មេគង្គ គឺជាទន្លេវែងជាងគេលំដាប់ទី១២ នៅក្នុងចំណោមទន្លេទាំងឡាយនៅលើពិភពលោក។ ទន្លេនេះ មានប្រភពពីទន្លេឡានឆាងប្រទេសចិន ហូរចុះកាត់ប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម ដែលមានប្រវែងសរុប ៤ ៣៥០គីឡូម៉ែត្រ ចាក់ទៅសមុទ្រចិនខាងត្បូង។
គណៈកម្មការទន្លេមេគង្គ ដែលជាស្ថាប័នអន្តររដ្ឋាភិបាលទទួលបន្ទុកលើការគ្រប់គ្រង និងថែរក្សាទន្លេនេះ បានលើកឡើងអំពីសារៈសំខាន់នៃទន្លេមេគង្គនេះថា មនុស្សយ៉ាងហោចណាស់ ៦០លាននាក់ បានពឹងអាស្រ័យទៅលើទន្លេមួយនេះ ជាមធ្យោបាយធ្វើដំណើរ ជាប្រភពនៃសន្តិសុខស្បៀង ជាផ្លូវដោះដូរពាណិជ្ជកម្ម និងជីវភាពរស់នៅ។
ទោះជាយ៉ាងណា ការធ្វើទំនប់វារីអគ្គិសនីរាំងទឹកទន្លេ ការប្រែប្រួលអាកាសធាតុ និងបញ្ហាផ្សេងទៀតកំពុងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិដ៏ធំមួយនេះ ដែលទាមទារឱ្យមានដំណោះស្រាយប្រសើរមួយចំពោះបញ្ហាប្រឈមទាំងនេះ។
ក្នុងអត្ថបទចេញផ្សាយកាលពីខែកក្កដា ឆ្នាំ២០១៩ គេហទំព័រ National Geographic បានលើកឡើងថា ស្ថានភាពទឹកទន្លេមេគង្គ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយ ដែលធ្វើឱ្យប៉ះពាល់ដល់ជិវិតមនុស្ស សត្វ ដែលរស់នៅតាមបណ្ដោយដងទន្លេមួយនេះ។
National Geographic៖ «វិបត្តិបានចាប់ផ្តើមនៅពេលមានភ្លៀងមូសុង ដែលជាធម្មតាចាប់ផ្តើមនៅចុងខែឧសភានៅក្នុងតំបន់មេគង្គមិនបានមកដល់។ ស្ថានភាពរាំងស្ងួត ដែលជំរុញដោយបាតុភូតអាកាសធាតុអេលនីណូ និងកាន់តែធ្ងន់ធ្ងរដោយសារ ការផ្លាស់ប្តូរអាកាសធាតុបានបន្តកើតមានដល់ខែកក្កដា។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថាស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយសារក្រុមហ៊ុនទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើនៅប្រទេសចិន និងឡាវបានដកហូតទឹកសម្រាប់គោលបំណងផ្ទាល់ខ្លួន»។
បញ្ហាប្រឈមរបស់ទន្លេមេគង្គ
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទិន្នផលត្រីនៅតាមដងទន្លេមេគង្គ ជាពិសេសនៅក្នុងបឹងទន្លេសាប ត្រូវបានគេរាយការណ៍ថា មានការថយចុះជាច្រើន ខណៈទំនប់វារីអគ្គិសនីជាច្រើន បាន និងកំពុងបន្តសាង់សងនៅផ្នែកខាងលើនៃដងទន្លេនេះ។
