ក្រសួងការបរទេសកម្ពុជា បានប្រកាសថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងជជែកជាថ្មីពីបញ្ហាព្រំដែនកម្ពុជា-ឡាវ នៅពេលសមភាគីឡាវ ធ្វើដំណើរមកបំពេញទស្សនកិច្ចនៅកម្ពុជានៅសប្ដាហ៍ក្រោយនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី០៧ ខែកញ្ញា ក្រសួងការបទេសបានប្រកាសថា រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន បានធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសឡាវកាលពីសប្ដាហ៍កន្លងមកនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន បានពិភាក្សាយ៉ាងល្អិតល្អន់ជាមួយសមភាគីលោក គឺរដ្ឋមន្ត្រីការបរទេសឡាវ លោក សាលើមសៃ គុំម៉ាស៊ីត អំពីដំណោះស្រាយបញ្ហាព្រំដែននៅសេសសល់ និងទំនាក់ទំនងទ្វេភាគី។
ក្រសួងការបរទេស បានប្រកាសទៀតថា កិច្ចពិភាក្សារវាងប្រមុខការទូតទាំងពីរ គឺធ្វើឡើងដើម្បីធានាថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត មកកាន់កម្ពុជា នឹងប្រព្រឹត្តិទៅដោយជោគជ័យ និងបម្រើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
ទាក់ទងនឹងបញ្ហានេះ ប្រធានគណៈកម្មាការកិច្ចប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ថ្លែងប្រាប់វីអូឌីនៅព្រឹកនេះថា នាយករដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាបន្ថែមទៀតអំពីនីតិវិធីថ្មីៗនៅក្នុងជំនួបទ្វេភាគី ដើម្បីបន្តដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរ។
លោក វ៉ា គឹមហុង មានប្រសាសន៍ថា៖«យើងឃើញថា បែបបទបច្ចេកទេស បារាំងគេមកហ្នឹង ឱ្យគេធ្វើអី? ខ្មែរ និងឡាវហ្នឹង ត្រូវឯកភាពគ្នាថា ចង់ឱ្យគេជួយធ្វើនេះធ្វើនោះ ធ្វើត្រង់ណានៅ កន្លែងណា។ រឿងហ្នឹង ឯកឧត្តម ប្រាក់ សុខុនគាត់ដឹកនាំប្រភូទៅឡាវកាលពីថ្ងៃទី០៥[ខែកញ្ញា]ហ្នឹង»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសកាលពីខែសីហាថា ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឡាវមកកាន់កម្ពុជានេះនឹងពិភាក្សាបន្ថែមទៀតពីបញ្ហាព្រំដែននៃប្រទេសទាំងពីរ។
កាលពីដើមខែធ្នូឆ្នាំ២០១៨ ប្រមុខដឹកនាំកម្ពុជា និងឡាវ បានព្រមព្រៀងគ្នាឱ្យរដ្ឋមន្ដ្រីក្រសួងការបរទេសនៃប្រទេសទាំងពីរ រៀបចំឯកសារនេះ និងបែបបទបច្ចេកទេសយ៉ាងណា ឲ្យភាគីបារាំងផ្ទេរផែនទីពីខ្នាត ១/១០០ ០០០ មកផែនទី UTM ខ្នាត ១/៥០ ០០០វិញ។
លុះដល់ដើមឆ្នាំ២០១៩ កម្ពុជា និងឡាវ បានសរសេរលិខិតទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដើម្បីស្នើសុំបញ្ជូនអ្នកជំនាញការព្រំដែនបារាំង មកជួយវាស់វែង និងដោះស្រាយបញ្ហាជម្លោះនៅតាមព្រំដែនកម្ពុជា-ឡាវ។ប៉ុន្តែ មកទល់នឹងពេលនេះ បារាំងមិនទាន់បញ្ជូនអ្នកជំនាញផែនទីមកជួយលើបញ្ហានេះនៅឡើយទេ។
អ្នកឃ្លាំមើលបញ្ហាព្រំដែនដែលជាប់គុកក្នុងរឿងព្រំដែន និងជាអតីតតំណាងរាស្ត្របក្សប្រឆាំង លោក អ៊ុំ សំអាន បានប្រាប់ថា កម្ពុជាគួរតែប្រើប្រាស់ផែនទីខ្នាត ១/១០០ ០០០ ដែលបន្សល់ទុកពីអាណានិគមនិយមបារាំង។ លោកបន្តថា លោកទទួលបានព័ត៌មានពីចំណុចអសកម្មធ្ងន់ធ្ងរ បន្ទាប់ពីចរចាដោះស្រាយជាមួយឡាវក្នុងតំបន់ដុងក្រឡនាពេលកន្លងទៅ។
លោក អ៊ុំ សំអាន មានប្រសាសន៍ថា៖ «ខ្មែរយើងគ្មានជំហរច្បាស់លាស់ មន្ត្រីខ្មែរយើងហ្នឹង នៅពេលចរចារឿងព្រំដែននៅតំបន់ដុងក្រឡហ្នឹង គឺមន្ត្រីខ្មែរយើងទៅផឹកស៊ីទៅដេកនៅឡាវ។ អាហ្នឹង យើងឃើញថា ដោះស្រាយហ្នឹងឱ្យតែរួចៗពីដៃ មិនទៅយកតាមមរតកេរ្តិ៍ដែលបារាំងបន្សល់ទុកឱ្យ គេវាស់តាមការរស់នៅជាក់ស្តែងដូចការដោះស្រាយជាមួយវៀតណាអ៊ីចឹង»។
កាលពីខែសីហាកន្លងទៅ បញ្ហាទំនាស់ព្រំដែនខ្មែរឡាវ កើតឡើងបន្ទាប់ពីពលរដ្ឋខ្មែរទៅដាំដំណាំនៅលើដីក្នុងតំបន់មុំបីទន្លេរពៅ ស្ថិតនៅក្នុងខេត្តព្រះវិហារ ហើយឡាវបង្កើតទ័ពមួយចំនួន ប៉ុន្តែ សភាពការធូរស្រាលវិញបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីឡាវ ហើយប្រកាសពីភាពប្រក្រតីនៃព្រំដែននេះ។
បើតាមលោក វ៉ា គឹមហុង ព្រំដែនកម្ពុជា-ឡាវ ដែលមានប្រវែង ៥៤០គីឡូម៉ែត្រនោះ ត្រូវបោះបង្គោលព្រំដែនប្រមាណ ១៤៥បង្គោល។
បច្ចុប្បន្ននេះ ភាគីទាំងពីរបានបោះរួចចំនួន ១២១បង្គោលហើយ ដែលស្មើនឹង ៨៤ភាគរយ ហើយនៅសល់ប្រមាណ ២៤បង្គោលទៀត ខណៈចំណុចនៅសេសសល់នោះ គឺស្ថិតនៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង៕