អ្នកឃ្លាំមើលបញ្ហាសង្គម និងអង្គការសមាគមជាង៨០ ជំរុញទៅស្ថាប័នពាក់ព័ន្ធឱ្យបង្ហាញតម្លាភាពតាមរយៈការផ្សាយផ្ទាល់ និងបើកទូលាយសម្រាប់អ្នកអង្កេតការណ៍ ចំពោះសវនាការប្រឆាំងអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលចោទពីបទ«ក្បត់ជាតិ»។
ពីរថ្ងៃមកនេះ លោក កឹម សុខា និងមេធាវីការពារក្ដី៤រូបទៀត បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ប្រឆាំងនឹងងបទចោទថា ឃុបឃិតជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក្រោយពីតុលាការបង្គាប់ឱ្យឃុំខ្លួនជិត២ឆ្នាំ រួចមក។
ប៉ុន្តែ សវនាកានេះ មានមនុស្ស៣០នាក់ប៉ុណ្ណោះ បានចូលរួមស្តាប់ការសួរដេញដោលក្នុងសវនាការនេះ ដែលភាគច្រើនជាមន្ត្រីតំណាងស្ថានទូតប្រចាំកម្ពុជា។
ចំណែកអ្នកឃ្លាំមើលសិទ្ធិមនុស្ស អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងប្រជាពលរដ្ឋផង មិនបានចូលស្តាប់ការតតាំងក្ដី រវាងភាគីដើមបណ្ដឹងមកពីរដ្ឋាភិបាល និងភាគីចុងចោទ មកពីគណបក្សប្រឆាំងនោះទេ ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា មានប្រសាសន៍ថា រឿងនេះជារឿងជាតិ ហើយការផ្សាយផ្ទាល់ជារឿងសំខាន់ ដើម្បីឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេស បានតាមដាន និងដឹងការពិតថា ភាគីណាជាអ្នកក្បត់ជាតិពិតប្រាកដ។
លោកថា៖ «ប្រសិនបើសវនាការហ្នឹងអត់បានដឹងជាសាធារណទេ ឬក៏បានដឹងតែផ្នែកណាមួយដែលគេចង់ឱ្យដឹង នៅតែដាក់មន្ទិលសង្ស័យទៅលើជាតិទាំងមូលដែរ។ មានន័យថា ប្រជាជាតិទាំងមូលនៅតែមិនអស់ចិត្តថា អ្នកហ្នឹងពិតជាក្បត់ជាតិមែន ឬក៏ចោទហ្នឹងពិតជាចោទត្រូវមែន»។
លោក មឿន តុលា បង្ហាញការយល់ឃើញថា បញ្ហានេះបើស្ថាប័នពាក់ព័ន្ធមិនពង្រីកវិសាលភាព ដើម្បីបង្ហាញពីតម្លាភាពទេ លោកថា វានឹងបន្សល់ទុកនូវមន្ទិលសង្ស័យទៅលើភាពមិនឯករាជ្យរបស់ប្រព័ន្ធយុត្តិធម៌ ដូចដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថាអយុត្តិធម៌សង្គមជាកត្តាជំរុញឱ្យបែកបាក់ជាតិ។
អ្នកនាំពាក្យសមាគមអាដហុកការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា ហៅការផ្សាយផ្ទាល់ចេញពីបន្ទប់សវនាការដូចសាលាក្ដីខ្មែរក្រហម ជាគំរូសម្រាប់ផ្តល់ទំនុកចិត្តសម្រាប់អ្នកតាមដាន។ លោកថា បើសវនាការសាធារណៈ តែបែរជារារាំងដល់មន្ត្រីសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានមិនឱ្យចូលស្តាប់ វាបង្កើតជាសំណួរជាច្រើនទៅភាពឯករាជ្យរបស់ប្រព័ន្ធយុត្តិធម៌កម្ពុជា។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅ ខេមបូចា លោក ម៉ៃ ទិត្យថារ៉ា មានប្រសាសន៍ថា ការផ្សាយផ្ទាល់ចេញពីបន្ទប់សវនាការ ឬអនុញ្ញាតឱ្យអ្នកសារព័ត៌មានបានចូលស្តាប់ផ្ទាល់ ជាភាពងាយស្រួយក្នុងការធ្វើសេចក្ដីរាយការណ៍ ជាជាងអង្គុយចាំតែទទួលព័ត៌មានពីភាគីទី២ ដែលស្រង់បានតែរឿងណាដែលគេចង់ឱ្យផ្សាយ។ លោកថា បញ្ហានេះវាបានបង្កផលលំបាកដល់ការស្វែងរកព័ត៌មានពិតក្នុងការចូលរួមអភិវឌ្ឍសង្គម។
លោកថា៖ «វាជាសម័យឌីជីថលទៅហើយ វាគ្មានការលំបាកទេ ក្នុងការធ្វើសវនាការឡាយ(ផ្សាយផ្ទាល់)ចេញមកក្រៅហ្នឹង។ ម្យ៉ាងទៀត យើងចង់ឃើញការបើកចំហរនៃលំហូរសេរីភាពសារព័ត៌មានដូចដែលសម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើង។ អ៊ីចឹង តុលាការគួរតែគិតចំនុចហ្នឹងឡើងវិញ»។
