោកអះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុសឈ្មោះ ឈ្មោះ អ៊ីស្មាអែល ពិនឧស្ម័ន ត្រូវរងបណ្ដឹងពីសំណាក់ស្ត្រីជនជាតិចាម២នាក់ដែលទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីតសាអូឌីត តាមរយៈក្រុមហ៊ុនរបស់លោក ។ ស្ត្រីទាំងពីរនាក់នោះ ត្រូវបានថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្ម រងការរំលោភផ្លូវភេទ និងមិនទទួលបានប្រាក់ឈ្នួលជាដើមតាំងពីបញ្ជូនទៅរហូតដល់ឆ្នាំ២០១៧។ ស្ត្រី២រងគ្រោះ២នាក់នោះ ត្រូវបានរំដោះពីថៅកែអារ៉ាប់ ដោយគូជម្លោះរបស់លោកអះម៉ាត់ យ៉ះយ៉ា គឺរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសលោក អូស្មាន់ ហាសាន់។​

លោក អាម៉ាត់ យ៉ះយ៉ាធ្លាប់ដឹកនាំបាតុកម្មតវ៉ា ចំពោះការប៉ុនប៉ងរបស់លោកអូស្មាន់ ហាសាន់ ធ្វើផ្លូវកាត់វិហារបឹងកក់ ។លោក អាម៉ាត់ យ៉ះយ៉ា ក៏ត្រូវតុលាការកាត់ក្ដីឱ្យចាញ់លោកអូស្មាន់ ហាសាន់ ក្នុងសំណុំរឿងបរិហារកេរ្តី៍និងត្រូវបង់ប្រាក់១០០លានរៀលទៀតផង។

ទោះជាបែបណាក្ដី  លោកអូស្មាន់ ហាសាន់ ថ្លែងប្រាប់វីអូឌីថា សំណុំរឿងលោកអះម៉ាត់ យ៉ះយ៉ា មិនទាក់ទងនឹងរូបលោកឡើយ។លោកថានេះជាការសម្រេចរបស់តុលាការប៉ុណ្ណោះ។

លោក អូស្មាន់ហាសាន់៖  «បាទរឿងគាត់ហ្នឹងជារឿងរបស់តុលាការទេ ខ្ញុំអត់មានអីត្រូវឆ្លើយពន្យល់ឡើយ។»

មេធាវី ការពារក្ដីឱ្យលោក អះម៉ាត់ យ៉ះយ៉ាគឺ អ្នកស្រីតុប ឈុនឡេង បដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ដោយសំអាងថាខ្លួនតវ៉ាក្ដីឱ្យកូនក្ដីតែនៅក្នុង តុលាការប៉ុណ្ណោះ ។ អ្នកស្រីមិនមានតួនាទី ឆ្លើយសំណួរពីសារព័ត៌មានទេ។

 លោក អាម៉ាត់ យ៉ះយ៉ា ជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊ុនស៊ិនប៉ិច ក្រោយមកចូលជាសមាជិកគណបក្សសមរង្ស៊ី និងបន្តចូលរូមជាមួយគណបក្សប្រជាជនកម្ពុជាហើយកាន់តំណែងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ចកាលពីរដ្ឋាភិបាលអាណត្តិទី៥។ ចំណែកឯក្មួយរបស់គាត់ អ៊ីស្មាអែល ពិនអូស្មាន់ ដែលត្រូវតុលាការផ្តន្ទាទោសជាមួយគ្នានោះ គឺជាអតីតបេក្ខជនតំណាងរាស្ត្របក្សសង្គ្រោះជាតិនៅមណ្ឌលកំពង់ចាម។

ទាក់ទិននឹងសំណុំរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោកស៊ឹង សែនករុណា មានប្រសាសន៍ថា បើសិនជាមានការស្នើសុំណាមួយជាលាយលក្ខ័អក្សរពីក្រុមគ្រួសាររបស់លោកអះម៉ាត់ យ៉ះយ៉ា នោះអាដហុក អាចនឹងពិនិត្យពិចារណាលើលទ្ធភាពផ្ដល់ជំនួយផ្លូវច្បាប់ និងតាមដានឃ្លាំមើលដំណើរការរឿងក្ដីនេះ។

ស៊ឹង សែនករុណា៖« ក្រុមការងារលោកកំពុងតាមដានរឿងនេះតាមសារព័ត៌មាន យើងអាចនឹងឃ្លាំមើលដំណើររឿងតទៅមុខទៀតបើសិនជាមានការស្នើមកជាផ្លូវការ។»

ពលរដ្ឋអ្នកគាំទ្រលោក អះម៉ាត់ យ៉ះយ៉ាគឺលោក សុខ ក្រី លើកឡើងថា លោកតាមដានសវនាការនេះ តាំងពីដើមដល់ចប់។ លោកយល់ថា សំណុំរឿងនេះ មានចំណុចសង្ស័យច្រើនដែលគួរពិចារណា រាប់តាំងពីចម្លើយសាក្សី និង ចម្លើយជនសង្ស័យនិងភស្តុតាងដែលបានបង្ហាញក្នុងសវនាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