ស្វាមីស្ត្រីដែលបានស្លាប់បាត់បង់ជីវិតក្នុងវ័យប្រមាណ២៨ឆ្នាំ អំឡុងពេលសម្រាលមុនកំណត់នៅឯ មជ្ឈមណ្ឌលគាំពារមាតា និងទារក (ពេទ្យជប៉ុន) ទទូចឱ្យមន្ទីរពេទ្យបង្ហាញឯកសារ និងបញ្ជាក់អំពីមូលហេតុនៃការស្លាប់របស់ភរិយាខ្លួនឱ្យបានច្បាស់លាស់។
លោក សុភា វីរៈ ស្វាមីរបស់អ្នកស្រី ឈិន សុជា ជាស្ត្រីរងគ្រោះរហូតស្លាប់បាត់បង់ជីវិតដោយការសម្រាលកូនមុនកំណត់នៅឯមជ្ឈមណ្ឌលគាំពារមាតា និងទារក(ពេទ្យជប៉ុន)កាលពីថ្ងៃទី១១ ខែតុលាកន្លងមកនេះ អះអាងថា លោក និងសាច់ញាតិក្រុមគ្រួសារមិនសុខចិត្តឡើយ ប្រសិនបើខាងមន្ទីពេទ្យនៅតែមិនបញ្ជាក់ច្បាស់អំពីមូលហេតុនៃការស្លាប់របស់ប្រពន្ធលោកទេ។ លោកថា លោកនឹងដាក់ពាក្យបណ្តឹងប្តឹងមន្ត្រីពេទ្យដែលបម្រើការក្នុងមន្ទីពេទ្យ ព្រោះពួកគេគ្មានទំនួលខុសត្រូវក្នុងម៉ោងការងារ ព្រោះធ្វេសប្រហែសមិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺ រហូតបណ្តាលឱ្យប្រពន្ធរបស់លោកស្លាប់បាត់បង់ជីវិត។
លោក សុភា វីរៈបានបញ្ជាក់ថា៖ « ចង់បានយុត្តិធម៌ឱ្យប្រពន្ធខ្ញុំជាពិសេស។ ដូចបានដឹងស្រាប់ហើយ ការឆ្លងទន្លេមិនគួរបាត់បង់ជីវិតកើតទេ សម័យនេះទៅហើយ ហើយមិនគួរឱ្យមានពេទ្យមួយចំនួនដូចជា ឃាតករទៅធ្វើការក្នុងហ្នឹងកើតទេ។ មុខងារធ្វើការរដ្ឋចេញប្រាក់ខែឱ្យបែរជាទៅដេក ហេតុផលនេះសមដែរ? អត់សមទេ។ វាគួឱ្យឈឺចាប់ខ្លាំងណាស់ ហើយប្រពន្ធខ្ញុំដូចខ្ញុំថាអីចឹង អត់មានឈឺអីទាំងអស់។ បញ្ហាមួយហ្នឹង គឺខ្ញុំអត់មានទាមទារឱ្យទារកនៅរស់ជាមួយម្តាយទេ គឺទាមទារឱ្យតែម្តាយសុខសាន្តប៉ុណ្ណោះ»។
លោក វីរៈ បានរៀបរាប់អំពីដើមហេតុដំបូងថា ប្រពន្ធរបស់លោក គឺអ្នកស្រី សុជា ជាស្ត្រីមានសុខភាពល្អធម្មតា ហើយតែងទៅពិនិត្យសុខភាពជាទៀងទាត់នៅមន្ទីពេទ្យឯកជនក្បែរតំបន់រស់នៅ ប៉ុន្តែនៅពេលដែលការពរពោះឈានដល់ខែទី៧ ក៏មានអាការៈធ្លាក់ឈាមតិចតួច។ ក្រោយទទួលការណែនាំពីពេទ្យជំនាញឯខាងឯកជនថា ស្ត្រីរងគ្រោះខ្វះគ្រាប់ឈាម គ្រួសារក៏សម្រេចនាំអ្នកជំងឺមកមជ្ឈមណ្ឌលគាំពារមាតា និងទារក នាថ្ងៃទី០៧ ខែតុលា ហើយពេទ្យក៏ណែនាំឱ្យសម្រាកនៅមន្ទីរពេទ្យតាមដានអាការៈរហូតអាការៈធ្ងន់ធ្ងរ ត្រូវសម្រាលមុនកំណត់ ហើយស្លាប់ដោយការឆ្លងមេរោគនាថ្ងៃទី១១ ខែតុលាតែម្តង។
លោក សុភា វីរៈបានបន្ថែមថា៖ «ម៉ោងប្រហែល៤ទាបភ្លឺទៅហើយ ខ្ញុំទៅប្រាប់ពេទ្យថាប្រពន្ធខ្ញុំអត់ចង់ដកដង្ហើមទេ ដកដង្ហើមអត់ចង់រួចទេ តែពេទ្យនៅធ្វើមិនដឹង តែខ្ញុំនៅតែប្រាប់ថា ប្រពន្ធខ្ញុំអត់ដកដង្ហើមទេណា រួចបានគេស្ទុះមកងើបឡើងតើមៗមកមើល។ ងើបអត់រហ័សរហួនទេ រួចទើបគេដើរទៅដាស់គ្នាគេម្នាក់ទៀត គឺគេធ្វើចឹង»។
