កម្មករ កម្មការិនីបម្រើការនៅរោងចក្រ ហ៊ឹង ជីង ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដេកយាមមុខរោងចក្ររយៈពេលជិត ៣ខែមកហើយ បន្ទាប់ពីថៅកែឈប់ដំណើរអាជីវកម្មដោយមិនបានជូនដំណឹង និងទូទាត់សំណងជូនពួកគេ។
កម្មការិនីផ្នែកដេរអ្នកស្រី ហ៊ុត តី ប្រាប់វីអូឌីមុខរោងចក្រនៅថ្ងៃនេះថា រោងចក្រ ហ៊ឹង ជីង ស្ថិតក្នុងភូមិឬស្សីត្រូវបានថៅកែបិទលែងដំណើរការអាជីវកម្មតាំងពីខែសីហារហូតមកដល់សព្វថ្ងៃនេះ ដោយមិនបានទូទាត់សំណង និងបើកប្រាក់ឈ្នួលចំនួន២ខែជូនកម្មករ។
កម្មការនីរូបនេះឲ្យដឹងថា ក្រុមកម្មករបានដាក់វេនគ្នាដេកយាមមុខរោងចក្រ ដើម្បីទាមទារទៅថៅកែឲ្យបើកប្រាក់ឈ្នួល និងទូទាត់សំណងជូនពួកគេតាមផ្លូវច្បាប់។
អ្នកស្រីបន្ថែមថា៖« សំណូមពរទៅសម្តេច ហ៊ុន សែន ជួយដោះស្រាយដល់ពួកខ្ញុំឲ្យបានលឿនព្រោះឥលូវពួកខ្ញុំពិបាកខ្លាំងណាស់ ត្រូវការលុយចំណាយលើថ្លៃផ្ទះជួល ថ្លៃកូនរៀន កូនបៅទឹកដោះគោ។ មួយខែហើយមួយខែទៀត »។
កម្មការិនីម្នាក់ទៀតកញ្ញា ប៊ុត លន និយាយថា ករណីថៅកែបិទទ្វាររោងចក្រដោយមិនបានទូទាត់សំណងជូនកម្មករនេះ គឺពួកគេបានដាក់សំណើរទៅក្រសួងការងារឲ្យជួយអន្តរាគមន៍ដោះស្រាយច្រើនដងហើយ ប៉ុន្តែមិនទទួលបានដំណោះស្រាយនោះទេ។
កម្មការិនីរូបនេះបន្តថា ការពន្យាពេលមិនដោះស្រាយសំណងជូនកម្មករនេះ បានធ្វើឱ្យពួកគាត់ជួបការលំបាកក្នុងជីវភាពគ្រួសារ និងខាត់បង់ពេលវេលាជាដើម។
កញ្ញាបន្ថែមថា៖« ឥលូវនៅក្នុងរោងចក្រនេះថៅកែគេបានផ្តាច់ទឹក ផ្តាច់ភ្លើង លែងឲ្យពួកយើងប្រើប្រាស់ទៀតហើយ។ ឥលូវបានសុំអ្នកជិតខាងយកទៅប្រើទេ សុំពួកគាត់បន្តិចបន្តួចទៅប្រើ។ ពួកខ្ញុំកំសត់ណាស់រាល់ថ្ងៃទ្រាំលំបាកទាំងអស់គ្នា ម្នាក់ៗឈឺក៏នៅទ្រាំនៅយាមដើម្បីឲ្យពួកគាត់ជួយគិតគូរ »។
ក្រុមកម្មករ បានស្នើទៅរដ្ឋាភិបាលឱ្យបញ្ចេញថវិកាបុរេប្រទានជួយដោះស្រាយដល់ពួកគេ ដើម្បីបានដោះស្រាយបញ្ហាជីវភាពដែលកំពុងប្រឈម ដោយថាម្ចាស់បន្ទប់ជួលមួយចំនួនបានឈប់ជួលបន្ទប់ឱ្យពួកគេទៀតហើយក្រោយពីពន្យាពេលបង់យូរពេក។
វីអូឌីមិនអាចសុំការឆ្លើយតបពីអ្នកនាំក្រសួងការងារលោក ហេង សួរ បានទេជុំវិវាទការងារនៅរោងចក្រហ៊ឹងជីងនេះ។
