សណ្ឋាគារផ្កាយ៥ ដឹហ្រ្កេតឌ្យូកភ្នំពេញ (The Great Duke Phnom Penh) អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់ មានទីតាំងកណ្ដាលរាជធានីភ្នំពេញ ប្រកាសបិទទ្វារចាប់ពីចុងខែធ្នូនេះទៅ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សណ្ឋារគារនេះ ដែលត្រូវផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៣០ ខែធ្នូ។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ ដឹហ្រ្កេតឌ្យូកភ្នំពេញ (The Great Duke Phnom Penh) លោក ចាក្រាភុង ផាឡាសុងក្រាន ( ChakraPong Palasongkran) បញ្ជាក់ថា សណ្ឋាគារនឹងត្រូវបិទទ្វារនៅថ្ងៃទី៣១ខែធ្នូ តទៅ ដោយសារតែមូលហេតុសេដ្ឋកិច្ច។
លោក ចាក្រាភុង បញ្ជាក់ថា៖ «សណ្ឋាគារបានចាត់តាំងការិយាល័យមេធាវី អេប៊ីអេស(HBS) ឱ្យទទួលដោះស្រាយនូវរាល់ដំណើរការបិទទ្វរបស់សណ្ឋាគារនេះ រួមទាំងគិតគូរដោះស្រាយអត្ថប្រយោជន៍របស់បុគ្គលិកទាំងអស់ទៅតាមផ្លូវច្បាប់ជាធរមាន។ យើងខ្ញុំនឹងជូនដំណឹងពីការវិវត្តន៍នៃដំណើរការនេះបន្តទៀត»។
អនុប្រធានសហជីព ដឹហ្រ្កេតឌ្យូកភ្នំពេញ (The Great Duke Phnom Penh) អ្នកស្រី គង់ ចាន់ថន ឱ្យដឹងថាមេធាវីរបស់ក្រុមហ៊ុនមិនទាន់កំណត់ថ្ងៃជួបចរចាជាមួយបុគ្គលិកនិយោជិតនោះឡើយ ដោយគ្រាន់តែប្រាប់តំណាងសហជីពថា នឹងផ្ដល់ដំណឹងពីការណាត់ជួបនៅខែមករាដើម ឆ្នាំ២០២០ខាងមុខ។
អ្នកស្រី គង់ ចាន់ថន មានប្រសាសន៍ថា៖ «ខ្ញុំធ្វើការនៅនៅទីនេះ១០ឆ្នាំហើយ បុគ្គលិកនៅនេះធ្វើការយូរៗណាស់បង! អ្នកខ្លះគាត់ធ្វើតាំងពីសណ្ឋាគារបើកដំបូង។ ពេលបិទអញ្ចឹង ពួកយើងជាបុគ្គលិកសោកស្ដាយ និងប្រឈមប៉ះពាល់ជីវភាពធ្ងន់ធ្ងរណាស់ អ្នកខ្លះជាប់បំណុលធានាគារ ជាប់កូនរៀនចំណាយសព្វគ្រប់ ។បុគ្គលិកទាំងអស់ស្នើសុំឱ្យក្រុមហ៊ុនផ្ដល់សំណងសមរម្យតាមច្បាប់»។
បើតាមតំណាងសហជីពសណ្ឋាគារឱ្យដឹងថា សណ្ឋាគារនេះចាប់ផ្ដើមធ្លាក់ភ្ញៀវជាបន្តបន្ទាប់ចាប់តាំងពីដូរឈ្មោះ និងឡើងថ្លៃសេវាកម្មរួចមក។ ថ្លៃបន្ទប់ធម្មតាមួយយប់តម្លៃចាប់ពី៣០០ដុល្លារឡើងទៅ។
បុគ្គលិកសណ្ឋាគារនេះ ធ្លាប់បានធ្វើបាតុកម្មជាច្រើនដងច្រើនសារ ដោយសារតែសណ្ឋាគារបើកប្រាក់ខែយឺតយ៉ាវ។ បាតុកម្មលើកចុងក្រោយត្រូវបានធ្វើឡើងកាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈដែលបញ្ហាត្រូវបានដោះស្រាយ ដោយក្រុមហ៊ុនសុខចិត្តបើកប្រាក់ខែជូនបុគ្គលិកមួយចំនួន។ ទោះជាយ៉ាងណាក្ដី ប្រាក់ខែខែធ្នូនេះ សណ្ឋាគារមិនទាន់បានបើកជូនបុគ្គលិកនៅឡើយទេ។
សណ្ឋាគារផ្កាយប្រាំអាំងទែរកុងទីណង់តាល់ ត្រូវបានប្ដូរឈ្មោះជា ដឹហ្រ្កេតឌ្យូកភ្នំពេញ (The Great Duke Phnom Penh) កាលពីខែមករា ឆ្នាំ២០១៨ ។ សព្វថ្ងៃសណ្ឋាគារនេះមានបុគ្គលិកធ្វើការចំនួន១៦៨នាក់។ សណ្ឋាគារនេះបើកដំណើរការនៅក្នុងឆ្នាំ១៩៩៦។ បច្ចុប្បន្ន សណ្ឋាគារនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ថៃប៊ុនរ៉ុង ដែលមានលោកឧកញ៉ា ខូវ សម្បត្តិ ជាម្ចាស់សណ្ឋាគារ៕