រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បំភ្លឺថា ការដែលក្រសួងតម្រូវឱ្យអ្នកសារព័ត៌មានជូនដំណឹងទៅមន្ទីរព័ត៌មាន និងអាជ្ញាធរខេត្តមួយចំនួននោះ ដោយសារអភិបាលខេត្តខ្លះធុញបញ្ហាផ្សេងៗដែលកើតដោយសារអ្នកព័ត៌មាន។
ឆ្លើយនឹងសំណួរអ្នកសារព័ត៌មានក្នុងទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសកលឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ថ្លែងថា ការដែលទាមទារឱ្យអ្នកសារព័ត៌មានជូនដំណឹង ដោយក្រសួងមើលឃើញថា បញ្ហាមួយចំនួនកើតមានកន្លងមកបណ្តាលពីអ្នកព័ត៌មានមិនប្រាប់អត្តសញ្ញាណ។
លោក ខៀវ កាញារីទ្ធ៖«ឯកឧត្តម លោកស្រីដឹងទេ ថា នៅរតនគិរី មានកាសែតប៉ុន្មានអង្គភាពទេ ? នៅរតនគិរីមានអ្នកកាសែតជាង៣០០ អង្គភាពនៅក្នុងខេត្តរតនគិរីដ៏តូចមួយ ហើយកាសែតណាមានរឿង សុទ្ធតែកាសែតមានឈ្មោះ ដល់អ៊ីចឹងទៅចៅហ្វាយខេត្តគេក៏ធុញគេដែរ។ អ៊ីចឹងគេ ត្រូវការទាមទារការបញ្ជាក់ថាអ្នកហ្នឹងពិតធ្វើអ្នកកាសែតមែនអត់ »។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក ផុស សុវណ្ណ បញ្ជាក់បន្ថែមថា អ្វីដែលក្រសួងទាមទារនេះ លោកថា ដើម្បីបង្កភាពងាយស្រួលដល់អាជ្ញាធរនិងអ្នកសារព័ត៌មាន។
លោកថា៖« ចាងហ្វាងខេត្តអត់ដឹង អ៊ីចឹងបានឱ្យខាងមន្ទីរ បញ្ជាក់អ្នកហ្នឹងមកពីវីអូឌីមែន? មកពីCNCមែន? បានគាត់ព្រមឆ្លើយ បើអត់បញ្ជាក់ច្បាស់ទេ គាត់មិនឆ្លើយទេ គាត់ចង់បញ្ជាក់អ៊ីចឹង។ ភាគច្រើនខេត្តមួយចំនួនលើកឡើង តែខេត្តដែលបញ្ហាច្រើនគឺខេត្តរតនគិរី និងមណ្ឌលគិរី» ។
កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរីបានចេញសេចក្តីជូនដំណឹងមួយថា កន្លងមក មានជនខិលខូចមួយចំនួនបានប្រើប្រាស់កាតអ្នកសារព័ត៌មាន និងលិខិតបញ្ជាបេសកកម្មរបស់ចាងហ្វាងកាសែតហួសសុពលភាព រួមទាំងឯកសារផ្សេងៗមិនត្រឹមត្រូវ ដោយយកទៅប្រើប្រាស់ខុសច្បាប់ ប្រាសចាកក្រមសីលធម៌ និងវិជ្ជាជីវៈ ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។
សេចក្ដីជូនដំណឹងដដែលនេះ រដ្ឋបាលខេត្តរតនគិរី បានស្នើទៅភ្នាក់ងារសារព័ត៌មានគ្រប់អង្គភាពទាំងអស់ត្រូវបង្ហាញអត្តសញ្ញាណ និងគោលបំណងឱ្យបានច្បាស់លាស់ទៅមន្ទីរព័ត៌មានខេត្តរតនគិរី ដោយថា ដើម្បីពង្រឹងការអនុវត្តតួនាទីប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គោរពសិទ្ធិមនុស្ស និងប្រកាន់ខ្ជាប់នូវលិទ្ធិប្រជាធិបតេយ្យ។
អ្នកយកព័ត៌មានវីអូអេ លោក ស៊ុន ណារិន ចាត់ទុកការទាមទារឱ្យអ្នកសារព័ត៌មានជូនដំណឹងទៅតាមមន្ទីរព័ត៌មាន និងអាជ្ញាធរខេត្តនេះថា ប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកសារព័ត៌មានដែលបំពេញវិជ្ជាជីវៈទៅតាមក្រមសីលធម៌។