ប្រធានរដ្ឋបាលរោងចក្រ ហ៊ឹង ជីង អ្នកស្រី អួយ ណៃស៊ីម មានប្រសាសន៍ថា ថៅកែពិតជាពុំមានថវិកាបើកឲ្យកម្មករមែន ប៉ុន្តែ មិនបានបញ្ជាក់មូលហេតុនោះទេ ដោយអ្នកស្រីចោទប្រកាន់ទៅសហជីពស៊ីខាវឌូ និងកម្មករថា ជាដើមហេតុធ្វើឲ្យរោងចក្របិទទ្វារលែងដំណើរការអាជីវកម្ម។
ប្រធានរដ្ឋបាលរោងចក្ររូបនេះបន្តថា កន្លងមកថៅកែធ្លាប់បានឱ្យកម្មករលក់ឡៃឡុងសម្ភារៈសេសសល់ក្នុងរោងចក្រដើម្បីទូរទាត់សំណង ប៉ុន្តែអ្នកស្រីថាកម្មករមិនព្រមខ្លួនឯង។
អ្នកស្រីបន្ថែមថា៖«ថៅកែគាត់មិនបានរត់ចោលទៅណាទេ។ គាត់នៅតែមានជំហរជួយដោះស្រាយឲ្យកម្មករ។ គាត់ថា គាត់អត់មានលុយបើកឲ្យកម្មករមែន ប៉ុន្តែគាត់មានម៉ាស៊ីន និងឥវ៉ាន់នៅក្នុងរោងចក្រលក់បើកលុយឲ្យកម្មករ ប៉ុន្តែកម្មករដែលជាសមាជិកសហជីពស៊ីខាវឌូហ្នឹង ពួកគាត់មិនព្រមលក់។ គាត់នៅតែដេកយាមមុខរោងចក្ររហូតដល់សព្វថ្ងៃ»។
មន្រ្តីដោះស្រាយវិវាទនៅសម្ព័ន្ធសហជីពស៊ីខៅឌូ លោក ស៊ាង យ៉ូត បានច្រានការចោលការចោទប្រកាន់របស់តំណាងរោងចក្រ ដែលថាសហជីព និងកម្មករជាអ្នកធ្វើឲ្យរោងចក្របិទទ្វារ។ លោកបន្តថាក្រុមកម្មករមិនយល់ព្រមឲ្យលក់សំភារៈក្នុងរោងចក្រ ដោយសារសំភារៈទាំងនោះលក់ទៅមិនអាចទូទាត់សំណងជូនកម្មករគ្រប់គ្នា។
លោកថា៖«រដ្ឋាភិបាលត្រូវលក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន និងចាត់ការទៅតាមនីតិវិធីច្បាប់នៃប្រទេសកម្ពុជាចំពោះថៅកែដែលអត់មានលទ្ធភាពបើកប្រាក់ឈ្នួលឲ្យបងប្អូនកម្មករ។ អីចឹង ជាគោលការណ៍រដ្ឋាភិបាលគួរតែបញ្ចេញប្រាក់បុរេប្រទានបើកឲ្យបងប្អូនកម្មករសិនដើម្បីកុំបងប្អូនកម្មករនៅតវ៉ាទាមទាររ៉ាំរ៉ៃអីចឹងទៀត»។
មន្ត្រីសហជីពរូបនេះឲ្យដឹងថា តាមច្បាប់ពេលដែលរោងចក្របិទទ្វារលែងដំណើរការអាជីវកម្ម គឺត្រូវទូទាត់សំណង់ជូនកម្មករមានពីរផ្នែកទី១ ចំពោះកម្មករដែលមានកិច្ចសន្យាថេរវេលាកំណត់គឺត្រូវទូទាត់ប្រាក់បំណាច់កិច្ចសន្យាការងារ ប្រាក់បំណាច់ឆ្នាំ និងប្រាក់ឈ្នួលចុងក្រោយ។
ចំណែកកម្មករដែលមានកិច្ចសន្យាមិនកំណត់ គឺត្រូវទូទាត់ប្រាក់ជូនដំណឹង ប្រាក់បំណាច់អតីតភាពការងារ ប្រាក់ជំងឺចិត្ត ប្រាក់បំណាច់ឆ្នាំ និងប្រាក់ឈ្នួលចុងក្រោយ។
លោក ស៊ាង យ៉ូត ប៉ាន់ប្រមាណថាថៅកែរោងចក្រ ហ៊ឹង ជីង ជំពាក់សំណងកម្មករប្រហែលជាង១០ម៉ឺនដុល្លារ ខណៈក្រុមកម្មករអះអាងថា ពួកគេទាំងថ្មី និងចាស់មានគ្នាជាង១០០នាក់ដែលថៅកែមិនទូទាត់សំណង និងមិនបានបើប្រាក់ឈ្នួល២ខែចុងក្រោយ៕