ពលរដ្ឋមានជម្លោះដីធ្លីប្រមាណ១០០នាក់ នៅកោះកុងប្រមូលផ្តុំគ្នាមុខសាលាដំបូងខេត្ត ដើម្បីគាំទ្រតំណាងពួកគេដែលត្រូវបានតុលាការកោះហៅឲ្យបំភ្លឺ ដោយបារម្ភខ្លាចមានការចោទប្រកាន់ និងចាប់ខ្លួន។
តំណាងពលរដ្ឋម្នាក់ដែលត្រូវតុលាការកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃស្អែកដែរអ្នកស្រី ដេត ហួរ ប្រាប់វីអូឌីថា រូបគាត់ និងពលរដ្ឋផ្សេងទៀតប្រមូលផ្តុំនៅមុខតុលាការនៅថ្ងៃនេះ ដើម្បីទាមទារកុំឱ្យមានការចោទប្រកាន់លើរូបពួកគាត់ជាជនរងគ្រោះបាត់បង់ដីធ្លី។
អ្នកស្រីបន្ថែមថា« ខ្ញុំឈឺចាប់យ៉ាងខ្លាំង ពួកខ្ញុំបានបាត់បង់ដីជាច្រើន។ ហើយបែរជាត្រូវបានលោកឧកញ៉ាហេងហ៊ុយចោទប្រកាន់ពីបទបរិហារកេរិ៍្តទៅវិញ។ ខ្ញុំនិយាយរឿងពិត។ ខ្ញុំមិនបានបរិហារកេរិ៍្តគាត់នោះទេ។ ហើយខ្ញុំសូមអំពាវនាវដល់តុលាការពិចារណា កុំឲ្យកាន់ជើងបុគ្គលមានលុយមានអំណាចមួយធ្វើបាបដល់ប្រជាពលរដ្ឋស្លូតត្រង់ទាំងអស់នោះព្រោះពួកគាត់បាត់បង់ដីពិត»។
បើតាមដីកាចំនួន៤ចុះថ្ងៃទី២៩ ខែសីហាដូចគ្នានោះ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុងលោក រស់ សារាំ បានកោះហៅតំណាងពលរដ្ឋអ្នកស្រី កើត នៅ ឲ្យចូលបំភ្លឺម៉ោង៩កន្លះព្រឹកនេះ និងអ្នកស្រី អិន ធូ ម៉ោង២កន្លះរសៀលនេះ ខណៈតំណាង ពលរដ្ឋ២នាក់ទៀតមានអ្នកស្រី ដេត ហួរ នៅម៉ោង៩កន្លះស្អែក និងអ្នកស្រី អើប វី នៅម៉ោង២កន្លះស្អែកដែរ។
ពលរដ្ឋម្នាក់ដែលចូលរួមគាំទ្រតំណាងដល់មុខតុលាការនៅព្រឹកនេះ លោក ពួ ហួន បានទាមទារទៅតុលាការខេត្តកោះកុងឲ្យលើកលែងការចោទប្រកាន់លើតំណាងដែលតុលាការកោះហៅពេលកន្លងមកជាបន្តបន្ទាប់នោះ ដោយថា តំណាងពលរដ្ឋទាំងនោះពុំបានញុះញង់ពលរដ្ឋឲ្យតវ៉ា និងនិយាយបរិហារកេរិ៍្តណានោះទេ គឺពួកគេបានបាត់បង់ដីធ្លីដោយសារក្រុមហ៊ុន ហេង ហ៊ុយ រំលោភយកពិតមែន។
លោកបន្ថែមថា«ខ្ញុំសូមអំពាវនាវដល់តុលាការ លើកលែងការចោទប្រកាន់ លើតំណាងរបស់ប្រជាពលរដ្ឋដែលចោទថា ដើរញុះញង់ព្រោះគាត់មិនបានដើរញុះញង់ពលរដ្ឋទេ ពួកគាត់មិនបាននិយាយបរិហារកេរិ៍គេជាសាធារណៈទេ ពួកគាត់និយាយការពិត សូម្បីតែរូបខ្ញុំក៏ខ្ញុំនិយាយជាការពិតដែរ ព្រោះខ្ញុំក៏ជាជនរងគ្រោះម្នាក់ដែរ»។
មន្រ្តីសម្របសម្រួលអង្គការការពារសិទ្ធិលីកាដូប្រចាំខេត្តកោះកុង លោក ប៉ែន វុទ្ធា ធ្លាប់មានប្រសាសន៍លើករណីនេះថា តុលាការកោះហៅតំណាងពលរដ្ឋឲ្យឆ្លើយបំភ្លឺតាមបណ្តឹងរបស់ម្ចាស់ក្រុមហ៊ុន ហេងហ៊ុយ នេះ វាគឺជាការគំរាមកំហែងក្រុមអ្នកភូមិមិនឲ្យចេញតវ៉ាទាមទារដីធ្លី។
មន្រ្តីការពារសិទ្ធិមនុស្សរូបនេះ បានស្នើតុលាការឲ្យធ្វើការដោយឯករាជ្យ និងត្រូវស៊ើបឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងធ្វើការសម្រេចមិនត្រឹមត្រូវដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
លោកបន្ថែមថា«បើតាមការអះអាងរបស់ពួកគាត់។ ការនិយាយរបស់ពួកគាត់ហ្នឹងមិនបានធ្វើការបង្កាច់បង្ខូចទៅលើឧកញ៉ា ហេង ហ៊ុយ ទេ។ ពួកគាត់និយាយអ្វីដែលជារឿងពិត។ អ៊ីចឹង តុលាការត្រូវតែត្រួតពិនិត្យឲ្យមែនទែនចំពោះ ករណីបណ្តឹងនេះ ព្រោះមិនមែនថា ឧកញ៉ា ចោទប្រជាពលរដ្ឋហើយ តុលាការធ្វើទៅតាមបណ្តឹងឧកញ៉ានោះទេ។ តុលាការត្រូវមើលពីមូលហេតុជាក់ស្តែងរបស់ប្រជាពលរដ្ឋថា គាត់និយាយហ្នឹងចេញពីមូលហេតុណាមួយឲ្យជាក់លាក់ ថាគាត់និយាយភូតភរជាសាធារណៈដែរអត់»។
ពលរដ្ឋ ១៩៧ គ្រួសារ ដែលអះអាងថា កំពុងមានជម្លោះដីធ្លីជាមួយ ក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខាល់ឈ័រគ្រុប នៅស្រុកស្រែអំបិល ខេត្តកោះកុងនោះ ត្រូវបានក្រសួងរៀបចំដែនដីប្រកាសបដិសេធដោះស្រាយចំនួន ៣ដងរួចមកហើយ ដោយថា ពលរដ្ឋទាំងនោះមិនជាប់ពាក់ព័ន្ធវិវាទដីធ្លីនោះទេ ហើយក្រសួងក៏បានប្រាប់ទៅសមត្ថកិច្ចឲ្យចាត់វិធានការផ្លូវច្បាប់ចំពោះពលរដ្ឋទាំងនោះទៀតផង។
បច្ចុប្បន្ននេះ ពលរដ្ឋ ១០នាក់ក្នុងចំណោមពលរដ្ឋទាំង ១៩៧គ្រួសារនោះ ត្រូវបានតុលាការខេត្តកោះកុង កោះហៅឲ្យចូលបំភ្លឺជាបន្តបន្ទាប់ ទៅតាមបណ្តឹងរបស់ប្រធានក្រុមហ៊ុន ហេង ហ៊ុយ ដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ៕