ប្រជាសហគមន៍មានជម្លោះដីធ្លីនៅខេត្តព្រះសីហនុ បានសម្រេចចិត្តមិនប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូនោះទេ បន្ទាប់ពីពលរដ្ឋ ៤រូបដែលជាតំណាងរបស់ពួកគេ រងការគំរាមកំហែងចាប់ខ្លួន ក្រោយពីបានស្នើសុំប្រារព្ធទិវាសិទ្ធិមនុស្សនៅក្នុងខេត្តជាប់ឆ្នេរសមុទ្រមួយនេះ។
ក្នុងលិខិតចុះថ្ងៃទី៣ ខែធ្នូ តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តព្រះសីហនុ បានដាក់លិខិតមួយទៅរដ្ឋបាលខេត្តដើម្បីជូនដំណឹង និងសុំទីតាំងរៀបចំកន្លែងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅព្រឹកថ្ងៃទី៩ ខែធ្នូនេះ ប៉ុន្តែ រដ្ឋបាលខេត្តព្រះសីហនុបានចេញលិខិតមួយនៅកាលពីថ្ងៃទី៦ ខែធ្នូ ដោយមិនអនុញ្ញាតឱ្យរៀបចំកម្មវិធីនេះឡើយ។
មន្ត្រីសម្របសម្រួលនៅសម្ព័ន្ធសហគមន៍កសិករកម្ពុជាប្រចាំខេត្តព្រះសីហនុ លោក ញឹល ភាព ប្រាប់វីអូឌីនៅថ្ងៃនេះថា តំណាងពលរដ្ឋដែលបានដាក់លិខិតជូនដំណឹងអំពីការរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិនោះ បានទទួលរងការគំរាមកំហែង និងព្រមានចាប់ខ្លួនពីសំណាក់អាជ្ញាធរ ប្រសិនបើតំណាងទាំងនោះ ហ៊ានដឹកនាំពលរដ្ឋរៀបចំកម្មវិធីនេះ។
មន្ត្រីសង្គមស៊ីវិលរូបនេះ បន្តថា ក្រោយមានការគំរាមកំហែង និងព្រមានចាប់ខ្លួនបែបនេះ ប្រជាពលរដ្ឋទាំងនោះ បានសម្រេចប្រមូលផ្ដុំគ្នា ដើម្បីដាក់ញ្ញត្តិទៅសាលាខេត្តព្រះសីហនុវិញ ដោយទាមទាររកដំណោះស្រាយជុំវិញវិវាទដីធ្លីរបស់ពួកគេ។
លោក ញឹល ភាព ប្រាប់ថា៖ «បើឈ្មោះខ្ញុំវិញ មាននៅក្នុងបញ្ជីរបស់សាលាខេត្ត ក៏ដូចជាស្នងការ និងប៉េអឹមខេត្ត ជាពិសេសតំណាងសហគមន៍ដែលគាត់ដាក់លិខិតជូនដំណឹងស្តីពីការរៀបចំវេទិកាសិទ្ធិមនុស្ស១០ធ្នូហ្នឹង គឺពួកគាត់ទទួលបាននូវការគំរាមកំហែងដ៏ធ្ងន់ធ្ងរ។ គេថា បើហ៊ានធ្វើ ពួកគេដែលជាអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចហ្នឹង គេនឹងចាប់ខ្លួន»។
តំណាងពលរដ្ឋម្នាក់ លោក យូ វាសនា ប្រាប់វីអូឌីថា រូបលោកទទួលបានទូរសព្ទហៅចូលជាច្រើនដង ដោយប្រាប់មិនឱ្យចូលរួមសកម្មភាពជាមួយប្រជាពលរដ្ឋ និងព្រមានចាប់ខ្លួនលោកថែមទៀត។
តំណាងពលរដ្ឋរូបនេះ បន្តថា រូបលោក និងតំណាងផ្សេងទៀតមិនហ៊ានចូលរួមជាមួយប្រជាពលរដ្ឋដែលនាំគ្នាប្រមូលផ្តុំដាក់ញត្តិនៅសាលាខេត្តព្រះសីហនុនោះទេ ដោយបារម្ភខ្លាចមានការចាប់ខ្លួន។
លោក យូ វាសនា បានចាត់ទុកករណីនេះថា ជាការគំរាមកំហែង និងជាការបំបិទសិទ្ធិសេរីភាព ខណៈទិវាសិទ្ធិមនុស្សអន្តរជាតិនេះ ជាបុណ្យសកលដែលមនុស្សនៅលើពិភពលោកត្រូវតែគោរព និងត្រូវការបំផុតនោះ។
