ក្រុមពលរដ្ឋ ១៩៧ គ្រួសារ ដែលអះអាងថា កំពុងមានជម្លោះដីធ្លីជាមួយ ក្រុមហ៊ុន ហេង ហ៊ុយ អេគ្រីខាល់ឈ័រគ្រុបនៅស្រុកស្រែអំបិល ខេត្តកោះកុង បានចោទថាអាជ្ញាធរមូលដ្ឋានបង្កការរំខានដល់ការជួបប្រជុំរបស់ពួកគេដែលពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយរឿងដីធ្លី។
ប្រជាពលរដ្ឋ១៩៧គ្រួសារនៅភូមិតានី ភូមិជីខ និងភូមិឈូក ស្ថិតក្នុងឃុំជីខលើ និងស្ថិតក្នុងភូមិចំបក ឃុំជីខក្រោម អះអាងថា ពួកគេមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់លោក ហេង ហ៊ុយ តាំងពីឆ្នាំ២០០៧ រហូតពេលបច្ចុប្បន្ននេះពុំទាន់ទទួលបានដំណោះស្រាយនៅឡើយទេ។
អ្នកស្រី ដេត ហួ ដែលអះអាងថា តំណាងឲ្យប្រជាពលរដ្ឋ១៩៧គ្រួសារ ប្រាប់វីអូឌីថា ក្រោយពីមិនទទួលបានដំណោះស្រាយរឿងវិវាទដីធ្លីនេះ អ្នកភូមិតែងតែជួបប្រជុំគ្នា ដើម្បីពិភាក្សាស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ប៉ុន្តែអ្នកស្រីថា រាល់ការជួបប្រជុំគ្នានោះគឺ សមត្ថកិច្ចតែងតែចុះមកថតរូប និងតាមឃ្លាំមើលរាល់សកម្មភាពរបស់ប្រជាពលរដ្ឋមិនឲ្យពិភាក្សាគ្នាបានឡើយ។
អ្នកស្រី បន្ថែមថា៖«និយាយរួមទៅប្រជុំមិនកើត រវល់តែមានសមត្ថកិច្ចប៉ូលីសមករករឿងរហូត។ មកអុកឡុកក្នុងអង្គប្រជុំ មានប៉ូលីសដែលគាត់ស្លៀកពាក់ស៊ីវិលមកចូលរួមអង្គប្រជុំ និងថតរូបពួកយើងតំណាងៗទៀត។ ហើយយើងបានសំណូមពរឲ្យគាត់ចេញពីអង្គប្រជុំគាត់មិនព្រម។ ហើយគាត់បែរជាមកនិយាយថា យើងបំពានច្បាប់ដេញសមត្ថកិច្ចទៅវិញ»។
តំណាងពលរដ្ឋម្នាក់ទៀត លោក ឆាន់ ឈឿន មានប្រសាសន៍ថា ករណីអាជ្ញាធរចុះតាមដាន និងឃ្លាំមើលសកម្មភាពអ្នកភូមិនេះបានធ្វើឲ្យពួកគាត់មានការភ័យខ្លាចមិនហ៊ាននិយាយអ្វីនោះទេ។
តំណាងពលរដ្ឋរូបនេះ បានស្នើទៅអាជ្ញាធរពន្លឿនការដោះស្រាយដីធ្លីជូនពួកគេ និងបញ្ឈប់ការតាមដានប្រជាពលរដ្ឋតទៅទៀតដើម្បីកុំឲ្យពួកគេមានការភ័យខ្លាច។
លោកបន្ថែមថា«ខ្ញុំសំណូមពរ ពេលដែលបងប្អូនសហគមន៍ខ្ញុំប្រជុំ ខ្ញុំអត់ចង់ឲ្យប៉ូលីសមករំខាន មកស៊ើបអង្កេតទេព្រោះពួកខ្ញុំប្រជុំតែរឿងបាត់បង់ដីធ្លី។ ហើយសំណូមពរមួយទៀត សុំឲ្យខាងអាជ្ញាធរជួយរកដំណោះស្រាយដីធ្លីជូនពួកខ្ញុំឲ្យបានឆាប់ៗទៅកុំឲ្យពួកគាត់រវល់ច្រើន។ បើអត់ដោះស្រាយទេពួកគាត់នៅតែហៅតំណាងទៅប្រជុំរហូតរវល់អាជ្ញាធរដដែល»។
អភិបាលស្រុកស្រែអំបិលដែលទើបឡើងកាន់តំណែងថ្មីលោក ជា ចាន់កញ្ញា មានប្រសាសន៍ថា ពុំមានអាជ្ញាធរណាទៅបំភិតបំភ័យ និងគំរាមកំហែងដល់ពលរដ្ឋមិនឲ្យជួបប្រជុំគ្នានោះទេ។ លោកបន្តថា ករណីសមត្ថកិច្ចចុះទៅសួរនាំពលរដ្ឋជួបប្រជុំគ្នានោះដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងឃុំប៉ុណ្ណោះ។
លោកបន្ថែមថា ៖«ពាក់ព័ន្ធនឹងប៉ូលីសប៉ុស្តិ៍ហ្នឹងគាត់ធ្វើការនៅក្នុងមូលដ្ឋានរបស់គាត់។ អីចឹងតែកាលណាមានការជួបជុំប្រមូលផ្តុំអីគាត់អត់ដឹង។ អីចឹងគាត់ត្រូវទៅពិនិត្យមើល ព្រោះវាពាក់ព័ន្ធនឹងសន្តិសុខនៅក្នុងសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់គាត់។ អីចឹងគាត់ចូលទៅសួរនាំ បើសិនអត់មានអីទេគាត់ចេញមកវិញ។ គាត់ពុំវិធានការអី អត់ទេ»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៅអង្គការលីកាដូប្រចាំខេត្តកោះកុងលោក ប៉ែន វុទ្ធា មានប្រសាសន៍ថា ករណីអាជ្ញាធរទៅរំខានដល់ការជួបប្រជុំរបស់អ្នកភូមិនោះ គឺធ្វើឲ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋ និងធ្វើផ្ទុយពីច្បាប់ដែលពលរដ្ឋមានសិទ្ធិជួបប្រជុំដោយសន្តិវិធី។
លោកបន្ថែមថា៖«វាផ្ទុយពីច្បាប់នៃការជួបជុំដោយសន្តិវិធី។ ប្រសិនបើអាជ្ញាធរគាត់ទៅសុំថតរូបមួយប៉ុស២ប៉ុសគាត់ត្រឡប់មកវិញមិនជាបញ្ហាអីទេ។ ប៉ុន្តែគាត់នៅអង្គុយឃ្លាំមើលតាមដានតាំងពីដើមរហូតដល់ចប់អីចឹង ធ្វើឲ្យប្រជាពលរដ្ឋហ្នឹង មិនអាចបង្ហាញមតិយោបលរបស់គាត់ទៅកាន់ក្រុមគាត់បានទេដោយសារមានការភិតភ័យដែលអាជ្ញាធរឃ្លាំមើលអីចឹង»។
បច្ចុប្បន្ននេះ ពលរដ្ឋ ១០នាក់ក្នុងចំណោមពលរដ្ឋទាំង ១៩៧គ្រួសារនោះ ត្រូវបានតុលាការខេត្តកោះកុង កោះហៅឲ្យចូលបំភ្លឺជាបន្តបន្ទាប់ ទៅតាមបណ្តឹងរបស់ប្រធានក្រុមហ៊ុន ហេង ហ៊ុយ ដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ៕