រដ្ឋាភិបាលថា ​ការដោះ​លែង​មេដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង ​ត្រូវ​​បាន​ដាក់​បញ្ចូល​ក្នុង​របាយការណ៍​ឆ្លើយ​តប​ទៅ EU​

(ឆ្វេង) លោក កឹម សុខា ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល នៅ​ឯ​គេហដ្ឋាន​របស់​លោក ក្រោយពេលតុលាការសម្រេចឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។(ស្ដាំ) ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ទៅ​ហើយ​នោះ ធ្វើ​ដំណើរ​អម​ដោយ​សន្តិសុខ​ចាក​ចេញ​ពី​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (បញ្ញា ឆពណ្ណ)

មន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សកម្ពុជា អះអាងថា ការ​ផ្ដល់​សេរីភាព​ដល់​មេដឹកនាំ​ និង​សកម្មជន​បក្សប្រឆាំង​​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​របាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា ​​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប។

សហភាព​អឺរ៉ុប បាន​បញ្ចប់​របាយការណ៍​មួយ​ដែល​បាន​ស៊ើប​អង្កេត​ទៅ​លើ​​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​បាន​បញ្ជូន​របាយការណ៍​នោះ​មក​រដ្ឋាភិបាល​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​កន្លង​មក​នេះ។

សហភាព​អឺរ៉ុប ក៏​បាន​កំណត់​ពេល១​ខែ​សម្រាប់​កម្ពុជា​ឆ្លើយ​តប​ទៅ​នឹងអ្វី​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ស៊ើប​អង្កេត​នោះ មុន​នឹង​ឈាន​ទៅ​សម្រេច​ថា ព្យួរ ឬ​មិន​ព្យួរ​ប្រព័ន្ធអនុគ្រោះ​ពាណិជ្ជកម្ម «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» សម្រាប់​ប្រទេស​កម្ពុជា​ នា​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​នេះ។

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល​ លោក​ កត្តា​ អ៊ន ប្រាប់វីអូឌីនៅថ្ងៃនេះថា រដ្ឋាភិបាលបាន​លើកយកការដោះលែងលោក កឹម សុខា និងមន្ត្រី​សកម្មជនគណបក្សសង្រ្គោះជាតិ​ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ទៅឆ្លើយតបនឹងរបាយការណ៍សហភាពអឺរ៉ុប ដើម្បីឱ្យពិចារណាលើការព្យួរប្រព័ន្ធអនុគ្រោះពន្ធ។

«ក្រសួងមហាផ្ទៃបានត្រៀមហើយ ​អំពី​ការឆ្លើយតបនឹងការប្រើប្រាស់សេរីភាពបញ្ចេញមតិ បញ្ហាពាក់ព័ន្ធនឹងគណបក្សនយោបាយ​ សកម្មជននយោបាយ និងការដោះលែងសកម្មជនផ្សេងៗ។ បញ្ហាវិទ្យុមួយចំនួនដែលបានបើកឡើងវិញ បញ្ហានៅក្រៅឃុំ សេរីភាពរប​ស់លោក កឹម សុខា ជាដើម។ នេះជាបញ្ហាថ្មីៗ​​ដែលយើងត្រូវបន្ថែមទៅក្នុងរបាយការណ៍ចាស់ របស់បន្ថែមទៀត​ឱ្យ EU ​យល់»

មន្ត្រី​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល​រូប​នេះ បញ្ជាក់​ទៀត​ថា ការទាមទាររបស់សហភាពអឺរ៉ុបឱ្យទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា និងមន្ត្រី​សកម្មជនគណបក្សប្រឆាំង រួមទាំងអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិ​បើក​ដំណើរការឡើងវិញនោះ លោកថា រដ្ឋាភិបាលនឹងមិនអាចធ្វើទៅតាមការទាមររបស់អឺរ៉ុបឡើយ។ លោកចាត់ទុកការទាមទាររបស់អឺរ៉ុបថា បានរំលោភអធិបតេយ្យភាពរបស់កម្ពុជា។

«ការទាមទាររបស់គាត់[សហភាពអឺរ៉ុប] ដែលហួសហេតុខុស​នីតិវិធីច្បាប់​កម្ពុជា មិនអាចទទួលយកបានទេ។ ​​នេះជាសមត្ថកិច្ចរបស់តុលាការ​ដែលកំពុងធ្វើសព្វថ្ងៃនេះ។ ដូច្នេះហើយ យើងនឹងពន្យល់គាត់បន្ថែម​ទៀត​ពី​នីតិវិធី​ ប៉ុន្តែ យើងមិនមែនបំពេញសេចក្ដីត្រូវការ​របស់គាត់​ដែលបង្ខំ​យើងឱ្យល្មើសច្បាប់ទេ»​

