ពលរដ្ឋរស់នៅក្នុងភូមិទ្រាត្បូង នាខេត្តកំពង់ឆ្នាំង ជាង១០០នាក់ បាននាំគ្នាប្រមូលស្នាមមេដៃសុំដកប្រធានភូមិរបស់ខ្លួនចេញពីតំណែងមេភូមិ ដោយថាមេភូមិរូបនោះប្រើពាក្យសម្តីមិនសមរម្យពេលពួកគាត់ទៅរកសេវា។
តាមលិខិតដែលធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ពលរដ្ឋភូមិទ្រាត្បូងឃុំស្រែថ្មីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចំនួន១០២នាក់ បាននាំគ្នាផ្តិតមេដៃ ស្នើឲ្យអភិបាលដកលោក តុប ឆាន ដែលជាមេភូមិរបស់ខ្លូនបច្ចុប្បន្នចេញពីតំណែង។ ពលរដ្ឋទាំងបានលើកឡើងតាមរយៈលិខិតដដែលនោះថា លោក តុប ឆាន មិនបានគោរពទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ទារតម្លៃសេវាសាធារណៈថ្លៃលើសពីការកំណត់ និងប្រើប្រាស់ពាក្យសម្តីអសីលធម៌ទៅលើពលរដ្ឋដែលមកទទួលសេវាសាធារណៈនានានៅក្នុងភូមិ។
យោងតាមលិខិតនេះដដែល ប្រជាពលរដ្ឋនៅក្នុងភូមិទ្រាត្បូងបានស្នើសុំជំនួសមេភូមិថ្មី ដែលមានឆន្ទៈបម្រើរាស្ត្រពិតប្រាកដ មានសីលធម៌ និងមិនប្រព្រឹត្តិអំពើពុករលួយ។
អ្នកភូមិម្នាក់ដែលដើរប្រមូលស្នាមមេដៃ គឺ លោក ព្រឿង ភារុណ បានប្រាប់ VOD តាមទូរសព្ទ បន្ថែមលើលិខិតដែលបានដាក់ចេញទៅសាលាខេត្តកំពង់ឆ្នាំង ថា លោកមេភូមិ តុប ឆាន កន្លងមកធ្លាប់មានជំនាស់ដីធ្លីជាមួយរូបលោកផ្ទាល់ និងអ្នកភូមិដទៃទៀតរហូតមានការប្តឹងដល់សាលាឃុំ ប៉ុន្តែមិនមានដំណោះស្រាយអ្វីឡើយ។ លោកបន្ថែមថា មិនត្រឹមតែប៉ុណ្ណោះលោកមេភូមិរូបនេះ ថែមទាំងបានទារថ្លៃលើសេវាសាធារណៈលើសពីការកំណត់របស់រដ្ឋ។
លោក ព្រឿង ភារុណ៖«គាត់យកតម្លៃថ្លៃលើសពីសេវារបស់រដ្ឋ ដូចជាបញ្ជាក់អេតាស៊ីវិល[សំបុត្រអាពាហ៍ពិពាហ៍]អីចឹងគាត់យកដល់ទៅ៨ម៉ឺនរៀល ឱ្យ១០រៀល[១០ដុល្លារ]អត់យកទេ គាត់យកថ្លៃៗ»។
លោក តុប ឆាន ដែលជាមេភូមិបានបដិសេធការចោទប្រកាន់ខាងលើ ដោយថាករណីនេះជាទំនាស់ផ្ទាល់ខ្លួនរវាងលោក ជាមួយនឹងលោក ព្រឿង ភារុណដែលឈានដល់ការប្តឹងផ្តល់គ្នាដល់សាលាឃុំប៉ុន្តែមិនទាក់ទងដល់ប្រជាពលរដ្ឋជាច្រើនទៀតដូចការចោទរបស់លោក ព្រឿង ភារុណឡើយ។
លោក តុប ឆាន បញ្ជាក់ថាតាមរយៈទូរស័ព្ទថា ស្នាមមេដៃដែលពលរដ្ឋបានផ្តិតជាង១០០ស្នាមមេដៃនៅលើក្រដាសសនោះ ធ្វើឡើងដោយមិនបានដឹងពីមូលហេតុច្បាស់លាស់នោះទេ ដោយថា លោក ព្រឿង ភារុណបានកុហកប្រជាពលរដ្ឋថា ផ្តិតស្នាមមេដៃដើម្បីធ្វើផ្លូវ។