ប្រជានេសាទនៅតំបន់ឆ្នុកទ្រូ ស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង លោក ញ៉ែម សុផល ប្រាប់វីអូឌីកាលពីចុងឆ្នាំមុនថា ទិន្នផលត្រីចាប់ផ្ដើមធ្លាក់ចុះយ៉ាងគំហុក ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសាររបស់គាត់ ដែលរំពឹងលើការរកត្រីនេះ ៣ជំនាន់មកហើយនោះ។
លោក ញ៉ែម សុផល ប្រាប់ថា៖«គ្រួសារខ្ញុំប្រកបរបរនេសាទនេះ ៣ជំនាន់មកហើយ។ មិនដែលប្រទះរឿងបែបនេះទេ ផលត្រីធ្លាក់ចុះសឹងតែ៧០ភាគរយទៅហើយ។ ឆ្នាំមុនៗ ម៉្ងៃៗ រកបានគ្រាន់បើ ទូទាត់ថ្លៃប្រេងសាំង ថ្លៃអីផ្សេងៗ សល់បានប្រហែល១៥ម៉ឺនអីដែរ តែឆ្នាំនេះ ចប់!»។
អ្នកពិគ្រោះយោបល់ឯករាជ្យផ្នែកធនធានទន្លេ និងបរិស្ថាន លោក ហែម ឧត្តម លើកឡើងប្រាប់VODថា បញ្ហាដែលកើតមាននៅទន្លេមេគង្គបច្ចុប្បន្ន បង្កផលប៉ះពាល់ដល់សុវត្ថិភាពស្បៀងអាហារ សុខមាលភាពរបស់ពលរដ្ឋដែលរស់នៅពឹងលើទន្លេនេះជាខ្លាំង។
លោក ហែម ឧត្តម៖«កង្វះខាតបរិមាណទឹក ការឡើងចុះមិនទៀងទាត់នៃរបបទឹកពីផ្នែកខាងលើនៃទន្លេមេគង្គ អាចជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរដល់ទិន្នផលនេសាទ ការបង្ករបង្កើនផលស្រូវនិងដំណាំសេដ្ឋកិច្ចនានា (ដូចជាថ្នាំជក់ ពោត សណ្តែក ល្ង កប្បាស ។ល។) នៅតាមតំបន់ជាប់ទន្លេមេគង្គនិងបឹងទន្លេសាប។ កត្តានេះអាចឈានទៅដល់បញ្ហាសុវត្ថិភាពស្បៀងអាហារ និងសុខមាលភាពរបស់ប្រជាពលរដ្ឋដែលបណ្តាលមកពីកង្វះជីវជាតិពីសាច់ត្រី ជាពិសេសសម្រាប់ស្ត្រីនិងកុមារ»។
ប្រធានវេទិការអនាគត លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការសាងសង់ទំនប់វារីអគ្គិសនី និងបម្រែបម្រួលអាកាសធាតុ បានធ្វើឱ្យបណ្ដាញទន្លេមេគង្គផ្នែកខាងក្រោមដែលមានប្រទេសកម្ពុជា និងវៀតណាម ប្រឈមនឹងការប៉ះពាល់ខ្លាំងជាងគេ ដែលទាមទារឱ្យរកដំណោះស្រាយសមសម្របមួយចំពោះបញ្ហានាថ្ងៃអនាគតនៃទន្លេមួយនេះ។
លោក អ៊ូ វីរៈ៖ «ករណីហ្នឹងវាអាចប៉ះពាល់ទៅលើទឹកនៅទន្លេមេគង្គ ជាពិសេសទឹកនៅទន្លេសាបតែម្ដង ហើយក៏ប៉ះពាល់លើតំបន់ដីសណ្ដរទន្លេមេគង្គនៅតំបន់វៀតណាមខាងត្បូង ឬក៏កម្ពុជាក្រោមហ្នឹង។ បើសិនយើងមើលពីបញ្ហាហ្នឹងគឺយើងបានឃើញពីបញ្ហា តែមិនមែនបានន័យថាយើងអត់មានដំណោះស្រាយ ឬក៏យើងឃើញពីបញ្ហាប្រឈមនាថ្ងៃអនាគតហើយ មិនមែនយើងបោះបង់ចោល ឬអស់សង្ឃឹមទេ»។
ប្រភពថាមពលកើតចេញពីលំហូរទឹក
