កម្មករបម្រើការងារនៅរោងចក្រមួយស្ថិតនៅខេត្តកំពង់ឆ្នាំង បានប្ដឹងជនជាតិចិនដែលជាប្រធានអគារនៃក្រុមហ៊ុនជីនយីទៅតុលាការ ក្រោយពីអ្នកទទួលខុសត្រូវផ្នែកដេររូបនោះ បានប្រើអំពើហិង្សាលើរូបគេ។
កម្មករកាត់ដេរសម្លៀកបំពាក់នៅរោងចក្រជីនយីលោក ហឿន ចាន់ថន អះអាងថា កាលពីថ្ងៃទី ១៤ សីហា ២០១៩ អ្នកទទួលខុសត្រូវផ្នែកដេរ ជាជនជាតិចិនបានប្រើអំពើហិង្សាលើរូបលោក ក្រោយពីលោកបដិសេធមិនទទួលការងារ ដែលមិនមែនជាតួនាទីរបស់ខ្លួន។ លោកបន្តថា លោកបានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីម្សិលមិញរួចហើយ ពាក់ព័ន្ធនឹងប្រធានអគារនៃក្រុមហ៊ុនជីនយីបានវាយលើរូបលោក។
លោក បាននិយាយថា៖« ការងារហ្នឹង ខ្ញុំអត់ធ្លាប់ធ្វើទេរយៈពេល ៣ ឆ្នាំហើយ ដល់ពេលខ្ញុំនិយាយប្រាប់គាត់ថា ហ៊ាឯងប្រើខ្ញុំ! ខ្ញុំមានការងារធ្វើដែរ ហើយការងារនោះខ្ញុំអត់ធ្លាប់ទេ។ បើសិនជាខុសទៅកាត់លុយខ្ញុំច្រើនណាស់។ អ៊ីចឹងខ្ញុំធ្វើការងារខ្ញុំសិន ដល់ពេលអ៊ីចឹងគាត់ក៏បានស្រែកដាក់ខ្ញុំ គាត់ចង្អុលមុខខ្ញុំ ជេរខ្ញុំ។ ខ្ញុំឃើញគាត់ហក់មករកខ្ញុំម្ដងខ្ញុំគេច ខ្ញុំដឹងសភាពការមិនស្រួល ខ្ញុំក៏ដកកាំមេរ៉ាថត។ វាយត្រូវដៃនឹងខ្លួនតិចតួច ខ្លាំងគឺគ្រេចជើងខាងឆ្វេង ដោយសារ ខ្ញុំថយរងផង ថតផង»។
លោក ហឿន ចាន់ថន អះអាងថា កាលពីខែឧសភា កន្លងមក ប្រធានអគារនៃក្រុមហ៊ុនជីនយីរូបនេះ ធ្លាប់បញ្ឈប់លោកពីការងារម្ដងរួចមកហើយ បន្ទាប់ពីលោកបានបង្កើតសហជីពនៅក្នុងរោងចក្រ ប៉ុន្តែក្រោយពីកម្មករតវ៉ាប្រធានអគាររូបនេះ បានទទួលយកលោកចូលធ្វើការងារវិញ។
ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ឡុង ស៊ីថា មានប្រសាសន៍ថា រហូតមកដល់ពេលនេះ តុលាការមិនទាន់ទទួលបានពាក្យបណ្ដឹងរបស់លោក ហឿន ចាន់ថន នៅឡើយទេ។
លោកថា៖«រោងចក្រជីនយី ខាងខ្ញុំមិនទាន់ទទួលបានពាក្យបណ្ដឹងទេ ប៉ុន្តែ[តុលាការ]ទទួលបានពាក្យបណ្ដឹងមួយទៀត កាលពីថ្ងៃទី១២ នៅក្រុមហ៊ុនឃែមស្ប៉ត រឿងប្រើហិង្សាដែរ»។
អនុប្រធានមន្ទីរការងារខេត្តកំពង់ឆ្នាំង លោក ស៊ឹម វណ្ណ មានប្រសាសន៍ថា ខាងមន្ទីរការងារមិនទាន់ទទួលបានពាក្យបណ្ដឹងពីកម្មករនៅឡើយទេ រហូតមកដល់ពេលនេះ។
លោកថា៖«[មន្ទីរ]មិនទាន់ទទួលបានពាក្យបណ្ដឹងពីកម្មករទេ [បើមានករណីនេះ] យើងចាត់វិធានាការតាមនីតិវិធីច្បាប់»។
បើតាមលោក ហឿន ចាន់ថន អះអាងថា រោងចក្រជីនយីមានទីតាំងស្ថិតនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានបើកដំណើការកាលពីឆ្នាំ២០១២ ដែលមានកម្មករប្រមាណ ៣០០០ នាក់ កំពុងបម្រើការងារ៕