សហគមន៍អន្តរជាតិ មានសហភាពអឺរ៉ុប (EU) ជប៉ុន និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ បានអំពាវនាវជាថ្មីឱ្យដោះលែងលោក កឹម សុខា មានសេរីភាពឡើងវិញទាំងស្រុង និងស្តារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សពេញលេញនៅកម្ពុជា។
ការអំពាវនាវនេះ ធ្វើឡើងព្រមៗគ្នាក្រោយតុលាការរាជធានីភ្នំពេញបន្ធូរលក្ខខណ្ឌត្រួតពិនិត្យលើអតីតមេបក្សប្រឆាំង លោក កឹម សុខា កាលពីថ្ងៃអាទិត្យ ដោយអនុញ្ញាតឱ្យលោកអាចដើរហើរសេរី តែហាមធ្វើសកម្មភាពនយោបាយ ឬចេញពីព្រំដែនសីមាកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍ពីទីក្រុងព្រុចសែល ចុះថ្ងៃទី១១ ខែវិច្ឆិកា អ្នកនាំពាក្យសហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងនយោបាយសន្តិសុខ លោកស្រី Maja Kocijancic លើកឡើងថា ការបន្ធូរបន្ថយនេះ ជាជំហានវិជ្ជមានមួយ។ លោកស្រី Maja Kocijancic ថ្លែងថា៖
«យើងរំពឹងថា លោក កឹម សុខា នឹងត្រូវបានដោះលែង និងផ្តល់សិទ្ធិនយោបាយឡើងវិញទាំងស្រុង ដូច្នេះ លោកអាចប្រឡូកក្នុងជីវិតនយោបាយមួយពេញលេញ។ យើងក៏រំពឹងថា អាជ្ញាធរកម្ពុជានឹងផ្តល់សិទ្ធិធ្វើនយោបាយដល់សមាជិកបក្សប្រឆាំងទាំងអស់ឡើងវិញ ព្រមទាំងដោះលែងសមាជិក អ្នកគាំទ្រ និងសកម្មជនបក្សនេះ ដែលបានដាក់ឱ្យនៅក្រោមការឃាត់ខ្លួនថ្មីៗ»។
ក្នុងលិខិតដដែលនោះ EU ក៏ជំរុញផងដែរឱ្យរដ្ឋាភិបាលកម្ពុជា បើកលំហនយោបាយជាបន្ទាន់សម្រាប់អតីតបក្សប្រឆាំង និងផ្តួចផ្តើមឱ្យមានការសន្ទនាឈានទៅរកការផ្សះផ្សាជាតិ។
ដោយឡែក លេខាធិការទី១ នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា កញ្ញា Kaori Tanabe ឱ្យដឹងថា ជប៉ុនសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា នឹងចាត់វិធានការរឹងមាំបន្ថែមទៀតសម្រាប់ការពង្រឹងលទ្ធិប្រជាធិបតេយ្យ។ កញ្ញា Kaori Tanabe ប្រាប់ វីអូឌី តាមសារអេឡិចត្រូនិចថា៖
«ជប៉ុនក៏សង្ឃឹមដែរថា សេរីភាព និងសិទ្ធិមនុស្សនឹងត្រូវបានធានាតាមរយៈការសន្ទនាដែលប្រកបដោយផ្លែផ្កា និងសន្តិវិធី ក្នុងចំណោមតួអង្គអ្នកនយោបាយមកពីគ្រប់និន្នាការ ដើម្បីលើកស្ទួយដំណើរការលទ្ធិប្រជាធិបតេយ្យក្រោមការរួបរួមនៃប្រជាជនកម្ពុជា»។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោកស្រី រ៉ូណាល់ ស្មីត បានលើកឡើងក្នុងលិខិតមួយបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកស្រី ដោយសម្តែងការសោកស្តាយដែលតុលាការរាជធានីភ្នំពេញ មិនទម្លាក់ចោលបទចោទទាំងស្រុងទៅលើលោក កឹម សុខា រួមទាំងមនុស្ស៨៥នាក់ដែលត្រូវបានចាប់ឃាត់ខ្លួន។ ក្នុងលិខិតដដែលនោះ លោកស្រីមានប្រសាសន៍ថា៖
«ខ្ញុំសូមប្រកាសការអំពាវនាវរបស់ខ្ញុំម្តងទៀតទៅកាន់រដ្ឋាភិបាលកម្ពុជា និងគ្រប់ភាគីគណបក្សនយោបាយ ឱ្យកាត់បន្ថយការកើនឡើងនៃភាពតានតឹង ហើយស្វែងរកការសន្ទនាក្នុងបរិយាកាសសន្តិភាព ដើម្បីបង្កើនភាពចម្រុះនៃសំឡេងនយោបាយ ហើយចៀសវាងការរឹតត្បឹតទៅលើសិទ្ធិក្នុងការបញ្ចេញមតិ និងជួបជុំដោយសន្តិវិធីបន្ថែមទៀត»។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន លើកឡើងថា ការលើកឡើងរបស់សហគមន៍អន្តរជាតិទាំងនោះ គឺធ្វើឡើងតាមមនោសញ្ចេតនារបស់ពួកគេចំពោះអតីតមេបក្សប្រឆាំង និងអ្នកគាំទ្រប៉ុណ្ណោះ។ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា៖
«មិត្តបរទេសហ្នឹង គឺលើកឡើងទៅតាមមនោសញ្ចេតនារបស់ពួកគេទេ។ រាជរដ្ឋាភិបាលគោរពនូវនិត្យានុកូលភាព (ភាពស្របច្បាប់) និងដំណើរការយុត្តិធម៌។ ការបន្ធូរបន្ថយជាលក្ខខណ្ឌ ជាអំណាចរបស់តុលាការ ដែលគាត់បន្ធូរបន្ថយ មិនមែនឋិតនៅក្រោមសម្ពាធរបស់អ្នកណា ហើយបំណងរបស់អ្នកណាទេ អាស្រ័យតែតុលាការ ឈរលើមូលដ្ឋានអង្គហេតុ និងអង្គច្បាប់»។
កាលថ្ងៃទី១០ ខែវិច្ឆិកា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្ធូរបន្ថយការដាក់ឱ្យនៅក្រោមការពិនិត្យរបស់តុលាការលើមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប៉ុន្តែ នៅតែហាមលោកមិនឱ្យធ្វើសកម្មភាពនយោបាយ និងចាកចេញពីប្រទេសកម្ពុជា ក្រោមហេតុផលដើម្បីអនុញ្ញាតឱ្យលោកអាចទៅពិនិត្យសុខភាព និងព្យាបាល។
លោក កឹម សុខា អាយុ៦៦ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបានបញ្ជូនទៅឃុំខ្លួននៅឯពន្ធនាគារត្រពាំងផ្លុង ស្ថិតនៅជិតព្រំដែនកម្ពុជា-វៀតណាម មុននឹងលោកត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ៕