រដ្ឋាភិបាលនៃបណ្ដាប្រទេសក្នុងតំបន់មេគង្គ សុទ្ធតែបានបង្ហាញមហិច្ឆតាដើម្បីកសាងវារីអគ្គិសនី ដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ទំនប់វារីអគ្គីសនីនៅទន្លេមេគង្គលើ ដែលស្ថិតនៅប្រទេសចិនសរុបមានចំនួន ៦ ដែលអាចផ្ដល់អានុភាពអគ្គិសនីសរុប ១៥ ៦០០ម៉េហ្គាវ៉ាត់ ហើយគម្រោងមួយទៀតឈ្មោះ ហ្គាឡាន់បា (១៥៥ម៉េហ្គាវ៉ាត់) កំពុងសិក្សា។ ចំពោះទន្លេមេគង្គក្រោមវិញ មានទំនប់វារីអគ្គិសនីចំនួន ៩នៅឡាវ ដែលអាចផលិតថាមពលអគ្គិសនីសរុបប្រមាណ ៨ ៧៨៩ម៉េហ្គាវ៉ាត់។
យោងតាមការស្រាវជ្រាវរបស់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ សន្និដ្ឋានថា ការអភិវឌ្ឍវារីអគ្គិសនីនៅដងទន្លេមេគង្គ ជាការខាតបង់គួរឱ្យបារម្ភ។ ការសិក្សានេះ រកឃើញថា ទំនប់វារីអគ្គីសនីធំៗចំនួន១១ បានសង់នៅលើតួទន្លេមេគង្គក្រោម និងទំនប់វារីអគ្គីសនីតាមដៃទន្លេមេគង្គក្រោម ១២០ ដែលគ្រោងបញ្ចប់គម្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០៤០។
អ្នកសា្រវជ្រាវជាន់ខ្ពស់ខាងទន្លេមេគង្គនៃមជ្ឈមណ្ឌល STIMSON មានមូលដ្ឋាននៅសហរដ្ឋអាមេរិក លោកបណ្ឌិត Richard P. Cronin បានឱ្យ VOD ដឹងតាមសារអេឡិចត្រូនិចអ៊ីម៉ែលថា ទំនប់វារីអគ្គិសនីនៅតាមតួទន្លេមេគង្គ មិនត្រឹមតែបំផ្លាញដល់ដំណើររបស់ត្រីនោះទេ វាថែមទាំងរារាំងនូវលំហូរដីល្បាប់ និងទឹកមកខ្សែទឹកខាងក្រោមផងដែរ។
លោក Richard Cronin សរសេរថា៖ «ទំនប់បានរារាំងដីល្បាប់ ដោយលទ្ធផលដែលទឹកចាកចេញពីបំពង់បង្ហូរ ប៉ះជាមួយពន្លឺព្រះអាទិត្យ បានប្រែជាពណ៌ខៀវ។ នេះគឺជាផលប៉ះពាល់នៃការចាប់យកដីល្បាប់ដោយទំនប់វារីអគ្គិសនីនៅប្រទេសចិន និងភាគខាងជើងប្រទេសឡាវ។ […] ទំនប់វារីអគ្គិសនី បានរក្សាទុកទឹកនៅពេលមានគ្រោះរាំងស្ងួតដើម្បីធ្វើឱ្យគ្រប់គ្រាន់ក្នុងការបង្កើតថាមពលឱ្យបានឆាប់។ ផលប៉ះពាល់នៅខ្សែទឹកខាងក្រោមអាចជាមហន្តរាយ! ដោយសារទំនប់វារីអគ្គិសនី ចំនួនត្រីនៅតាមដងទន្លេមេគង្គ និងទន្លេសាបកំពុងតែគាំង(មិនអាចផ្លាស់ទីឡើងបាន)»។
ក្រៅពីបញ្ហាដែលបង្កឡើងដោយទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ការប្រែប្រួលអាកាសធាតុក៏ជាចំណុចដែលគេយកមកពិភាក្សាច្រើនពីអនាគតរបស់ទន្លេមេគង្គដែរ។
ការប្រែប្រួលអាកាសធាតុ
ទីភ្នាក់ងារទទួលបន្ទុកបរិយាកាស និងមហាសមុទ្ររបស់រដ្ឋាភិបាលអាមេរិក (NOAA) បានឱ្យដឹងថា កម្ដៅផែនដីបានកើនឡើងកម្ដៅជិត ១អង្សារ(០,៧អង្សារ)នៅឆ្នាំ២០១៩ ធៀបនឹងឆ្នាំ១៩៨០។ ស្ថាប័ននេះ បង្ហាញថា ចាប់តាំងពីឆ្នាំ១៩៧៧មក បរិយាកាសកម្ដៅផែនដី បន្តកើនឡើងជានិច្ច។
