មន្ត្រីនាំពាក្យក្រសួងរៀបចំដែនដី បានឱ្យដឹងថា មន្ត្រីក្រោមឱវាទទីស្ដីការក្រសួងនេះ រីករាយទៅនឹងគម្រោងផ្លាស់ប្ដូរទីស្ដីការទៅកាន់ទីតាំងថ្មីស្ថិតក្នុងខណ្ឌសែនសុខ បន្ទាប់ពីសំណង់ទីស្ដីការថ្មីរបស់ក្រសួងនេះ ត្រូវសាងសង់រួចរាល់ទាំងស្រុង។
គម្រោងសាងសង់ទីស្ដីការថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានបើកការដ្ឋានជាផ្លូវការនៅថ្ងៃនេះ ស្ថិតនៅក្នុងភូមិអន្លង់ក្ងាន នៃសង្កាត់ឃ្មួញ ភាគខាងជើងរាជធានីភ្នំពេញ។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃម្សិលមិញថា អគារទីស្តីការថ្មីរបស់ក្រសួង គ្រោងសាងសង់កម្ពស់ ៥ជាន់ នៅលើផ្ទៃដីសរុប ៣ហិចតា។
ទំព័រហ្វេសប៊ុករដ្ឋមន្ត្រីរូបនេះ បានរៀបរាប់បន្តថា អគារនេះមានចំណតរថយន្តប្រមាណ ៤៥០កន្លែង សាលបដិសណ្ឋារកិច្ច អាហារដ្ឋាន សួនកណ្តាលអគារ សាលប្រជុំតូចៗ អាចផ្ទុកមនុស្សពី ១៥០នាក់ ទៅ ៣០០នាក់ និងសាលសន្និបាតអាចផ្ទុកមនុស្សបានប្រមាណជាង១៥០០នាក់ (១៥៨៤នាក់)។
បន្ថែមលើនេះ អគារថ្មីក៏មានកន្លែងតម្កល់ឯកសារសុរិយោដី និងរដ្ឋបាល សាលបច្ចេកវិទ្យា មន្ទីរពិសោធន៍សំណង់ បន្ទប់សិក្សាបណ្តុះបណា្តលវិជា្ជជីវៈ បណ្ណាល័យ និងកន្លែងលេងកីឡាថែមទៀតផង។
អគ្គនាយករង នៃអគ្គនាយកដ្ឋានសំណង់ លោក លី រស្មី បានថ្លែងបញ្ជាក់ថា ប្លង់សំណង់អគារទីស្ដីការថ្មីរបស់ក្រសួង គឺជាការច្របាច់បញ្ចូលគ្នានូវរចនាបថសម័យបុរាណ និងសម័យ ដែលយកលំនាំតាមប្រាសាទបន្ទាយស្រី និងវត្តចំណាស់មួយរបស់ប្រទេសកម្ពុជា។
លោក លី រស្មី បានពន្យល់ថា៖«ដោយសារក្រសួងដែនដីមិនមែនជាក្រុមហ៊ុនសម្រាប់សាងសង់ទេ អ៊ីចឹងក្រសួងដែនដីជាអ្នកគូរប្លង់ ចំណែកឯក្រុមហ៊ុនដែលចូលរួមក្នុងការដេញថ្លៃសាងសង់ហ្នឹង យើងមានក្រុមហ៊ុនផ្សេងៗគ្នាដែរ។ កន្លងមកមានច្រើនដែរប្រហែល ៧ ទៅ ៨ក្រុមហ៊ុន ដែលចាប់អារម្មណ៍ដេញថ្លៃក្នុងការសាងសង់ក្រសួងហ្នឹង»។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត ប្រាប់ថា មន្ត្រីរាជការសរុបប្រហែល ៩០០នាក់ ដែលស្ថិតនៅក្រោមឱវាទទីស្ដីការក្រសួងនេះ នឹងត្រូវផ្លាស់ប្ដូរកន្លែងការងាររបស់ពួកគេទៅកាន់ទីតាំងថ្មីនេះ ក្រោយពីដំណើរការសាងសង់គ្រោងបញ្ចប់នៅក្នុងរយៈពេល ១ឆ្នាំក្រោយ។
នៅពេលត្រូវបានសាកសួរថា តើមន្ត្រីរាជការទាំងអស់យល់ស្របលើការផ្លាស់ប្ដូរទីតាំងនេះឬយ៉ាងណានោះ លោក សេង ឡូត បានអះអាងថា ពួកគេរីករាយនឹងការផ្លាស់ប្ដូរទីស្ដីការថ្មីនេះ ដោយលោកថា វាជាទីតាំងល្អចំកណ្តាលរាជធានីភ្នំពេញ អមដោយផ្លូវធំទូលាយចៀសផុតពីការកកស្ទះចរាចរណ៍។
លោក សេង ឡូត ប្រាប់ថា៖«នៅទីនេះ គឺក្រុងភ្នំពេញ។ អ៊ីចឹង មន្ត្រីរាជាការរបស់ក្រសួងទាំងអស់ សប្បាយរីករាយដោយសារយើងមានទីធ្លាធំទូលាយ យើងមានចំណតគ្រប់គ្រាន់ អត់មានអ្នកណាគិតថា ក្រសួងឆ្ងាយទេ។ ទីនេះគឺទីក្រុង សឹងថា កណ្តាលទីក្រុងផង»។
ប្រធានក្រុមហ៊ុនអមតៈអចលនទ្រព្យ អ្នកស្រី តាំង ហួ លើកឡើងថា ការផ្លាស់ប្តូរទីតាំងអគារធ្វើការរបស់ក្រសួងមួយចំនួននៅក្រុង ទៅបណ្តាខណ្ឌផ្សេងទៀតក្នុងរាជធានីភ្នំពេញ ពិតជាកត្តាសំខាន់ជះឥទ្ធិពលដល់តម្លៃដី និងផ្ទះសម្បែងនៅទីតាំងនោះ។
អ្នកស្រីបន្តថា អ្នកទិញផ្ទះ និងដី នឹងកាន់តែមានទំនុកចិត្តខ្ពស់ជាងមុន នៅពេលឃើញសំណង់អគាររឹងមាំរបស់ស្ថាប័នរដ្ឋ ព្រោះជឿថា វាជាសកម្មភាពនៃការពង្រីកក្រុងស្របតាមកំណើនប្រជាជន។
អ្នកស្រី តាំង ហួ ប្រាប់ថា៖ «កន្លែងណាមានក្រសួង កន្លែងនោះមានប្រជាពលរដ្ឋរស់នៅកុះករ ក្រុងរីកដុះដាល ហើយវាជាសញ្ញាណដែលថា ដីធ្លីត្រូវតែឡើងថ្លៃហើយ»។
លោក ជា សុផារ៉ា បានរៀបរាប់បន្ថែមនៅលើទំព័រហ្វេសប៊ុកលោកថា ទីស្ដីការបច្ចុប្បន្នរបស់ក្រសួង ដែលស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស នៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន នឹងត្រូវប្រគល់ទៅឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ ក្រោយទីស្ដីការថ្មីបញ្ចប់ការសាងសង់៕