អតីតមេដឹកនាំបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួន ស្នើទៅមេដឹកនាំម៉ាឡេស៊ី ជួយសម្របសម្រួលជាមួយមេដឹកនាំបក្សកាន់អំណាច ដើម្បីបានពិភាក្សាគ្នាជំរុញការផ្សះផ្សាជាតិ ធានាដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
លិខិតចុះថ្ងៃទី៥កញ្ញា ផ្ញើទៅនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ លោក សម រង្ស៊ី លើកឡើងថា ពិតណាស់ ការរឹតត្បិត ការគាបសង្កត់ និងទណ្ឌកម្ម មិនមែនជាចម្លើយដែលគួរស្ថិតនៅលើវេទិកាជាតិ និងអន្តរជាតិទេ។
មេដឹកនាំបក្សប្រឆាំងរូបនេះ អះអាងថា ការបើកទូលាយឱ្យមានការចូលរួម ឬបរិយាកាសបរិយាប័ន្ន ឬលើកកម្ពស់ដោយមិនរើសអើង ការសន្ទនា និងលទ្ធិប្រជាធិបតេយ្យ ជាផ្លូវឆ្ពោះទៅមុខតែមួយគត់ សម្រាប់ប្រទេសម៉ាឡេស៊ី កម្ពុជា ឬបណ្តាប្រទេសផ្សេងទៀតក្នុងពិភពលោក។
លោក សម រង្ស៊ី លើកឡើងក្នុងលិខិតនោះថា៖ «ដោយយល់ឃើញពីតួនាទីរបស់ប្រទេសម៉ាឡេស៊ីជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងធម្មនុញ្ញរបស់អាស៊ាន យើងខ្ញុំលើកទឹកចិត្តឯកឧត្តមនាយករដ្ឋមន្ត្រីជាទីគោរព ជួយសម្របសម្រួលឲ្យមានការសន្ទនារវាងរដ្ឋាភិបាល និងមេដឹកនាំគណបក្សប្រឆាំង ក្នុងគោលបំណងដើម្បីផ្សះផ្សាជាតិ ស្ថិរភាព និងវិបុលភាពក្នុងក្របខណ្ឌរបបប្រជាធិបតេយ្យសេរីអាស្រ័យរដ្ឋធម្មនុញ្ញ»។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ចាត់ទុកសំណើរបស់លោក សម រង្ស៊ី ថា គ្មានឥទ្ធិពលដល់ការសម្រេចចិត្តរបស់មេដឹកនាំរបស់លោកនោះឡើយ។
លោក សុខ ឥសាន្ត ប្រាប់ថា៖ «ខ្ញុំយល់ថា ការស្នើនេះជាសិទ្ធិរបស់គាត់ ក៏ប៉ុន្តែ វាអត់មានប្រសិទ្ធភាពអីទេ ព្រោះទី១ លោកមហាធា មហាម៉េត លោកជាសមាជិករបស់សមាគមអាស៊ាន។ អីចឹង មិនជ្រៀតជ្រែកចូលសមាជិកស្របទៅតាមធម្មនុញ្ញរបស់សមាគមអាស៊ាន។ ទី២ ពីព្រឹកមិញ ខ្ញុំបានស្តាប់វីដេអូទណ្ឌិតរត់ចោលស្រុកនេះ គឺថា មិនចរចាជាមួយសម្តេចហ៊ុន សែន ដាច់ខាត។ អីចឹងទេ ការស្នើនេះ វាគ្រាន់តែល្បិចកលនយោបាយតែប៉ុណ្ណោះទេ»។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា បានមកទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅកម្ពុជានៅដើមខែនេះ។ ពេលនោះ លោក មហាធា បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន និងថ្នាក់ដឹកនាំកម្ពុជាដទៃទៀតផងដែរ។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា ចាត់ទុកការស្វែងរកអាជ្ញាកណ្តាលនោះ ហាក់យឺតពេល ព្រោះ លោក មហាធា បានចាកចេញពីកម្ពុជាហើយ ហើយអ្វីៗក្នុងលិខិតនោះ មិនបានលើកឡើងក្នុងកិច្ចជំនួបជាមួយមេដឹកនាំបក្សកាន់អំណាចទេ។
ម្យ៉ាងវិញទៀត អ្នកវិភាគរូបនេះ អះអាងថា អ្វីដែលជំរុញឲ្យមានការប្រែប្រួលស្ថានភាពនយោបាយនៅកម្ពុជា គឺសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ព្រោះមហាអំណាចទាំងពីរនេះជាផ្សារធំរបស់កម្ពុជា។
លោក ឯម សុវណ្ណារ៉ា ប្រាប់ថា៖ «ជាទូទៅ កម្ពុជាទាំងវិស័យការទូត ទាំងវិស័យសេដ្ឋកិច្ច សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកមានឥទ្ធិពលច្រើនជាង»។
អតីតគណបក្សប្រឆាំង ត្រូវបានតុលាការកំពូល រំលាយតាំងពីមុនការបោះឆ្នោតជាតិឆ្នាំ២០១៨មក តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។ ដីកានោះ ក៏បានហាមឃាត់ថ្នាក់ដឹកនាំ ១១៨នាក់របស់គណបក្សនេះ មិនឲ្យធ្វើនយោបាយ ៥ឆ្នាំផងដែរ។
ប៉ុន្តែ ចំណាត់ការចាប់ឃុំខ្លួន លោក កឹម សុខា និងរំលាយគណបក្សប្រឆាំងនេះ ជំរុញឲ្យសហរដ្ឋអាមេរិក និងសភាពអឺរ៉ុប ថ្កោលទោស និងគំរាមដកប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មពីកម្ពុជា បើរដ្ឋាភិបាលមិនស្តារប្រជាធិបតេយ្យ ឲ្យអតីតបក្សប្រឆាំងបានដំណើរការឡើងវិញទេនោះ៕