NOAA បានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា៖ «ទោះយ៉ាងណា នៅឆ្នាំ២០៣០ អតុល្យភាពកម្ដៅដែលបណ្តាលមកពីឧស្ម័នផ្ទះកញ្ចក់ ចាប់ផ្តើមមានប្រៀបទៅលើការរក្សាលំនឹងរបស់មហាសមុទ្រ ហើយក្រាបលំនឹងសីតុណ្ហភាពដែលគេព្យាករទុកនោះ បានចាប់ផ្ដើមងាកចេញពីគន្លងលំនឹងហើយ ដោយសារតែការបំភាយកាបូនឌីអុកស៊ីតដោយគ្មានការត្រួតពិនិត្យ ដែលជាកត្តាចម្បងជំរុញដល់ការឡើងកម្ដៅផែនដីជាច្រើនអង្សាបន្ថែមទៀតនៅចុងសតវត្សរ៍នេះ»។
ក្នុងសៀវភៅណែនាំពីការបន្ស៊ាំទៅការប្រែប្រួលអាកាសធាតុនៅក្នុងអាងទន្លេមេគង្គ ចេញផ្សាយកាលពីឆ្នាំ២០១៨ សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកអភិបាលកិច្ចទឹករបស់អង្គការសហប្រជាជាតិ លោកបណ្ឌិត Jaap Evers បានលើកឡើងថា ការកើនឡើងកម្ដៅផែនដី និងរបបទឹកភ្លៀងប្រចាំឆ្នាំ បង្កឱ្យតំបន់ខ្លះនៃទន្លេមេគង្គ មានរដូវក្ដៅវែងជាងរដូវវស្សា ជាពិសេសតំបន់នៅខ្សែទឹកខាងក្រោម។
លោកបណ្ឌិត Jaap Evers សរសេរថា៖ «ផលប៉ះពាល់នៃការផ្លាស់ប្តូរអាកាសធាតុ នឹងជះឥទ្ធិពលដល់សហគមន៍ផ្សេងៗគ្នា នៅក្នុងអាងទន្លេមេគង្គតាមវិធីផ្សេងគ្នាហើយជាលទ្ធផល សហគមន៍ផ្សេងគ្នានៅក្នុងអាងទន្លេ នឹងមានផលប៉ះពាល់ផ្សេងៗគ្នាទៅលើលំហូរទឹកទន្លេនាពេលអនាគត»។
ក្នុងយុទ្ធសាស្ត្រគ្រប់គ្រងគ្រោះរាំងស្ងួតសម្រាប់អាងមេគង្គក្រោមឆ្នាំ២០២០ ដល់ ២០២៥ គណៈកម្មការទន្លេមេគង្គលើកឡើងថា ការប្រែប្រួលអាកាសធាតុពិភពលោក នឹងធ្វើឱ្យប៉ះពាល់ដល់អាងទន្លេមេគង្គផ្នែកខាងក្រោមចាប់ពីឆ្នាំ២០៣០ទៅ អាចនឹងរីងស្ងួតដោយកន្លែង ដែលត្រូវការយន្តការចាំបាច់ក្នុងការឆ្លើយតបទៅនឹងបញ្ហានេះ។
យុទ្ធសាស្ត្រនោះ លើកឡើងថា៖ «នេះមានន័យថា តំបន់ អាចផ្នែកខាងក្រោមនៃទន្លេមេគង្គ ទំនងជានឹងប្រឈមមុខនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅប៉ុន្មានទសវត្សរ៍ខាងមុខ។ ដូច្នេះ យន្ដការរៀបចំផែនការ និងការគ្រប់គ្រងឱ្យបានត្រឹមត្រូវនៅកម្រិតគណៈកម្មការទន្លេមេគង្គ ចាំបាច់ត្រូវកំណត់ និងដាក់ឱ្យអនុវត្ត មុនពេលផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុមកដល់»។
តើអនាគតមេគង្គខាងក្រោមអាចនឹងរាំងស្ងួតដែរឬទេ?