លោក ម៉ៃ ទិត្យថារ៉ា លើកឡើងទៀតថា បើសវនាការនេះនៅតែមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានបានចូលស្តាប់ វាបង្ហាញថា សិទ្ធិអ្នកសារព័ត៌មាននៅតែស្ថិតក្នុងការរឹតត្បិត។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា សវនាការសំណុំរឿងលោក កឹម សុខា រយៈពេល២ថ្ងៃមកនេះ ថាបានផ្តល់ឱកាសឱ្យអ្នកពាក់ព័ន្ធបានចូលរួមតាមដាន។ ប៉ុន្តែថា ក្រសួងមិនអាចធ្វើតាមការទាមទារគ្រប់ពេលបានទេ។
លោកថា៖ «ការចង់ឃើញពីតម្លាភាព ចង់ឃើញសវនាការផ្ទាល់ភ្នែកចង់អីហ្នឹង ជាការជ្រួលជ្រើមទៅតាមចិត្តចង់ទេ មែនទែន! ដូចសាលាក្ដីខ្មែរក្រហមអ៊ីចឹង ជ្រួលជ្រើមថាសំខាន់ណាស់ចង់មើល ដល់គេបើកឱ្យចូលមើល ហើយសវនាការវាស្មុគស្មាញប្រព្រឹត្តិទៅច្រើនថ្ងៃ លែងមានអ្នកចូលមើលហើយ ហើយគេឡាយផ្ទាល់ឱ្យមើលទៀត ក៏លែងមានអ្នកមើលដែល»។
អ្នកនាំពាក្យរូបនេះ អះអាងទៀតថា៖ «សម្រាប់អ្នកសារព័ត៌មាន ចង់ដឹងព័ត៌មានលម្អិត សម្ភាសជាមួយមេធាវីទាំងពីរភាគី វាលម្អិតច្បាស់ពីនីតិវិធីនៃសំណុំរឿងហ្នឹងហើយ។ បើខ្លួនឯងចូលមើល ក៏មិនប្រាកដថា យល់ពីនីតិវិធី និងដំណើរការប្រព្រឹត្តិទៅរបស់តុលាការប៉ុន្មានដែរ ព្រោះវាជាទិដ្ឋភាពច្បាប់ច្រើនជាង»។
អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី បង្ហាញការយល់ឃើញថា សំណុំរឿងចោទប្រកាន់មេដឹកនាំបក្សប្រឆាំងនេះ ត្រូវបានគេមើលឃើញថា ជារឿងនយោបាយ។ លោកថា ដូចនេះសិទ្ធិអ្នកឃ្លាំមើលក្នុងដំណើរក្ដីនៅតុលាការ នឹងមិនប្រសើរជាងនេះទេ ។
លោកថា៖ «អ៊ីចឹង ពេលនេះ រដ្ឋាភិបាលដូចជាកំពុងព្យាយាមរកនីតិវិធីទាំងឡាយណាដាក់មកទៅ ដើម្បីយកច្បាប់ទៅដោះស្រាយរឿងនយោបាយ។ អ៊ីចឹង ខ្ញុំគិតថា ក្នុងស្ថានភាពបែបនេះ រដ្ឋាភិបាលមិនហ៊ានបើកចំហរឱ្យសាធារណជនច្រើនបានទៅមើលទេ កាលណាឱ្យទៅមើលច្រើន វាអាចឃើញចំនុចចន្លោះប្រហោង នាំឱ្យមានការរិះគន់ពីមហាជនថែមទៀត»។
នៅថ្ងៃនេះដែរ អង្គការសមាគម ៨២ បានចេញសេចក្ដីថ្លែងការណ៍រួម ចាត់ទុកសវនាការរបស់លោក កឹម សុខា លើការចោទប្រកាន់ពី “បទសន្ទិដ្ឋិភាពជាមួយបរទេស” មិនទាន់បានបង្ហាញជាសាធារណៈនូវភស្តុតាងគួរឱ្យជឿទុកចិត្តណាមួយនៅឡើយទេ។
សេចក្ដីថ្លែងការណ៍រួមបង្ហាញការព្រួយបារម្ភថា ករណីនេះ ជនត្រូវចោទ អាចប្រឈមនឹងការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំ ដែលមានការចាប់អារម្មណ៍ពីសំណាក់សាធារណជនទាំងក្នុង និងក្រៅប្រទេស។
ម្យ៉ាងទៀត ក្រុមអង្គការទាំងនោះថា ការចោទប្រកាន់នេះ ជាប់ពាក់ព័ន្ធដោយផ្ទាល់នឹងការរំលាយអតីតគណបក្សជំទាស់ធំជាងគេនៅកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ គឺគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក កឹម សុខា ទោះបីជាគណបក្សនេះ ត្រូវបានបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋកម្ពុជាជាង៤០% កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ក៏ដោយ។
អង្គការសមាគមទាំង៨២នោះ ស្នើសុំដោយទទូចដល់តុលាការ សូមអនុញ្ញាតឱ្យក្រុមគ្រួសារ លោក កឹម សុខា អ្នកសារព័ត៌មាន មន្ត្រីអង្គការសង្គមស៊ីវិល បានចូលរួមតាមដាន ក៏ដូចជាស្នើឱ្យមានការផ្សាយផ្ទាល់ពីដំណើរការសវនាការ ដើម្បីឱ្យសាធារណជនបានតាមដាន៕