អតីតមេដឹកនាំបក្សប្រឆាំង លោកស្រី មូរ សុខហួរ អះអាងថា ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី លោក ហោ ណាំប៉ូរា បានបរាជ័យក្នុងការចូលទៅរារាំងលោកស្រីមិនឱ្យធ្វើសន្និសីទសារព័ត៌មាន ពីបំណងធ្វើមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំបក្សនេះមកកម្ពុជា។
អតីតអនុប្រធានគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួន គឺលោកស្រី មូរ សុខហួរ ប្រាប់ VOD តាមបណ្តាញសង្គម WhatsApp ថា នៅថ្ងៃពុធនេះ លោកស្រីត្រូវបានអនុញ្ញាតឱ្យធ្វើសន្និសីទសារព័ត៌មានមួយនៅប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រាប់ទៅអ្នកកាសែតអន្តរជាតិពីគោលបំណងធ្វើមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំមកកាន់កម្ពុជា ។
លោកស្រី មូរ សុខហួរ បន្តថា ពេលកំពុងធ្វើសន្និសីទ លោក ហោ ណាំបូរ៉ា បានចូលទៅទាញក្បាលម៉េក្រូមិនឱ្យលោកស្រីថ្លែងសារទៅកាន់អ្នកសារព័ត៌មានទេ ដោយថា លោកស្រីជាទណ្ឌិតដែលអាជ្ញាធរខ្មែរកំពុងត្រៀមចាប់ខ្លួន។
លោកស្រី មូរ សុខហួរ បន្តទៀតថា ក្រៅពីរារាំងមិនឱ្យធ្វើសន្និសីទ ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសឥណ្ឌូនេស៊ីរូបនេះ បានបណ្ដេញលោកស្រីឱ្យត្រឡប់ទៅអាមេរិកវិញ ដោយថា លោកស្រីមានសញ្ជាតិអាមេរិក។
បើតាមលោកស្រី មូរ សុខហួរ អាជ្ញាធរឥណ្ឌូនេស៊ី មិនបានធ្វើតាមសំណើរបស់លោក ហោ ណាំបូរ៉ា ទេ តែឱ្យលោកស្រីបានធ្វើសន្និសីទរហូតចប់សព្វគ្រប់ពីបំណងនៃការធ្វើមាតុភូមិនិវត្តន៍នេះ។ តែលោក ហោ ណាំ បូរ៉ា ត្រូវបានអនុញ្ញាតឱ្យនៅអង្គុយស្ដាប់ និងបានឡើងប្រតិកម្មតបពេលលោកស្រីថ្លែងចប់។ លោកស្រីថា៖
«ដល់ចុងក្រោយទៅ គាត់ [ ហោ ណាំបូរ៉ា ] បដិសេធអ្វីដែលខ្ញុំនិយាយ ដូចដែលខ្ញុំនិយាយថា ពួកយើងត្រឡប់ទៅវិញដើម្បីរកសន្តិភាពរកលទ្ធិប្រជាធិបតេយ្យ តែគាត់ថា ពួកខ្ញុំទៅដើម្បីផ្តួលរំលំរដ្ឋាភិបាល»។
បើតាមលោកស្រី មូរ សុខហួរ ការហាមពួកគាត់ មិនឱ្យចូលប្រទេសកំណើតរបស់ខ្លួន ជាការបំពានរដ្ឋធម្មនុញ្ញ។
រដ្ឋធម្មនុញ្ញមាត្រា៣៣ ចែងថា « ពលរដ្ឋខ្មែរ មិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក»។
VOD មិនអាចសុំការពន្យល់ពីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី លោក ហោ ណាំបូរ៉ា បានទេ ប៉ុន្តែ បើតាមលិខិតផ្ញើទៅកាន់ប្រធានអង្គការដែលបានរៀបចំឱ្យមានសន្និសីទនេះ លោក ហោ ណាំបូរ៉ា ចាត់ទុកថា ការផ្តល់ឱកាសឱ្យទណ្ឌិតដែលតុលាការកម្ពុជាកំពុងស្វែងរកចាប់ខ្លួនថា ជារឿងមិនត្រូមត្រូវ ។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា ពន្យល់ថា ជាការអនុវត្តគោលនយោបាយការទូត ភាគីកម្ពុជាមិនអាចចូលទៅរារាំងសកម្មភាពណាមួយលើទឹកដីឥណ្ឌូនេស៊ី ក្រៅពីដែនដីនៅក្នុងស្ថានទូតរបស់ខ្លួនបានទេ។លោកថា៖
«កម្ពុជាអាចធ្វើលិខិតទៅរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ីទៅ ហើយឥណ្ឌូនេស៊ីគេអាចមានវិធានការ ឬគ្មានវិធានការអាស្រ័យលើឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះហ្នឹងធ្វើការសម្រេចខ្លួនឯង ហើយកាលណាយើងទៅអន្តរាគមន៍ផ្ទាល់ បានន័យថា ហាក់ដូចជាយើងជាអាជ្ញាធរមានសមត្ថកិច្ច»។
គម្រោងវិលត្រឡប់មកកម្ពុជាវិញ របស់អតីតក្រុមមេដឹកនាំបក្សប្រឆាំងនេះ ត្រូវបានរដ្ឋាភិបាលប្រកាសមិនឱ្យក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលទាំងអស់ដឹកនាំពួកគេចូលចុះចតលើទឹកដីកម្ពុជាទេ ដោយព្រមានពីបទ«រួមគំនិតក្បត់»។
ជាងនេះទៅទៀត ខេត្តមួយចំនួនជាប់ព្រំដែនថៃ មានខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្តមានជ័យ ជាដើម ត្រូវបានគេដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធឈរជើងតាមច្រករបៀន និងច្រកអន្តរជាតិ ក្រោមបទបញ្ជាទប់ស្កាត់ក្រុមផ្តួលរំលំរដ្ឋាភិបាល ដែលថាដឹកនាំដោយលោក សម រង្ស៊ី។
ទោះជាយ៉ាងណា អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត កាលពីខែកញ្ញា បានអំពាវនាវតាមសេចក្ដីថ្លែងការណ៍ ឱ្យអ្នកនយោបាយខ្មែរផ្តោតលើការជជែកគ្នាដោយការស្ថាបនា ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយលើកឡើងថា សំឡេងឆ្នោតចំនួន ៤២ភាគរយនៃចំនួនប្រជាជនបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ នៅថ្នាក់ឃុំ-សង្កាត់ នៅតែត្រូវបានបដិសេធចោល មិនទាន់ដោះស្រាយនៅឡើយ។