លោកបណ្ឌិត Richard P. Cronin បានឱ្យ VOD ដឹងថា បញ្ហានៃភាពរាំងស្ងួតនៅតំបន់មេគង្គផ្នែកខាងក្រោមកើតឡើងខ្លាំងបំផុតចេញពីទំនប់វារីអគ្គិសនី។
លោកសរសេរថា ប្រាប់ VOD ថា៖ «ទាំងបម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់នៃគម្រោងវារីអគ្គីសនីធំៗ ដូចជាទំនប់វារី យូណានដ៏ធំសម្បើមរបស់ប្រទេសចិន និងទំនប់សាយ៉ាប៊ូរី នៅប្រទេសឡាវ ដែលបានបញ្ចប់នាពេលថ្មីៗនេះ បានរួមចំណែកដល់វិបត្តិនៅក្នុងតំបន់ ប៉ុន្តែ គ្រោះរាំងស្ងួត ត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរដោយសារទំនប់ទាំងនោះ»។
អ្នកពិគ្រោះយោបល់ឯករាជ្យផ្នែកធនធានទន្លេ និងបរិស្ថាន លោក ហែម ឧត្តម លើកឡើងថា រហូតមកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ច្បាសលាស់ណាមួយពីការរីងស្ងួតលើផ្ទៃទន្លេមេគង្គនាថ្ងៃអនាគតនៅឡើយទេ តែលោកថា ការធ្វើទំនប់ទប់ទឹកពីផ្នែកខាងលើនៃទន្លេមេគង្គដោយចិន និងឡាវ បានធ្វើឱ្យកម្រិតទឹកសាបហូរចូលសមុទ្រចុះខ្សោយ បូករួមនឹងកង្វះដីល្បាប់ដោយសារការរារាំងពីទំនប់ទៀតនោះ ទឹកប្រៃនឹងហូរចាក់បំពេញមកផ្ទៃទន្លេមេគង្គផ្នៃកខាងក្រោមវិញ ដែលលោកថា នៅពេលនោះហើយ ជាពេលដែលតំបន់ទន្លេផ្នែកខាងក្រោមរងគ្រោះបំផុត។
លោក ហែម ឧត្តម៖ «កង្វះខាតទឹកសាបហូរចាក់ពីទន្លេមេគង្គផ្នែកខាងលើ អាចនឹងធ្វើអោយតំបន់ដីសណ្តរទន្លេមេគង្គ ប្រទេសវៀតណាមដែលផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាជននៃប្រទេសវៀតណាមជាងពាក់កណ្តាល នឹងត្រូវលេបត្របាក់ដោយទឹកប្រៃនៃសមុទ្រចិនខាងត្បូង។ ការបង្ករបង្កើនផលដំណាំកសិកម្ម នឹងមិនអាចបន្តប្រព្រឹត្តិទៅបានទៀត។ ផ្នែកខ្លះនៃតំបន់បឹងទន្លេសាប ក៏អាចនឹងត្រូវទឹកប្រៃលុកលុយផងដែរ»។
សម្រាប់លោកបណ្ឌិត Richard P. Cronin ដើម្បីរក្សាប្រយោជន៍ទន្លេមេគង្គសម្រាប់ប្រទេសក្នុងតំបន់ទាំងអស់ រដ្ឋជាសមាជិកទាំង៤ និងប្រទេសចិន ត្រូវមានកិច្ចសហការគ្នាក្នុងការសម្របសម្រួលការគ្រប់គ្រងទំនប់វារីអគ្គិសនីក្នុងការពង្រីកអតិបរិមាលំហូរទឹក បញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនី ហើយងាកមកពឹងផ្អែកលើប្រភពថាមពលកើតឡើងវិញផ្សេងទៀត។
លោកបន្តថា ទោះជាយ៉ាងណា វាត្រូវការការចូលរួមខ្លាំងបំផុតពីប្រទេសចិនក្នុងការបង្ហាញនូវតម្លាភាពនៃទំនប់របស់ខ្លួនចំពោះប្រទេសជិតខាងផ្នែកខាងក្រោមទាំងអស់ផងដែរ៕