លោក យូ វាសនា ប្រាប់ថា៖ «យើងទាំងអស់គ្នាត្រូវតែទាមទារសិទ្ធិទាំងអស់ហ្នឹង ហើយបើគេមិនឱ្យគោរពសិទ្ធិហ្នឹង មានន័យថា គេចង់បំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ក្នុងការជួបជុំ ក្នុងការធ្វើវេទិកាសាធារណៈនេះតែម្តង។ អីចឹង យើងមើលឃើញថា វាមានភាពអយុត្តិធម៌ណាស់សម្រាប់ប្រទេសកម្ពុជាយើង ដែលបិទសិទ្ធិសេរីភាពមិនឱ្យយើងជួបជុំ និងបញ្ចេញមតិនេះ»។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានច្រានចោលការលើកឡើងរបស់តំណាងពលរដ្ឋ ដែលថា អាជ្ញាធរគំរាមកំហែងលើពួកគេ។
លោក ឃាង ភារម្យ ប្រាប់ថា៖ «រឿងគំរាមកំហែងរកចាប់ខ្លួនហ្នឹង ខ្ញុំមិនទទួលបានព័ត៌មានហ្នឹងទេ។ បើចំពោះរដ្ឋបាលខេត្ត យើងធ្វើតាមគោលការណ៍ច្បាប់។ យើងអត់មានទៅគំរាមកំហែងអីចឹងទេ។ បើមានការគំរាមកំហែង គាត់អាចប្រើប្រាស់សិទ្ធិគាត់បាន កុំចោទប្រកាន់អាជ្ញាធរ»។
នាយករងអង្គការលីកាដូ លោក អំ សំអាត បានបង្ហាញការសោកស្តាយ ក្រោយពីអាជ្ញាធរខេត្តព្រះសីហនុមិនអនុញ្ញាតឱ្យប្រជាសហគមន៍រងគ្រោះដីធ្លីប្រារព្ធទិវាសិទ្ធិមនុស្ស និងគំរាមចាប់ខ្លួនតំណាងពួកគេទៀតនោះ។
សកម្មជនការពារសិទ្ធិមនុស្សរូបនេះ បន្តថា អាជ្ញាធរខេត្តព្រះសីហនុ កំពុងតែធ្វើឱ្យប៉ះពាល់បន្ថែមទៀតទៅដល់មុខមាត់រដ្ឋាភិបាលកម្ពុជានៅលើឆាកអន្តរជាតិ ដែលកំពុងរងការរិះគន់ពីការរំលោភសិទ្ធិមនុស្ស។
លោក អំ សំអាត បន្ថែមថា៖ «ព្រោះសហគមន៍អ៊ឺរ៉ុបគេកំពុងតែចាំមើលថា តើកម្ពុជាយើងហ្នឹងបានកែលម្អអ្វីខ្លះ?។ អ៊ីចឹង រដ្ឋាភិបាល ជាពិសេសថ្នាក់ជាតិ លោកកំពុងមានវិធានការ និងគោលការណ៍លើកកម្ពស់ដល់សិទ្ធិមនុស្សឱ្យមានភាពល្អប្រសើរឡើង ប៉ុន្តែ អាជ្ញាធរមូលដ្ឋាន ហាក់បីដូចជាកំពុងដើរបញ្ច្រាស មានន័យថា គំរាមកំហែង ឬក៏បិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការចូលរួមទិវាសិទ្ធមនុស្សនោះ អាហ្នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលទៅវិញទេ»។
លោក អំ សំអាត ឱ្យដឹងថា អង្គការលីកាដូបានចូលប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ជាមួយសហគមន៍ចំនួន ១១ខេត្តក្រុង ប៉ុន្តែ មានអាជ្ញាធរខេត្តព្រះសីហនុមួយនេះទេ ដែលមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបចំប្រារព្ធពិធីនេះ។
កាលពីសប្តាហ៍មុន ក្រុមអង្គការសង្គមស៊ីវិលបានដាក់លិខិតមួយទៅអាជ្ញាធររាជធានីភ្នំពេញ ដើម្បីសុំទីលានប្រជាធិបតេយ្យជួបគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ដែលគ្រោងមានមនុស្សប្រហែល ២ពាន់នាក់ចូលរួមប្រារព្ធពិធីនេះ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធការពារសិទ្ធិមនុស្សកម្ពុជា លោក ណៃ វ៉ង់ដា ប្រាប់វីអូឌីថា លោកទទួលបានលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃរួចហើយនៅថ្ងៃនេះ៕