លោក តុប ឆាន « ឱ្យគេ[ពលរដ្ឋ] ផ្តិតមេដៃហ្នឹង គ្មានអក្សរអីនៅលើផ្ទៃក្រដាសទេ គឺក្រដាសទទេ ពេលទៅដល់ហ្នឹងប្រាប់គេថាផ្តិតមេដៃដើម្បីធ្វើផ្លូវ រួចហើយប្រជាពលរដ្ឋគាត់មិនយល់ដែរ ក៏យល់ព្រមចេះតែផ្តិតទៅ។ មួយចំនុចទៀត គឺផ្តិតមេដៃរកអ្នកណាមួយដែលជួយខឹង ជួយស្អប់ខ្ញុំនឹងក្រុមការងារចូលរួមផ្តិតមេដៃ»។
មេភូមិលោក តុប ឆាន បានប្រាប់ថាក្រុមមន្ត្រីខាងលោក នឹងស្រាវជ្រាវអំពីស្នាម មេដៃរបស់ប្រជាពលរដ្ឋទាំងនោះឡើងវិញ និងថា ពលរដ្ឋមួយចំនួនដែលបានផ្តិតមេដៃហើយនោះចង់ដាក់ពាក្យប្តឹងតបទៅនឹងលោក ព្រឿង ភារុណវិញ។
អ្នកភូមិម្នាក់ឈ្មោះ ស៊ុត សុគា អះអាងថាគ្មាននរណាមកបង្ខំពួកគាត់ផ្តិតស្នាមមេដៃនោះទេ ពោលគឺពួកគាត់ចូលរួមផ្តិតដោយសារចង់ផ្លាស់ប្តូរមេភូមិនេះចេញ។
លោក ស៊ុត សុគា ថ្លែងថា៖ «អត់មានអ្នកណាបង្ខំចិត្តទេ ដោយសារគេមិនពេញចិត្តនឹងការងារដូចខ្ញុំថាហ្នឹងណា ទីមួយគឺអត់រឿងអសីលធម៌ហ្នឹងហ្មង»។
លោក សំ ចាន់គា ជាមន្ត្រីសម្របសម្រួលអាដហុកប្រចាំខេត្តកំពង់ឆ្នាំង បានប្រាប់ VOD តាមទូរស័ព្ទថា ចំពោះករណីសុំផ្លាស់ប្តូរមេភូមិនេះ គឺជាសិទ្ធិរបស់ប្រជាពលក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួន។ លោក បន្តអាជ្ញាធរថ្នាក់ស្រុក-ខេត្តក្រោយពីពិនិត្យលើសំណើរនេះបើសិនជាឃើញថាត្រឹមត្រូវ សមហេតុផល គួរតែធ្វើការផ្លាស់ប្តូរនិងរកមនុស្សណាដែលមានឆន្ទៈក្នុងការបម្រើប្រជាពលរដ្ឋពិតប្រាកដ។
លោក សំ ចាន់គា មានប្រសាសន៍ថា៖ « មេភូមិគឺជាមន្រី្តរបស់ក្រសួងមហាផ្ទៃ អីចឹងតំណាងរបស់ក្រសួងមហាផ្ទៃគឺមានអភិបាលស្រុក និងអភិបាលខេត្ត។ ចឹងអភិបាលស្រុកនិងអភិបាលខេត្តលោកមានសិទ្ធក្នុងការផ្លាស់ប្តូរនរណាម្នាក់ដែលលោកយល់ថាមិនបានបម្រើសេវាពលរដ្ឋឱ្យបានហ្មត់ចត់»។
អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ចាន់ឌឿន មិនទាន់អាចបញ្ជាក់ថាសាលាខេត្តបានទទួលសំណើរនេះហើយឬនៅទេ។
បើតាមលោក តុប ឆាន ភូមិទ្រាត្បូង មានពលរដ្ឋរស់នៅប្រមាណ ១១៧០នាក់ ហើយពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅមានចំនួនប្រហែល ៧០០នាក់៕