មន្ត្រីនគរបាលជាន់ខ្ពស់អះអាងថា រហូតដល់ពេលនេះ សមត្ថកិច្ចជំនាញនៅមិនទាន់ប្រមូលភស្តុតាងគ្រប់គ្រាន់ និងកំណត់មុខសញ្ញាបាននៅឡើយ ចំពោះក្រុមជនដៃដល់វាយលើអតីតប្រធានអង្គរក្សលោក សម រង្ស៊ី និងអតីតចៅសង្កាត់កោះដាច់ មកពីគណបក្សសង្គ្រោះជាតិ។
អតីតប្រធានក្រុមអង្គរក្ស លោក សម រង្ស៊ី លោក ពូក ចន្ដា ត្រូវជនមិនស្គាល់មុខចំនួនពីរនាក់ជិះម៉ូតូយកដំបងដែក លបវាយពីក្រោយ នាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២២ ខែកញ្ញា ចម្ងាយប្រមាណ១០០ម៉ែត្រពីទីស្នាក់ការបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បីថ្ងៃក្រោយមក អតីតចៅសង្កាត់កោះដាច់មកពីគណបក្សសង្គ្រោះជាតិ លោក ស៊ិន បូណា ក៏ត្រូវជនមិនស្គាល់មុខចំនួនពីរនាក់តាមវាយ ដោយធាក់ម៉ូតូផ្តួល រួចយកដំបងដែកមកវាយសំពងរហូតរងរបួសបាក់ដៃខាងឆ្វេងម្ខាង កាលពីថ្ងៃទី២៥ ស្ថិតក្នុងខែកញ្ញាដូចគ្នា។
ហេតុការណ៍វាយចៅសង្កាត់កោះដាច់នេះ កើតឡើងតាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយជនបង្កបានពាក់មួកសុវត្ថិភាពបិទមុខជិត និងមានសៀតកាំភ្លើងនៅនឹងចង្កេះទៀតផង។
ស្នងការនគបាលរាជធានីភ្នំពេញ លោក ស ថេត បានថ្លែងបញ្ជាក់ថា ទោះបច្ចុប្បន្នលោក ពូក ចន្ដា ត្រូវបញ្ជូនខ្លួនទៅតុលាការជាមួយសកម្មជនគណបក្សប្រឆាំងចំនួន៩រូបផ្សេងទៀត ជាប់ទាក់ទងនឹងការទទួលផែនការពីលោក សម រង្ស៊ី ដើម្បីផ្តួលរំលំរដ្ឋាភិបាលយ៉ាងណាក្តី ក៏សមត្ថកិច្ចនៅតែចាត់ការចំពោះសំណុំរឿងរបស់គាត់ដដែល។ លោកបន្តថា លោកបានឱ្យសមត្ថកិច្ចស្រាវជ្រាវ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ហើយ។ លោក ស ថេតបានថ្លែងអះអាងថា៖
«ករណីហ្នុង យើងបានឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវដើម្បីចាត់ចែងទៅតាមផ្លូវច្បាប់ហើយ ប៉ុន្តែការប្រមូលភស្តុតាង វាមិនទាន់បានគ្រប់គ្រាន់»។
ចំពោះសំណុំរឿងរបស់លោក ស៊ិន បូណា វិញ អ្នកនាំពាក្យអគ្គស្នងការនគបាលជាតិ លោក ឆាយ គឹមខឿន បានថ្លែងប្រាប់ VOD កាលពីថ្ងៃទី០៦ ខែវិច្ឆិកានេះថា ករណីអំពើហិង្សាលើអតីតចៅសង្កាត់កោះដាច់រូបនេះ ក៏ស្ថិតក្នុងនីតិវិធីនៃការស្វែងរកចាប់ខ្លួនជនល្មើសនៅឡើយដែរ។ លោកថា រហូតពេលនេះ សមត្ថកិច្ចនៅពុំទាន់អាចកំណត់ច្បាស់អំពីមូលហេតុនៃការបង្កហិង្សានៅឡើយទេ។ អ្នកនាំពាក្យរូបនេះបានលើកជាចម្ងល់ថា ករណីហិង្សាលើលោក ស៊ិន បូណា មិនដឹងថា តើអតីតចៅសង្កាត់រូបនេះត្រូវគេបំពានលើ រឺក៏គាត់ធ្វើឱ្យគេមានកំហឹងនោះឡើយ? លោក ឆាយ គឹមខឿន ៖