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងលោក ម៉ែន ប៊ុនរិទ្ធ បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

ប៉ុន្តែ ថ្លែងក្នុង​កម្មវិធី​បិទ​សិក្ខាសាលា​ជាតិ​ស្តីពី​ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​​២០២០ នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ច្រានចោលរបាយការណ៍​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដោយលោក​បាន​ចោទប្រកាន់​ថា ​មានការ​គំរាមកំហែង​ និង​គាបសង្កត់​ទៅលើ​ពួកគេ​។

លោក ស ខេង ថ្លែង​ថា៖ «យើង​ក៏បាន​សរសេរ​ក្នុង​របាយការណ៍​ឆ្លើយតប​ទៅ​សហគមន៍​អឺរ៉ុប​បែបនេះ​ដែរ ឮ​ថា ​មាន​ការត្អូញត្អែរ​អំពី​ការគំរាមកំហែង ការគាបសង្កត់ ក៏ប៉ុន្តែ​ព័ត៌មាន​ជាក់លាក់​ យើងខ្ញុំ​អត់​មាន​ទេ​។ ជាគោលការណ៍​ តែងតែ​ធ្វើការ​ណែនាំ ទោះបី​នៅ​ទីនេះ​ក្តី ឬ​តាមរយៈ​លិខិតស្នាម​ក្តី​ តាមរយៈ​ចុះទៅ​តាម​មូលដ្ឋាន​ក្តី ខ្ញុំ​តែងតែបាន​រំឭក​អំពី​ការលើក​កម្ពស់​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​សង្គមស៊ីវិល​នេះ បើ​ភាគី​ម្ខាង​តាំងចិត្ត​ពង្រឹង​ភាពជា​ដៃគូ តែ​ម្ខាង​ទៀត​មិន​តាំងចិត្ត ក៏​វា​ទៅ​មិន​រួច សុំ​ឲ្យ​ភាគី​ទាំង​២ ​តាំងចិត្ត​ដូច​គ្នា​»​

លោកបន្តថា ក្រសួង​មហាផ្ទៃ​បាន​បញ្ជូន​ទៅ​ក្រសួង​ការបរទេស​កម្ពុជា​រួច​មក​ហើយ​នូវ​របាយការណ៍​មួយ​​ដែល​បក​ស្រាយ​អំពី​ស្ថានភាព​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ហើយ​ត្រៀម​ផ្ញើ​ទៅ​សហភាព​អឺរ៉ុប​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​១២ ខែ​ធ្នូ​នេះ។

អ្នកវិភាគ​នយោបាយ​ លោក​ ឯម​ សុវណ្ណ​រ៉ា លើក​ឡើងថា ប្រសិនបើរដ្ឋាភិបាលមិនធ្វើទៅតាមការទាមទាររបស់សហភាពអឺរ៉ុប លោកថា ប្រព័ន្ធអនុគ្រោះពន្ធនឹងបាត់បង់។ លោកបន្តថា បើកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ក្រុមហ៊ុនធំៗមួយចំនួនដែលវិនិយោគនៅកម្ពុជានឹងដកខ្លួនចេញ ដោយសារ​ក្រុមហ៊ុនទាំងនោះ មិនចង់ពាក់ព័ន្ធជាមួយនឹងទាមទាររបស់អឺរ៉ុប។

លោក​ ឯម​ សុវណ្ណ​រ៉ា៖ «នេះជារឿងមួយដែលយើងបារម្ភ។ រឿងបារម្ភមួយទៀត អាចអ្នកប្រើប្រាស់របស់សហគមអឺរ៉ុប គេគិតខុសពីពលរដ្ឋកម្ពុជា។ គេអាចធ្វើពហិកាមិនប្រើប្រាស់ផលិតផលកម្ពុជា ដូច​ករណី “ស្ករឈាម” កន្លងមក យើងមានការលំបាកទៅហើយ។ អ៊ីចឹងកន្លែងហ្នឹង រដ្ឋាភិបាលអាចគិតពិចារណា និងអាចមានទឡ្ហីករស្វែងយល់កន្លែងហ្នឹងច្បាស់ហើយ»

ស្ថានភាព​មិន​ច្បាស់​លាស់​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធផ្នែកពាណិជ្ជកម្ម​នេះ បាន​ជំរុញ​ទៅ​សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC បង្ហាញក្ដីបារម្ភ​របស់​ពួកគេ​ទៅ​កាន់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ខែ​ឧសភា​កន្លង​មក ដោយ​ថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មពីសហភាពអឺរ៉ុបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់កម្មករកាត់​ដេរ​ខ្ទង់ ៧៥ម៉ឺននាក់ និងប៉ះពាល់ដល់ប្រជា​ពលរដ្ឋខ្មែរ ៣លានគ្រួសារផ្សេងទៀតដោយប្រយោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