លោក​ កឹម​ សុខា​ នឹង​​មិន​​ធ្វើ​កា​រ​​ជា​មួយ​​បុគ្គល​​ចង់​ផ្តួល​​រំលំ​​រដ្ឋា​ភិបាល​​ដោយ​​បដិវត្តន៍​​

លោក កឹម សុខា ថ្លែងប្រាប់អ្នកសារព័ត៌មានមុនពេល​ចូល​សវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)

អតីតប្រធានគណបក្សសង្រ្គោះជាតិ​តាមរយៈមេធាវីការពារក្តីរបស់ខ្លួន​បានអះអាងថា លោកនៅតែប្រកាន់គោលការណ៍អហិង្សា មិនធ្វើបដិវត្តន៍ ហើយការផ្លាស់ប្តូរដែលលោកចង់បានគឺតាមរយៈការបោះឆ្នោតដោយត្រឹមត្រូវ និងយុត្តិធម៌។

​តាមរយៈមេធាវីការពាររបស់លោក កឹម សុខា មួយរូបគឺលោកស្រី ម៉េង សុភារី ​បានបង្ហោះនៅលើគណនីហ្វេសប៊ុក​របស់ខ្លួនកាលពីថ្ងៃម្សិលមិញថា កូនក្តីរបស់អ្នកស្រីរូបនេះ បញ្ជាក់ថា ការផ្លាស់ប្តូរខុសពីការផ្តួលរំលំ ហើយនរណាដែលមានបំណងផ្តួលរំលំរដ្ឋាភិបាលតាមរយៈការប្រើហិង្សា ឬបដិវត្តន៍ពណ៌ត្រូវចេញឱ្យឆ្ងាយពីលោក ហើយលោកក៏មិនសេពគប់ទេ។

លោក កឹម សុខា បានឱ្យដឹងតាមរយៈមេធាវីដដែលថា ប្រសិនបើលោកមានសិទ្ធិធ្វើនយោបាយ លោកនឹងមិនធ្វើការងារជាមួយបុគ្គលណាដែលដើរផ្លូវហិង្សា ឬធ្វើបដិវត្តន៍​ផ្តួលរំលំរដ្ឋាភិបាល​នោះដែរ។ ​

អ្នកស្រី សរសេរថា៖ «បើបុគ្គលណាដែលដើរផ្លូវនេះ ខ្ញុំមិនធ្វើការជាមួយទេ បើសិនខ្ញុំមានសិទ្ធិធ្វើនយោបាយ»។

អ្នកស្រី ម៉េង សុភារី អះអាងថា ការលើកឡើងរបស់កូនក្តីខ្លួនទាំងនេះ ជាការឆ្លើយតបរបស់លោក កឹម សុខា ទៅនឹងសំនួររបស់មេធាវីដើមបណ្តឹងក្នុងសវនាការ កាលពីរសៀលថ្ងៃពុធម្សិលមិញ។

កាលពីថ្ងៃចន្ទក្នុងពិធីថ្លែងសារពិសេសមួយពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ លោកនាយករដ្ឋមន្ត្រីអះអាង​ថា​នឹងមិនយកអធិបតេយ្យភាពរបស់កម្ពុជាទៅដោះដូរភាពអនុគ្រោះពន្ធ EBA ២០ភាគរយ ហើយក៏គ្មានការចរចាដោះដូរអ្នកនយោបាយកំពុងកាត់ក្តី ដោយទំនងសំដៅលើលោក កឹម សុខា ដើម្បីឱ្យអឺរ៉ុបផ្តល់ភាពអនុគ្រោះពន្ធឱ្យកម្ពុជាវិញនោះដែរ។ ​

​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ត្រូវ​ចាប់​ខ្លួន​ដាក់​ឃុំ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៧​ មុន​នឹង​ដោះ​លែង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាល​ពី​ចុង​ឆ្នាំ​មុន​នោះ កំពុង​ស្ថិត​ក្រោម​ដំណើរការ​ជំនុំ​ជម្រះ​ពី​សំណាក់​តុលាការ​រាជ​ធានី​ភ្នំពេញ​ ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មករា​កន្លង​មក។

ដំណើរការ​ជំនុំ​ជម្រះ​ក្ដី​សំណុំ​រឿង​«សន្ទិដ្ឋិភាពជាមួយបរទេស ឬបទត្រូវរ៉ូវជាសម្ងាត់ជាមួយបរទេស»​ ដែល​ត្រូវ​បាន​ចោទ​ទៅ​លើអតីត​មេ​បក្ស​ប្រឆាំង​មួយ​នេះ ត្រូវ​បាន​មន្ត្រី​តុលាការ​រាជ​ធានី​ភ្នំពេញ​ បញ្ជាក់​កាល​ពី​ខែ​មករា​កន្លង​មក​ថា អាច​មាន​រយៈ​ពេល​ដល់​ទៅ ៣​ខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