«សមត្ថកិច្ចក៏ពិបាកចិត្តណាស់ដែរក្មួយ ព្រោះបើរកមិនឃើញ វាធ្វើឱ្យប្រជាពលរដ្ឋបាត់ភាពកក់ក្តៅ។ ខ្ញុំមិនគិតថា គាត់ជាអ្នកណាគេទេ ខ្ញុំគិតថាគាត់ជាប្រជាពលរដ្ឋរងគ្រោះទេ។ គាត់រងគ្រោះដោយអំពើហិង្សា ប៉ុន្តែមូលហេតុហិង្សាមិនទាន់រកឃើញ»។
លោក ស៊ិន បូណា បានថ្លែងបញ្ជាក់យ៉ាងខ្លីកាលពីថ្ងៃម្សិលមិញថា រឿងស្វែងរកចាប់ខ្លួនជនដៃដល់បាន ឬអត់ លោកលែងចាប់អារម្មណ៍ហើយ។ បច្ចុប្បន្ន លោកផ្តោតអារម្មណ៍តែលើការថែទាំសុខភាពជាចម្បងប៉ុណ្ណោះ។ លោកបន្តថា កន្លងមកការបង្ហាញអំពីក្តីបារម្ភរបស់លោកជាច្រើនអំពីបញ្ហាសុវត្ថិភាព និងក្តីរំពឹងទទួលបានយុត្តិធម៌ គ្មានទទួលបានចម្លើយតបជាវិជ្ជមានអ្វីទាំងអស់ ក្រៅតែពីទទួលសម្ពាធលើសដើម។ លោក ស៊ិន បូណា ៖
«ឥលូវនេះ គេតាមមើលកាន់តែច្រើន រកតែខ្ញុំចេញពីផ្ទះមិនបានផង។ រាល់ថ្ងៃនេះដៃខាងឆ្វេងរបស់ខ្ញុំវានៅឈឺចុកចាប់ សូម្បីតែលើកក៏មិនបានផង ហើយអ្នកខ្លះគេថាបែបនេះ អ្នកខ្លះគេថាបែបនោះ ឥលូវខ្ញុំរឹតតែបារម្ភខ្លាំង ព្រោះមានការចាប់ខ្លួនសកម្មជនច្រើនណាស់»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា តាមការអង្កេតរបស់លោក ការអនុវត្តការងាររបស់មន្ត្រីមានសមត្ថកិច្ចបច្ចុប្បន្នហាក់មាននិន្នាការបែងចែករឿងតាមស្តង់ដាពីរ។ ចំពោះរឿងណាដែលសមត្ថកិច្ចមានឆន្ទៈចង់តាមចាប់ខ្លួនជនសង្ស័យ គឺដំណើរការនីតិវិធីធ្វើការបានយ៉ាងឆាប់រហ័ស តែបើករណីណាមានជាប់ទាក់ទងនឹងរឿងសកម្មជននយោបាយ ឬបញ្ហាដីធ្លី ជាដើម គឺចំណាត់ការរបស់សមត្ថកិច្ចហាក់មានភាពយឺតយ៉ាវ។
លោក ស៊ឹង សែនករុណា ៖ «ក្នុងករណីនេះទៀត យើងឃើញថា មានតម្រុយជាច្រើនដែលជាហេតុនាំឱ្យសមត្ថកិច្ចអាចនឹងធ្វើការអនុវត្តច្បាប់បានយ៉ាងឆាប់រហ័សដើម្បីចាប់ជនដៃដល់មកផ្តន្ទាទោសច្បាប់របស់កម្ពុជាយើង។ ប៉ុន្តែយើងបែរជាអត់ឃើញមានចំណាត់ការណាមួយដែលធ្វើឱ្យសាធារណជនគេមានទំនុកចិត្តថា ករណីនេះអត់ត្រូវបានរើសអើងដោយសមត្ថកិច្ចទេ»។
គិតចាប់តាំងពីថ្ងៃជួបហេតុការណ៍ដំបូងនាអំឡុងខែកញ្ញា រហូតថ្ងៃនេះ ករណីហិង្សាពីសំណាក់ជនមិនស្គាល់មុខលើអតីតចៅសង្កាត់កោះដាច់ លោក ស៊ិន បូណា និងលោក ពូក ចន្ដា អតីតប្រធានក្រុមកងអង្គរក្សរបស់លោក សម រង្ស៊ី បានអូសបន្លាយពេលដោះស្រាយប្រមាណជាងមួយខែហើយ។ ករណីហិង្សាកន្លងមក មានជនល្មើសពីរនាក់លបវាយពីក្រោយ បានធ្វើឱ្យលោក ពូក ចន្ដា រងរបួសបែកក្បាល ត្រូវដេរអស់ប្រាំថ្នេរ ឯការតាមវាយប្រហារពីសំណាក់ជនដៃដល់លើលោក ស៊ិន បូណា ក៏បណ្តាលឱ្យអតីតចៅសង្កាត់រូបនេះរងគ្រោះរហូតបាក់ឆ្វេងចំនួន៣កំណាត់ បន្ថែមលើរបួសចាស់បាក់ដៃខាងស្តាំ នាឆ្នាំ២០១៨ មានក្មេងជិះម៉ូតូមកបំបុកចំរូបលោកទាំងកំរោលថែមទៀត៕