ក្រសួងយុតិ្តធម៌ ព្រមានចាត់វិធានការច្បាប់លើអតីតមន្ត្រី និងសកម្មជនបក្សប្រឆាំងដែលចូលរួមធ្វើយុទ្ធនាការលើកម្រាមដៃ៩ ជាសញ្ញាគាំទ្រគម្រោងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី នៅថ្ងៃទី ៩ខែ វិច្ឆិកា។
អតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ បានប្រកាសឱ្យអតីតមន្ត្រីនិងសកម្មជនបក្សសង្គ្រោះជាតិទាំងអស់ធ្វើយុទ្ធនាការលើកម្រាមដៃ៩ ជាសញ្ញាគាំទ្រការវិលចូលមកកម្ពុជារបស់លោកនៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់ទុកការធ្វើយុទ្ធនាការនោះថា ជាផែនការប៉ុងប៉ងធ្វើរដ្ឋប្រហារដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ លោក បានប្រាប់វីអូឌីនៅថ្ងៃនេះ អ្នកដែលចូលរួមយុទ្ធនាការម្រាមដៃ៩និងសកម្មភាពផ្សេងៗទៀតដែលបង្ហាញការគាំទ្រដល់លោក សម រង្ស៊ីជាអំពើខុសច្បាប់។
លោក មានប្រសាសន៍ថា៖«អ្នកផ្ដើមគំនិត មេគំនិត រៀបចំផែនការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល គឺចូលបទឧបឃាត។ ក៏ប៉ុន្តែសម្រាប់អ្នកគាំទ្រតាមគ្រប់រូបភាពទាំងអស់ម្រាមដៃ មិនម្រាមដៃទេ មិនថាប្រមូលជួបជុំឬក៏សម្ដែងមតិអី ក្នុងន័យគាំទ្រដល់សកម្មភាពដែលជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល អានេះជាបទល្មើសរួមគំនិតក្បត់ដែលមានចែងក្នុងមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ»។
តាមមាត្រា ៤៥១ និងមាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌបុគ្គលិកដែលត្រូវបានចោទប្រកាន់ពី«បទឧបឃាត» ត្រូវដាក់ពន្ធនាគារពី ១៥ឆ្នាំទៅ៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈទោស ត្រូវដាក់ពន្ធនាគារអស់មួយជីវិត។
បុគ្គលដែលត្រូវជាប់ចោទពី «បទរួមគំនិតក្បត់» តាមត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ហើយបើបុគ្គលនោះ ជាមន្រ្តីសាធារណៈ ត្រូវជាប់ទោសពី១០ឆ្នាំ ទៅ ២០ឆ្នាំ។
អនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ចាត់ទុកវិធានការរបស់ក្រសួងយុត្តិធម៌នេះ ថាជាការគំរាមកំហែងដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដោយសន្តិវិធី។
លោកស្រី លើកឡើងថា៖«យើងនៅតែធ្វើការអំពាវនាវជូនដល់ប្រជាពលរដ្ឋគ្រប់ៗរូប ជាមួយនឹងយើងខ្ញុំនៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ ពីព្រោះជាប្រជាពលរដ្ឋខ្មែរ យើងមានសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញ នៅក្នុងជ្រើសរើសអ្នកដឹកនាំ។
យើងពុំអាចរស់ដោយខ្វះសិទ្ធិសេរីភាព រស់ក្នុងភាពភ័យខ្លាច ប្រជាធិបតេយ្យកើតបានឡើង លុះត្រាតែគ្រប់ៗរូបមានសិទ្ធិស្មើរគ្នា មិនរស់ក្នុងភាពអយុត្តិធម៌ ភាពភ័យខ្លាចក៏សាងលទ្ធិប្រជាធិបតេយ្យគឺកសាងជាមួយគ្នា។ យើងខ្ញុំមិនមែនជាជនក្បត់ជាតិទេ។ យើងខ្ញុំពុំដែលលក់ដីជាតិទេ។ យើងខ្ញុំពុំដែលកាប់ព្រៃឈើទេ យើងខ្ញុំពុំដែលប្រព្រឹត្តអំពើអយុត្តិធម៌ទៅលើបុគ្គលណាទេ»។
នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មើលឃើញថា វិធានការរបស់ក្រសួងមិនបានឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់ ប៉ុន្តែវាជារឿងនយោបាយទៅវិញទេ។
លោកថា៖«យើងឃើញថា ការចាប់ខ្លួន ការធ្វើទុក្ខបុកម្នេញមួយចំនួន នាំឱ្យសាធារណៈមតិក៏ដូចជា ជាតិ និងអន្តរជាតិយល់ថាវាពាក់ព័ន្ធនឹងស្ថានភាពនយោបាយជាងការអនុវត្តច្បាប់»។
រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជានៅជំពូកទី៣ នៃមាត្រា ៣១ ស្តីអំពីសិទ្ធិ និងករណីយកិច្ចរបស់ពលរដ្ឋខ្មែរចែងថា ពលរដ្ឋគ្រប់រូបមានសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ សេរីភាពខាងជំនឿសាសនា និងសេរីភាពខាងការដើរហើរ។
ពលរដ្ឋមានសិទ្ធិរស់រានមានជីវិត សិទ្ធិស្មើគ្នាចំពោះមុខច្បាប់ សិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សិទ្ធិទទួលការរ៉ាប់រងដោយសង្គម សិទ្ធិធ្វើបាតុកម្ម និងកូដកម្មដោយសន្តិវិធី។
បើតួលេខដែលសរុបដោយអតីតគណបក្សសង្គ្រោះជាតិ បង្ហាញថាសកម្មជនគណបក្សប្រឆាំង២៨ នាក់ហើយត្រូវបានចាប់ខ្លួននឹងបញ្ជូនដាក់ពន្ធនាគារ ខណៈដែលជាង១៥០ ផ្សេងទៀតត្រូវបានកោះហៅសួរចម្លើយពីសំណាក់សមត្ថកិច្ច៕