អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លើកឡើងថា អាកាសចរណ៍កម្ពុជាពុំមានវិធានការផ្អាកជើងហោះហើរពីទីក្រុងវូហាន ដែលជាតំបន់កំពុងផ្ទុះការរាតត្បាតវីរុសវាយប្រហារផ្លូវដង្ហើមថ្មីនោះទេ ប៉ុន្តែលោកថា អាជ្ញាធរចិនបានធ្វើកិច្ចការនេះដោយខ្លួនឯងហើយ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ស៊ីន ចាន់សិរីវុត្ថា ប្រាប់ វីអូឌី ឱ្យដឹងនៅរសៀលថ្ងៃនេះថា ចិនបានសម្រេចបិទជើងហោះហើរចេញពីក្រុងវូហាន និងក្រុងមួយចំនួនទៀតរបស់ខ្លួន ដែលកំពុងកើតមានករណីរីករាលដាលនៃវីរុសនូវែលកូរ៉ូណា២០១៩។
លោកបញ្ជាក់ថា គ្មានជើងហោះហើរពីទីក្រុងនេះមកកម្ពុជាទៀតទេ គិតចាប់ពីថ្ងៃទី២៣ ខែមករា មក ប៉ុន្តែ សម្រាប់ជើងហោះហើរពីកម្ពុជា ទៅវូហាន នៅបន្តមានសម្រាប់ទេសចរណ៍ចិនដែលមកលេងកម្ពុជា ហើយត្រឡប់ទៅប្រទេសពួកគេវិញ។
លោក ស៊ីន ចាន់សិរីវុត្ថា មានប្រសាសន៍ថា៖«ក្នុងការណែនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលមិនឱ្យយើងបិទផ្លូវហោះហើរដោយសារជំងឺឆ្លងទេបាទ។ ប៉ុន្តែ គេហៅថាជាឯកច្ឆន្ទគាត់សម្រេច ចិនគាត់សម្រេចជាឯកច្ឆន្ទដោយគាត់បិទទីក្រុងហ្នឹងមិនឱ្យមនុស្សចេញចូល។ ចឹងក៏យើងអត់មានFlight [ជើងហោះហើរ] ទៅដែរ។ អត់អីទេ! ប៉ុន្តែ សម្រាប់យើងអត់មានបិទទេ»។
វីរុសវាយប្រហារផ្លូវដង្ហើមថ្មី ដែលមានថា “នូវែលកូរ៉ូណាវីរុស” ឬ nCoV2019 បានរកឃើញផ្ទុកលើខ្លួនមនុស្សលើកដំបូងបង្អ ស់នៅលើពលរដ្ឋក្រុងវូហាន នៃខេត្តហ៊ូប៊ី ប្រទេសចិន។
វីរុសនេះបានសម្លាប់មនុស្សនៅចិនអស់១០៦នាក់ និងមនុស្ស៤ ៥១៥នាក់ផ្សេងទៀត បានរកឃើញថាឆ្លង ហើយមនុស្សជិត៧ពាន់នាក់ទៀតកំពុងរងចាំលទ្ធផល។ នេះបើតាមតួលេខពីគណៈកម្មការសុខភាពចិនចេញផ្សាយថ្ងៃនេះ ដែលត្រូវបានសារព័ត៌មាន CNA យកមកចុះផ្សាយ។
តាមប្រភពដដែល គិតត្រឹមថ្ងៃម្សិលមិញ នូវែលកូរ៉ូណាវីរុសត្រូវបានរកឃើញ៦៥ករណី ក្នុងក្រុង និងប្រទេស១៨ រួមមាន ហុងកុង ថៃ ម៉ាកាវ អូស្រ្តាលី សិង្ហបុរី តៃវ៉ាន់ សហរដ្ឋអាមេរិក ជ៉បុន ម៉ាឡេស៊ី កូរ៉េខាងត្បូង បារាំង កាណាដា វៀតណាម កម្ពុជា អាល្លឺម៉ង់ នេបាល់ និងស្រីលង្កា។
សិង្ហបុរី អាមេរិក រ៉ុស្សី ហ្វីលីពីន អាល្លឺម៉ង់ និងវៀតណាម ជាដើម បានប្រកាសរឹតវីសារ ឬផ្អាកជើងហោះហើររបស់របស់អ្នកដំណើរមកពីខេត្តហ៊ូប៊ី ដើម្បីបញ្ជៀសការរាតត្បាតរបស់វីរុសឆ្លង។ នេះយោងតាមប្រភពពីសារព័ត៌មានបរទេសផ្សេងៗចេញផ្សាយនៅថ្ងៃនេះ។
ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញករណីឆ្លងវីរុសកូរ៉ូណាថ្មីលើកដំបូង លើខ្លួនទេសចរជនជាតិចិនវ័យ៦០ឆ្នាំមកពីក្រុងវូហាន ចូលកម្ពុជាតាមព្រលានយន្តហោះខេត្តព្រះសីហនុ ជាមួយសមាជិកក្រុមគ្រួសារ៤នាក់ ហើយលោកកំពុងត្រូវបានដាក់ឱ្យឋិតក្រោមការតាមដាននៅបន្ទប់ដាច់ដោយឡែកនៅមន្ទីរពេទ្យបង្អែកខេត្ត។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ ប្រាប់វីអូឌីឱ្យដឹងនៅរសៀលថ្ងៃនេះថា ខាងក្រសួងកំពុងតាមដានអ្នកជាប់សង្ស័យបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺតាមយន្តការដែលមានស្រាប់។
លោក លី សូវ៉ាន់ មានប្រសាសន៍ថា៖«យើងរកឃើញពួកគាត់អស់ហើយ ហើយរហូតពេលនេះគឺ យើងកំពុងតាមដានសុខភាពពួកគាត់ ហើយរហូតពេលនេះ ទាំងអ្នកជិះយន្តហោះជាមួយគាត់ ទាំងអ្នកប៉ះពាល់ដែលគាត់ធ្វើដំណើរស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ ឬទៅទីតាំងកន្លែងណាហ្នឹង យើងមិនទាន់រកឃើញអ្នកផ្សេងដែលមានចេញរោគសញ្ញាជំងឺនៅឡើយទេ»។
លោកបន្ថែមថា រហូតមកទល់រសៀលម៉ោង៣ថ្ងៃនេះ នៅកម្ពុជាពុំទាន់រកឃើញមានករណីសង្ស័យនៃវីរុសឆ្លងនេះលើនរណាម្នាក់ផ្សេងទេ ហើយខាងក្រសួងដែលមានមន្រ្តីជាង២០០០នាក់ កំពុងស្វែងរកអ្នកដំណើរមកពីប្រទេសចិនទាំងអស់ដែលចូលមកកម្ពុជាអំឡុង១៤ថ្ងៃមុន ដើម្បីតាមដានករណីផ្ទុកវីរុសថ្មីនេះ។
យោងតាមរបាយការណ៍ផ្តល់ដោយអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា គិតត្រឹមថ្ងៃទី២០ដល់ថ្ងៃទី២៣ខែមករា កម្ពុជាទទួលអ្នកដំណើរពីក្រុងវូហានតាមច្រកព្រលានយន្តហោះខេត្តព្រះសីហនុ និងសៀមរាបសរុបចំនួន៣០៦នាក់។
អង្គការសុខភាពពិភពលោក WHO ជំរុញឱ្យប្រទេសនានាបង្កើនការប្រុងប្រយ័ត្ន និងពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការត្រៀមលក្ខណៈបង្ការ និងទប់ស្កាត់ការរាតត្បាតនៃវីរុសដែលបង្កជំងឺរលាកសួតថ្មីនេះ ខណៈការរាតត្បាតបន្តកើនឡើងជាលំដាប់។
នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៧ ខែមករាថា ការត្រៀមលក្ខណៈជាមុនគឺជាគន្លឹះក្នុងការទប់ស្កាត់ការរីករាលដាល ហើយថា អង្គការ WHO រងចាំផ្តល់ការប្រឹក្សាលើកិច្ចការនេះ៕