រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បកស្រាយថា សំឡេងបែកធ្លាយបញ្ជាឱ្យទប់ស្កាត់ផែនការរបស់គណបក្សប្រឆាំងនៅតាមវត្តអារាមក្នុងរដូវភ្ជុំថា ជាវិធានការទប់ស្កាត់ចលនាបំបែកផ្ទៃក្នុងជាតិចង់ផ្តួលរំលំរដ្ឋាភិបាល មិនមែនជាបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនោះទេ។
លោក ស ខេង លើកឡើងលើគេហទំព័រហ្វេសប៊ុករបស់លោកនាថ្ងៃនេះថា ក្នុងនាមលោកជាអ្នកទទួលខុសត្រូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈមានសិទ្ធិ និងកាតព្វកិច្ចតាមផ្លូវច្បាប់ក្នុងការដាក់ចេញបទបញ្ជា ដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសម្រាប់គ្រប់គ្រងព្រឹត្តិការណ៍នានា។ អនុប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ អះអាងទៀតថា
«ខ្ញុំព្រះករុណាខ្ញុំមានសិទ្ធិចេញបញ្ជាទៅមន្ត្រីក្រោមឱវាទក្នុងការគ្រប់គ្រងសភាពការណ៍ហើយសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព ស្ថេរភាពនយោបាយ បំផុសឱ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិ ឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល អាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវមានវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត»។
ការបកស្រាយរបស់លោក ស ខេង នេះក្រោយពីមានការបែកធ្លាយសារសំឡេង ដែលលោកបញ្ជាឱ្យទប់ស្កាត់ផែនការខ្មៅរបស់ក្រុមប្រឆាំងនៅរដូវភ្ជុំបិណ្ឌនេះ។
លោក ស ខេង ថ្លែងថា៖ «សុំជម្រាបជូនឯកឧត្តម លោកជំទាវ អភិបាលរាជធានីខេត្ត មេត្តាជា្របអញ្ចេះ ពួកប្រឆាំងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គេបានឱ្យគ្នាគេចុះទៅតាមវត្តពេលភ្ជុំបិណ្ឌនោះឱ្យបានច្រើន ដើម្បីជាឱកាសពេលភ្ជុំបិណ្ឌហ្នឹងជួបជុំគ្នា ហើយនឹងពិភាក្សា ឬក៏រៀបចំផែនការខ្មៅរបស់គេនោះ។ ឥឡូវនេះ យើងនាំគ្នារៀបចំតាមខ្ញុំ យើងរៀបចំឱ្យមន្ត្រីចុះតាមវត្ត ម្យ៉ាង គឺដើម្បីរៀបចំបុណ្យភ្ជុំបិណ្ឌ ម្យ៉ាងគឺរៀបចំសភាពការណ៍ឱ្យបានល្អផង»។
អតីតអនុប្រធានគណបក្សសង្គ្រោះជាតិលោកស្រី មូរ សុខហួរ ហៅសាសំឡេងលោក ស ខេង ថា ជាការគំរាមកំហែង ជំនឿសាសនា ដែលថាពលរដ្ឋខ្មែរ៩០%គោរពសាសនាព្រះពុទ្ធដូចជារដូវបុណ្យភ្ជុំបិណ្ឌនេះជាដើម។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ ច្រានចោលការចោទប្រកាន់របស់លោក ស ខេង ដោយចាត់ទុកថា ការចាប់ខ្លួនសកម្មជន ការទប់ស្កាត់ គម្រោងវិលត្រឡប់ របស់លោក សម រង្ស៊ី ចូលកម្ពុជាទៅវិញទេ ដែលលោកស្រីថាជាក្រុមបំបែកបំបាក់ផ្ទៃក្នុងជាតិ។
លោកស្រីថា៖« ការឃាត់ខ្លួន ការចាប់ចង ការចោទប្រកាន់ ដោយអយុត្តិធម៌ ទៅលើសមាជិកគណបក្សសង្គ្រោះជាតិខ្ញុំយល់ឃើញថាគណបក្សប្រជាជនកម្ពុជាកំពុងតែភ័យខ្លាចនៃការវិលត្រឡប់ទៅវិញនៃលោកប្រធាន សម រង្ស៊ី ដើម្បីរកការផ្សះផ្សាជាតិ ទប់ស្កាត់កុំឱ្យសហគមន៍អឺរ៉ុប ក៏ដូចជាសហរដ្ឋអាម៉េរិកដក ប្រព័ន្ធអនុគ្រោះពន្ធEBA និងGSP »។
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិជិត៣០រូបហើយ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ដែលរងការចោទប្រកាន់ពីបទញុះញង់ កៀងគរមហាជនឱ្យទទួលលោកសម រង្ស៊ី ដែលគ្រោងវិលត្រឡប់វិញនៅថ្ងៃទី៩ខែវិច្ឆិកាខាងមុខនេះ។
យ៉ាងនេះក្ដី លោក ស ខេង អះអាងថាសារសំឡេង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដែលលោក ណែនាំទៅមន្ត្រីក្រោមឱវាទនោះមិនបានបញ្ជាឱ្យរារាំងឬគៀបសង្កត់ប្រជាពលរដ្ឋណាម្នាក់មិនឱ្យចូលរួមប្រារព្ធពិធីបុណ្យនេះឡើយ។
អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត បានលើកឡើងក្នុងរបាយការណ៍ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាកិច្ចប្រជុំលើកទី៤២ឆ្នាំនេះថា រយៈពេល១ឆ្នាំចាប់ពីការបោះឆ្នោតជាតិថ្ងៃទី២៩កក្កដា ឆ្នាំ២០១៨មកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាពោពេញទៅដោយការរឹតត្បិត។
តាមរយៈរបាយការណ៍ដដែល លោកស្រី រ៉ូណា ស្មីត អំពាវនាវទៅរដ្ឋាភិបាលឱ្យទម្លាក់ចោលបទចោទ លោក កឹម សុខា និងបង្កើតលម្ហសម្រាប់សន្ទនានយោបាយ រវាងរដ្ឋាភិបាល និងអ្នកនយោបាយប្រឆាំង។