VOD បានទូរស័ព្ទទំនាក់ទំនងទៅអ្នកស្រី ទុង រដ្ឋាវី ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់គ្រួសារជនរងគ្រោះខាងលើ តែត្រូវអ្នកស្រីបដិសេធមិនធ្វើការឆ្លើយតប ដោយលើកហេតុផលថាជាប់ប្រជុំ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានអះអាងថា រហូតមកដល់ថ្ងៃនេះ លោកនៅពុំទាន់ទទួលបានព័ត៌មានអំពីបញ្ហាមិនប្រក្រតីក្នុងការព្យាបាល ឬថែទាំអ្នកជំងឺបណ្តាលឱ្យស្លាប់នៅក្នុងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៅឡើយទេ។ ប៉ុន្តែលោក អះអាងថា ប្រសិនបើមន្ត្រីជំនាញពិនិត្យរកឃើញថា មន្ត្រីសុខាភិបាលរូបណាបានប្រព្រឹត្តិកំហុស ឬធ្វេសប្រហែសក្នុងការបំពេញការងាររហូតបណ្តាលឱ្យអ្នកជំងឺស្លាប់មែន ក្រសួងនឹងចាត់ការដាក់ទោសទៅតាមស្ថានភាពបញ្ហាជាក់ស្តែង មានផ្អាកការងាររយៈពេលខ្លី ឬសម្រេចធ្វើការដកហូតសញ្ញាប័ត្រពេទ្យតែម្តង។
លោក លី សូវ៉ាន់ បានបញ្ជាក់ថា៖ «បាទយើងអាចដាក់ពាក្យបណ្តឹងមកខាងក្រសួងសុខាភិបាល ឬមួយយើងប្រើមេធាវី យើងអាចដាក់ទៅដើម្បីប្តឹងប្តល់គ្នាទៅ បើសិនយើងចង់ប្រើប្រាស់ច្បាប់ ព្រោះពេលនេះយើងមានតែរឿងច្បាប់ទេ។ យើងមិនអាចចេះតែផ្សព្វផ្សាយ ដល់ពេលច្បាប់គេកាត់ថាឈ្នះចាញ់រួច ចេះតែថា គេអយុត្តិធម៌។ ចឹងបើគាត់មិនពេញចិត្តទេ គាត់អាចស្នើច្បាប់មក ដាក់ច្បាប់ទៅបាទ កុំឱ្យចេះតែមានពាក្យចចាមអារ៉ាម ចេះតែឮសូរ្យ»។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី បានពន្យល់ថា ករណីស្ត្រីដែលពរពោះមានអាការៈជ្រៀបឈាមតាមបាត ឬសុខបាំងមាត់ស្បូន ជម្រើសជំហានដំបូងសម្រាប់ការបញ្ជាក់អំពីមូលហេតុជំងឺពិតប្រាកដ គឺគ្រូពេទ្យត្រូវពិនិត្យអេកូពិនិត្យមើលទីតាំងច្បាស់លាស់របស់ទារក ដោយមិនត្រូវទុកអ្នកជំងឺចោលលើសពី២០នាទីឡើយ។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ករណីនេះវិធីដែលអាចសង្គ្រោះជីវិតម្តាយ មានតែមួយគត់ គឺត្រូវវះកាត់យកកូនចេញ ឯការសង្គ្រោះដោយវិធីលូកទាញចាប់យកបំណែករបស់ទារក ឬការចាក់ថ្នាំឱ្យកើត គឺជាជ្រើសវិធីខុសអាចបណ្តាលឱ្យអ្នកជំងឺប្រឈមនឹងការហូរឈាមច្រើនរហូតស្លាប់បាន។
លោក អ៊ូច វុទ្ធី បញ្ជាក់បន្ថែមថា ប្រសិនបើមានការស្នើសុំឯកសារបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់ក្រុមគ្រួសារសព មន្ទីរពេទ្យត្រូវតែផ្ដល់ឲ្យពួកគេដើម្បីជៀសវាងការចោទប្រកាន់ថា មានភាពមិនប្រក្រតីណាមួយកើតឡើង។
លោក អ៊ូច វុទ្ធី មានប្រសាសន៍ថា៖ «ករណីមានអ្នកជំងឺស្លាប់ក្នុងវេនយាមរបស់ពេទ្យណា? ពេទ្យនោះត្រូវទទួលខុសត្រូវ អាហ្នឹងលោកដុកទ័រហ្នឹងត្រូវទទួលខុសត្រូវហ្មង អត់មានឆ្លើយដាក់អ្នកណាបានទេ។ ហើយគេត្រូវហៅមកធ្វើនិទស្សន៍ ប្រជុំថា តើអ្នកជំងឺស្លាប់ដោយសារអ្វី? គេហៅសួរដេញដោល។ ឯកសារបើសាមីខ្លួនទាមទារគឺត្រូវឱ្យ អត់មានលាក់ទុករបស់គេបានទេ គេត្រូវឱ្យ បើលាក់ទុក គឺបានន័យថា គ្រូពេទ្យហ្នឹងមិនប្រក្រតីស្អីមួយហើយ។»
តាមការបញ្ជាក់របស់លោក សុភា វីរៈ រហូតដល់ថ្ងៃសពភរិយារបស់លោកត្រូវបានដឹកចេញពីពេទ្យទៅធ្វើបុណ្យឯស្រុកកំណើត គ្រួសារទទួលបានឯកសារត្រឹមពីរសន្លឹកប៉ុណ្ណោះ គឺលិខិតមរណភាព និងវិក័យប័ត្រចំណាយលើការស្នាក់នៅព្យាបាលក្នុងមន្ទីពេទ្យ។ ឯកសារដ៏ទៃទៀតពេទ្យបដិសេធពុំព្រមប្រគល់ឱ្យគ្រួសារសពឡើយ។