លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅស្ថាប័នពាក់ព័ន្ធឱ្យតាមដានចំពោះម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដើម្បីកុំឱ្យពួកគេខ្ចីថវិការបស់រដ្ឋាភិបាលហើយ បែរជាមិនបានជួយដល់ប្រជាកសិករ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅថ្ងៃនេះ លោក ហ៊ុន សែន បញ្ជាទៅក្រសួងពាណិជ្ជកម្ម និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យធ្វើការតាមដាន ដើម្បីកុំឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងនោះ ខ្ចីថវិកាពីរដ្ឋាភិបាលហើយ ទៅទិញស្រូវពីប្រជាពលរដ្ឋក្នុងតម្លៃថោក។
លោកថា៖ «ស្តុកស្រូវដែលទទួលទិញពីកសិករ សូមកុំបង្អាប់ថ្លៃស្រូវរបស់ប្រជាជន។ រាជរដ្ឋាភិបាលបានបញ្ចេញថវិកាចំនួន៥០លានដុល្លារ ដើម្បីជួយម៉ាស៊ីនកិនស្រូវ ប៉ុន្តែសូមអស់លោកយល់ មិនមែនយក៥០លានដុល្លារទៅច្របាច់កប្រជាជន ទម្លាក់ថ្លៃ[ស្រូវ] នោះទេ។ ខ្ញុំសូមឱ្យក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ត្រួតពិនិត្យមើលបញ្ហានេះឱ្យបានឆាប់ តាមដែលអាចធ្វើទៅកើត»។
កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាក់ប្រាក់៥០លានដុល្លារ ដល់ធនាគារអភិវឌ្ឍន៍ជនបទ សម្រាប់ផ្ដល់កម្ចីដល់អ្នកប្រមូលទិញស្រូវ ដោយថា ដើម្បីរក្សាតម្លៃស្រូវរបស់ កសិករ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី សម្ដែងការគាំទ្រចំពោះវិធានការរបស់លោកនាយករដ្ឋមន្ត្រី។ លោកបន្តថា ប្រសិនបើស្ថាប័នពាក់ព័ន្ធមិនធ្វើការតាមដាន ឬកំណត់តម្លៃស្រូវឱ្យក្រុមហ៊ុន ឬម្ចាស់រោងម៉ាស៊ីនទិញទេ លោកថា ថវិកាដែលប្រមុខរដ្ឋាភិបាលទម្លាក់នោះ ក៏មិនបានផលប្រយោជន៍ដល់កសិករដែរ។
លោកថា « អ៊ីចឹង បើមិនបានត្រួតពិនិត្យតម្លៃ ឬមិនកំណត់តម្លៃស្រូវទេ អាហ្នឹង វាមិនមែនជាសម្បទានថវិកាសម្រាប់ជួយកសិករទេ គឺបានត្រឹមតែជួយឈ្មួញ ហើយធ្វើឱ្យឈ្មួញកាន់តែចំណេញ ដោយសារ យកលុយរដ្ឋាភិបាល ទៅទៀត ហើយតម្លៃស្រូវនៅតែថោកដដែល »
កាលពីឆ្នាំ២០១៦ ប្រជាកសិករនៅខេត្តបាត់ដំបង បានផ្ទុះការតវ៉ាដោយចាក់ស្រូវបិទផ្លូវ បន្ទាប់ពីតម្លៃស្រូវចុះថោក ក្រោយពីមានការតវ៉ានោះ រដ្ឋាភិបាលបានទម្លាក់លុយជាបន្តបន្ទាប់ខ្ទង់រាប់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីជួយទប់តម្លៃស្រូវដែលធ្លាក់ថ្លៃនេះ។
យោងតាមទិន្នន័យកាលពីថ្ងៃទី៤ ខែធ្នូ របស់សហព័ន្ធស្រូវអង្ករកម្ពុជា តម្លែស្រូវផ្ការំដួលសើមនៅវាលស្រែ មានតម្លៃចន្លោះ៨៥០រៀល ដល់១២០០រៀលក្នុងមួយគីឡូក្រាម។
បើតាមអង្គភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភកម្ពុជា ប្រទេសកម្ពុជាអាចផលិតស្រូវបានជាង១០លានតោនក្នុងមួយឆ្នាំ។ ប្រទេសនេះត្រូវការតែជាង៤លានតោនប៉ុណ្ណោះ ដើម្បីចិញ្ចឹមពលរដ្ឋ ខណៈជាង៥លានតោនត្រូវបានប្រទេសជិតខាងនាំគ្នាចូលមកទិញពីកសិករ ហើយការនាំចេញអង្ករទៅអន្តរជាតិដោយក្រុមហ៊ុនឯកជនក្នុងស្រុកមានចន្លោះតែពី៥០ម៉ឺន ទៅជាង៦០ម៉ឺនតោនប៉ុណ្ណោះ៕