លោកថា៖« អ្នកកាសែតធម្មតាគាត់មានសេរីភាពហើយ អ៊ីចឹងការទៅណាទៅណី យើងមិនបាច់ទាមទារ ការជូនដំណឹងទៅអាជ្ញាធរថា យើងទៅធ្វើរឿងនៅខេត្តនេះ នៅតំបន់នេះ វាអត់មានអីត្រូវជូនដំណឹងទេ ព្រោះនេះជាការងារអ្នកកាសែត។ បើសិនជាមានការទាមទារឱ្យជូនដំណឹង វាហាក់ដូចជារឹតបន្តឹងទៅលើសេរីភាពអ្នកកាសែត ព្រោះជួនកាលត្រូវធ្វើរឿងមួយចំនួន ដែលរឿងហ្នឹងជារឿងរសើប រឿងហ្នឹងវាជារឿងរិះគន់រដ្ឋាភិបាល ឬក៏អាជ្ញាធរ គាត់ត្រូវជូនដំណឹងម៉េចកើត? អ៊ីចឹងអត់ត្រូវមានការជូនដំណឹងទៅអាជ្ញាធរទេ គាត់ចង់ទៅសម្ភាស៍គឺទៅសម្ភាស៍តែម្ដងអត់មានថាជូនដំណឹងអីទេ»។
ប្រធានក្លឹបអ្នកកាសែតកម្ពុជាលោក ប៉ែន បូណា មានប្រសាសន៍ថា អ្នកសារព័ត៌មានសិទ្ធិសេរីភាពក្នុងការចុះទៅយកព័ត៌មានដោយមិនចាំបាច់ជូនដំណឹងអាជ្ញាធរដែនដីឡើយ។ ;ប៉ុន្តែប្រសិនមានករណីដូចក្រសួងលើកឡើងមែន លោកថា ក្រសួងគួរដោះស្រាយបញ្ហាជាបុគ្គលនោះ ជាជាងចេញសេចក្ដីប្រកាសឱ្យអ្នកកាសែតជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន មុនពេលចុះយកព័ត៌មាន។
លោកថា៖« ឯកឧត្ដមរដ្ឋមន្ត្រីលោកមានប្រសាសន៍ថា ដូចជាមានតែពីរ បីខេត្តទេ ប៉ុន្តែពីរ បីខេត្តនឹងក៏ដោយ បើក្រសួងអាចនឹងដោះស្រាយបញ្ចប់បញ្ហាដោយឡែករបស់ពួកគាត់ដែលក្រុមអ្នកកាសែតដែលគិតថាអាជ្ញាធរមានបញ្ហាឱ្យចប់ជាមួយគាត់ទៅ វាប្រសើរជាងការចេញអ្វីមួយជាទូទៅដែលអាចនឹងប៉ះពាល់កាសែតអាជីពផ្សេង[បំពេញតួនាទីតាមក្រមសីលធម៌វិជ្ជាជីវៈ] »។
បើតាមក្រសួងព័ត៌មានប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ វិទ្យុ ទស្សនាវដី្ត កាសែត បច្ចុប្បន្នជិត ៨០០ ស្ថាប័ន ប៉ុន្តែស្ថាប័នដែលបានផ្សាព្វផ្សាយទៀងទាត់ មានចំនួនមិនដល់៥០ទេ។
យោងតាមរបាយការណ៍ស្តីពី «សន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០១៩» របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន ដែលចេញផ្សាយ កាលពីខែមេសាឆ្នាំ២០១៩ បានទម្លាក់ចំណាត់ថ្នាក់កម្ពុជានៅលេខរៀង ១៤៣ ក្នុងចំណោមប្រទេស១៨០ លើពិភពលោក។
ពិន្ទុនេះបង្ហាញថា កម្ពុជាធ្លាក់ចុះមួយលេខទៀត បើធៀបនឹងឆ្នាំ២០១៨ ដែលកម្ពុជាទទួលបានចំណាត់ថ្នាក់១៤២ និងធ្លាក់ចុះដល់ទៅ ១១លេខ បើធៀបនឹងឆ្នាំ២០១៧ ដែលកម្ពុជាមានចំណាត់ថ្នាក់ ១៣២ ក្នុងចំណោមប្រទេស ១៨០។
ការទម្លាក់ចំណាក់ថ្នាក់ ១ ទៀតនេះ ដោយអង្គការអ្នករាយការណ៍គ្មានព្រំដែន បានកត់សំគាល់អំពីភាពស្ងៀមស្ងាត់នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ ក្រោយរដ្ឋាភិបាលបិទស្ថានីយ៍វិទ្យុប្រមាណ ៣០ កាលពីអំឡុងបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧។