មេដឹកនាំសហជីព១រូប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅឲ្យចូលសវនាការ ដើម្បីឆ្លើយបំភ្លឺនៅចុងខែតុលានេះ ពាក់ព័ន្ធសំណុំរឿងនៅរោងចក្រ អេស អិល កាលពីឆ្នាំ៦ឆ្នាំមុន។
កាលឆ្នាំ២០១៣ កម្មករជាង២ពាន់នាក់បម្រើការងារនៅរោងចក្រ អេស អិល (SL Garment Processing (Cambodia) Co. Ltd)ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានតវ៉ាទាមទារលក្ខខណ្ឌការងាររហូតផ្ទុះជាអំពើហិក្សាកើតឡើង ដែលកាលនោះ ភាគីរោងចក្រចោទថាសហជីពស៊ីខាវឌូ ដែលមានលោក អាត់ ធន់ ជាប្រធានជាអ្នកញុះញង់។
ក្នុងដីការកោះឲ្យចូលសវនាការចុះថ្ងៃទី ៧ខែតុលា ដែលវីអូឌីទើបទទួលបាននៅថ្ងៃនេះ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក សេង គីមឡាក់ បានបង្គាប់ឲ្យប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ចូលទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឆ្លើយបំភ្លឺពីការចោទប្រកាន់លើខ្លួនមុខអង្គជំនុំជម្រះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ។
ក្នុងដីការកោះដដែលនេះ ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ត្រូវបានតុលាការចោទប្រកាន់ពីបទ«ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍» ពាក់ព័ន្ធរឿងវិវាទការងារនៅរោងចក្រ អេស អិល (SL Garment Processing (Cambodia) Co Ltd) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលឆ្នាំ២០១៣។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ប្រាប់វីអូឌីថា លោកមិនអាចចូលសវនាការតាមកាលកំណត់របស់តុលាការនោះទេ ដោយថាលោកជាប់រវល់បេសកម្មនៅក្រៅប្រទេស។ លោក បន្តថាកំពុងពិភាក្សារជាមួយមេធាវី ថាត្រូវពន្យាពេលឬឲ្យមេធាវីចូលទៅជំនួស។
ប្រធានសហភាពរូបនេះបន្តថា ករណីវិវាទការងារនៅរោងចក្រ អេស អិល រហូតផ្ទុះអំពើហិក្សារកើតឡើងនោះ គឺមិនជាប់ពាក់ជាមួយលោកនោះទេ ដោយលោកថា កាលនោះសហជីពរបស់លោកគ្រាន់តែចូលរួមគាំទ្រផ្នែកច្បាប់ទៅដល់កម្មករដើម្បីដោះស្រាយវិវាទតាមនីតិវិធីច្បាប់ប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖«ការដោះស្រាយកាលនោះមានន័យថា គេទុកឲ្យកម្មករដោះស្រាយខ្លួនឯងទៅ ដល់គាត់អត់មានជម្រើស គាត់អាចឈប់តវ៉ាបញ្ចប់រឿងទៅ ប៉ុន្តែវាអយុត្តិធម៌សម្រាប់គាត់។ អីចឹងហើយយើងគ្រាន់តែការពារពួកគាត់ ឲ្យគាត់ធ្វើការតវ៉ាតាមនីតិវិធី។ ហើយយើងជួយគាត់តែផ្នែកផ្លូវច្បាប់ទេ។ ប៉ុន្តែយើងត្រូវបានរងគ្រោះដោយគេចោទប្រកាន់។ ហើយកាលនោះភាគច្រើន គេចោទប្រកាន់ដោយគ្មានមូលដ្ឋានអីទេ។ ដូចខ្ញុំអី គឺទោះខ្ញុំនៅ Office[កន្លែងធ្វើការ]ក៏ដោយក៏គេចោទប្រកាន់យើងថា ញុះញង់ឬក៏ប្រព្រឹត្តអំពើហិង្សារដែរ»។
ប្រធានសហភាពការងាររូបបន្ថែមថា ករណីតុលាការចោទប្រកាន់លោកពីបទ«ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍»នោះជារឿងអយុត្តិធម៌ ដោយថាសហជីពរបស់លោកមិនដែលញុះញង់ឲ្យកម្មករតវ៉ាដោយហិង្សារ ឬធ្វើសកម្មភាពផ្ទុយពីច្បាប់នោះទេ។
បើតាមលោក អាត់ ធន់ ពាក់ព័ន្ធសំណុំរឿងនៅរោងចក្រ អេស អិល នេះ គឺកាលឆ្នាំ២០១៦ សហជីពរបស់លោកបានដាក់បណ្តឹងទៅអ្នកបញ្ជាទិញឲ្យជួយអន្តរាគមន៍ ហើយភាគីរោងចក្រក៏បានដកពាក្យបណ្តឹងវិញដែរ ប៉ុន្តែលោកមិនដឹងថាមូលហេតុអ្វីបានជាតុលាការបន្តសំណុំរឿងនោះរហូតមកដល់ពេលនេះទេ។
របាយការណ៍របស់អង្គការលីកាដូឆ្នាំ២០១៣ បានឲ្យដឹងថា កម្មករជាង២ពាន់នាក់បម្រើកាងារនៅរោងចក្រ SL បានផ្ទុះការតវ៉ាទាមទារលក្ខខណ្ឌការងារ ដោយនៅថ្ងៃទី១២ ខែវិច្ឆិកា ក្រុមកម្មករបាននាំគ្នាដើរហែរក្បូនបម្រុងទៅផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីអន្តរាគមន៍ជួយដោះស្រាយវិវាទការងារ ប៉ុន្តែកាលណោះបានប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចនៅមុខវត្តស្ទឹងមានជ័យ រហូតសមត្ថកិច្ចផ្ទុះអាវុធបណ្តាលឲ្យស្ត្រីអ្នកលក់បាយម្នាក់ស្លាប់ ខណៈពលរដ្ឋ៩នាក់រងរបួសដោយគ្រាប់កាំភ្លើង ហើយ៣០នាក់ត្រូវចាប់ខ្លួន និងព្រះសង្ឃជាង១០អង្គ ត្រូវឃាត់ព្រះកាយ។
ករណីពលរដ្ឋស្លាប់ និងរងរបួសក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាកម្មកររោងចក្រអេស អិល និងសមត្ថកិច្ចកាលឆ្នាំ២០១៣នោះត្រូវបានអង្គការផ្នែកសិទ្ធិមនុស្ស និងសិទ្ធការងារ ដែលឃ្លាំមើលករណីនេះ ថ្កោលទោសអាជ្ញាធរ ដោយថា សកម្មភាពនោះបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ខណៈអាជ្ញាធរទាំងនោះបានបាញ់គ្រប់កាំភ្លើងពិតទៅលើពលរដ្ឋស្លូតត្រង់ និងគ្មានអាវុធ៕