មន្រ្តីជាន់ខ្ពស់នៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGO Forum) លើកឡើងថាការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចដែលរស់នៅក្នុងប្រទេសកម្ពុជានៅតែមានភាពយឺតយ៉ាវ។
ប្រធានកម្មវិធីដីធ្លី និងព្រៃឈើ នៃ NGO Forumលោក ភាព សុភា បានថ្លែងអះអាងបែបនេះនៅក្នុងកម្មវិធីសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រអភិរក្ស និងអភិវឌ្ឍជនជាតិដើមភាគតិច នៅឯភោជនីយដ្ឋានទន្លេបាសាក់កាលពីព្រឹកមិញ។ លោក បន្តថាជនជាតិដើមភាគតិចរស់នៅក្នុងប្រទេសកម្ពុជាមានចំនួនសរុបប្រមាណ៤០០សហគមន៍ តែរហូតឆ្នាំ២០១៨ទៅហើយពួកគាត់ទទួលបានប័ណ្ណកម្មសិទ្ធដីសមូហភាពតែចំនួន២៤សហគមន៍ប៉ុណ្ណោះ។
បើតាមមន្រ្តីអង្គការសង្គមស៊ីវិលដដែលនេះ មានឧបសគ្គចំនួនពីរ បានរារាំងដល់ដំណើរការនៃការចុះបញ្ជីដីសមូហភាពដីសហគមន៍របស់ជនជាតិដើមភាគតិច។
លោក ភាព សុភា ឲ្យដឹងថា៖ «ជនជាតិដើមភាគតិចគាត់រស់នៅអាស្រ័យលើធនធានធម្មជាតិ ហើយនៅពេលដែលមានការកំណត់តំបន់គ្រប់គ្រងធនធានធម្មជាតិដូចនេះ ក៏ជាផ្នែកមួយធ្វើឱ្យការចុះបញ្ជីដីមិនអាចធ្វើទៅបាន។ រឿងទីពីរដោយសារកន្លងមកមានការផ្តល់ដីសម្បទានសេដ្ឋកិច្ចដែលតំបន់ខ្លះ គឺមានការត្រួតស៊ីគ្នានឹងតំបន់ដែលជនជាតិដើមភាគតិចកំពុងរស់នៅស្រាប់។ ទាំងនេះជាបញ្ហាប្រឈមដែលបានជួបប្រទះកន្លងមក។»
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក នួន ដាញ៉ិល បានទទួលស្គាល់ថាការងារចុះបញ្ជីដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចពិតជាមានភាពយឺតយ៉ាវប្រាកដមែន ពីព្រោះតែខ្វះខាតថវិការ។
លោក នួន ដាញ៉ិលបានអះអាងថា៖ «យើងត្រូវគិតជាចម្បងថា នៅពេលដែលយើងមានផែនការមេច្បាស់លាស់ យុទ្ធសាស្ត្រច្បាស់លាស់ បន្ទាប់ពីហ្នឹងក៏យើងត្រូវតែគិតឱ្យស៊ីជម្រៅរឿងបញ្ហាថវិការហ្នឹងដែរ។»
អ្នកស្រី ទេព ទឹម ជាជនជាតិដើមភាគតិចកួយ រស់នៅភូមិព្រះមេ ឃុំព្រះមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ និងជាអ្នកតំណាងជនជាតិដើមភាគតិចមួយរូបដែរនោះ បានអះអាងថា ការរស់នៅរបស់ជនជាតិដើមភាគតិចបច្ចុប្បន្នមានជីវភាពលំបាកខ្លាំង ព្រោះដីព្រៃមិនធំដូចមុន ឯការប្រកបរបរពីការទាញអនុផលព្រៃឈើ និងចំការវិលជុំក៏ប្រឈមនឹងឧបសគ្គច្រើនដែរ។ អ្នកស្រី ក៏បានបង្ហាញក្តីបារម្ភផងដែថាបើដីសហគមន៍របស់គាត់មិនបានចុះបញ្ជីឲ្យបានឆាប់នោះទេ ក្រុមអ្នកមានប្រាក់ និងមានអំណាច អាចនឹងរំលោភយក។ ដោយសារតែបញ្ហានេះ អ្នកស្រី បានជំរុញឲ្យរដ្ឋាភិបាលជួយពន្លឿនការចុះបញ្ជីដីធ្លីសហគមន៍របស់ពួកគាត់ដែលជាជនជាតិដើមភាគតិច។
អ្នកស្រី ទេព ទឹម មានប្រសាសន៍ថា៖«ខ្ញុំព្រួយចិត្តអារឿងក្រសួងថាអត់ថវិការ ប៉ុន្តែខ្ញុំសង្ឃឹមថា ក្រសួងនឹងយកចិត្តទុកដាក់អំពីដំណើរការណ៍នៃការចុះបញ្ជីដីឱ្យសហគមជនជាតិដើមភាគតិច។ កាលណាបានចុះបញ្ជី ដីសហគមន៍ជនជាតិដើមភាគតិចនឹងមានសុវត្ថិភាព ការពារអ្នកពីខាងក្រៅ អ្នកមានលុយ អ្នកមានអំណាចដែលគេទៅយកដីនៅតំបន់ជនជាតិដើមភាគតិច។ កាលណាយើងចុះបញ្ជីវាស្របច្បាប់ហើយ អត់មានអ្នកណាហ៊ានទៅលូកលាន់ទេ។»
របាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ បង្ហាញថាប្រទេសកម្ពុជាមានជនជាតិដើមភាគតិចចំនួន២៤ប្រភេទ រស់នៅពង្រាយគ្នាក្នុងខេត្តចំនួន១៥ មានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តមានជ័យ ត្បួងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ និងខេត្តសៀមរាប ហើយមានចំនួនសរុបប្រមាណ១.៣៤%នៃចំនួនប្រជាជនសរុប។
របាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទបានបង្ហាញថា បច្ចុប្បន្នប្រទេសកម្ពុជាមានសហគមន៍ជនជាតិដើមភាគតិចចំនួន១៥០ ត្រូវបានទទួលស្គាល់អត្តសញ្ញាណជាជនជាតិដើមភាគតិច។ សហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជីទទួលស្គាល់ជានីតិបុគ្គលមានចំនួន១៤១ និងសហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជីដីសមូហភាពមានចំនួន២៥។