ឯកសារនៃសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសស្ថិតនៅក្នុងគ្រាអាសន្ន មាន ៥ជំពូក និងមាន ១១មាត្រា បានចែងពីការបង្កើនអំណាចរដ្ឋាភិបាល ហើយកាត់បន្ថយសិទ្ធិសេរីភាពមួយចំនួនរបស់ប្រជាពលរដ្ឋទូទៅដែលមានចែងនៅក្នុងច្បាប់ពេលកន្លងមក។
ច្បាប់នេះធ្វើឡើងក្នុងគោលបំណងកំណត់អំពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រមទាំងការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន ដើម្បីការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិតសុខភាពរបស់ប្រជាពលរដ្ឋ និងការពារទ្រព្យសម្បតិ្ត ព្រមទាំបរិស្ថានផង។
ច្បាប់នេះ មាត្រា ២ បានចែងអំពីវិសាលភាពអនុវត្ត នៅពេលដែលប្រទេសជាតិត្រូវបានដាក់ក្នុងស្ថានភាពអាសន្ន ស្របតាមមាត្រា ២២ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា។
ឯកសារសេចក្តីព្រាងច្បាប់ដដែល បានចែងនៅជំពូក ២ មាត្រា ៣ ស្តីពីបែបបទ និងនីតិវិធីប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយមាត្រានេះស្របគ្នានឹងមាត្រា ២២ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា។
មាត្រានេះចែងថា នៅពេលប្រជាជាតិប្រឈមមុខគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ។
មាត្រាដដែល បញ្ជាក់ថា៖ «ការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ ហើយការដាក់នោះធ្វើឡើងសម្រាប់ថិរវេលាមានកំណត់ ឬមិនកំណត់ ប៉ុន្តែ ការដាក់ប្រទេសក្នុងគ្រាអាសន្នសម្រាប់ថិរវេសាមិនកំណត់ ត្រូវបញ្ចប់ទៅវិញដោយព្រះរាជក្រឹត្យនៅពេលសភាពការណ៍អនុញ្ញាត»។
រីឯមាត្រា ៤ ស្តីពីលក្ខខណ្ឌដាក់ប្រទេសក្នុងគ្រាអាសន្ន បញ្ជាក់ថា ការដាក់ប្រទេសក្នុងគ្រាអាសន្នអាចធ្វើឡើងនៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ ដូចជា សង្រ្គាម ឬការឈ្លានពានពីកម្លាំងបរទេស។ បញ្ហាបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីជំងឺឆ្លង ភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរជាដើម។
យ៉ាងនេះក្តី កាលពីថ្ងៃទី២៥ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា នៅពេលច្បាប់នេះចេញជាផ្លូវការ រដ្ឋនឹងដកហូតសិទ្ធិស៊ីវិល ឬសិទ្ធិស៊ីវិលមួយចំនួននឹងលែងមាន ហើយខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះក៏បង្ហាញពីការរឹតត្បិតសិទ្ធិសេរីភាពស៊ីវិលដូចគ្នានឹងការលើកឡើងរបស់លោក ហ៊ុន សែន ផងដែរ។
ជាក់ស្តែង ខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ ជំពូក៣ ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន មាត្រា ៥ បានចែងថា នៅពេលប្រទេសជាតិត្រូវបានប្រកាសដាក់ក្នុងភាពអាសន្ន រាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញវិធានការចំនួន ១២ចំណុច ដូចជា ហាមឃាត់ ឬកម្រិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ។ ការហាមឃាត់ ឬកម្រិតសិទ្ធិសេរីភាពក្នុងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស។
បន្ថែមពីនេះ ហាមឃាត់ ឬកម្រិតការធ្វើសកម្មភាពការងារ ឬមុខរបរ។ ហាមឃាត់ ឬកម្រិតមិនឱ្យបុគ្គលចេញពីលំនៅឋាន ឬទីសំណាក់ណាមួយ ឬដាក់ឱ្យនៅដាក់ដោយឡែក ក្នុងករណីគ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ។
អ្វីដែលសំខាន់នោះ រដ្ឋអាចដាក់ចេញនូវវិធានការទាក់ទងកំណែន ជម្លៀសពលរដ្ឋ ដកហូត គ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិ ឬសេវានានា ដែលចាំបាច់ដើម្បីឆ្លើយតបចំពោះភាពអាសន្ន ហើយនីតិវិធីកំណែន ឬសំណងត្រូវកំណត់ដោយរដ្ឋ។
ខ្លឹមសារសេចក្តីព្រាងច្បាប់នេះបន្តថា៖ «ការដាក់ចេញវិធានការកំណត់ថ្លៃទំនិញ និងសេវា ដែលមានភាពចំបាច់ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។ ការដាក់ចេញនូវវិធានការបិទទីតាំងសាធារណៈ ឬឯកជនណាមួយ ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន»។
ជាងនេះទៀត ចំណុច ១០នៃមាត្រា ៥ ដដែល បន្ថែមថា រដ្ឋអាចចេញវិធានការឃ្លាំមើល ឬតាមដានគ្រប់មធ្យោបាយ ដើម្បីទទួលបានព័ត៌មានតាមរយៈប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍គ្រប់រូបភាព ព្រមទាំងហាមឃាត់ ឬកម្រិតការចែកចាយ ឬការផ្សព្វផ្សាយព័ត៌មានដែលអាចបង្កឱ្យមានភាពភ័យខ្លាចដល់សាធារណជន ឬចលាចល ឬនាំឱ្យខូចខាតដល់សន្តិសុខជាតិ ឬធ្វើឱ្យមានការភាន់ច្រឡំអំពីស្ថានភាពអាសន្ន ព្រមទាំងវិធានការដទៃទៀត ដែលសមស្រប និងចាំបាច់ជាដើម។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងប្រាប់វី.អូ.ឌី តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃនេះថា លោកមិនអាចបកស្រាយលើឯកសារនៃសេចក្តីព្រាងច្បាប់ដាក់ប្រទេសជាតិក្នុងគ្រាអាសន្ន ដែលផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ ដោយលោកមិនដឹងថា ឯកសារនោះបានមកពីណាទេ ម្យ៉ាងរាជរដ្ឋាភិបាលមិនទាន់ផ្សព្វផ្សាយពីសេចក្តីព្រាងច្បាប់នោះជាផ្លូវការនៅឡើយ។
លោកថា ជាទូទៅ ប្រទេសណាក៏គេមានច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ននេះដែរ ហើយគោលបំណងនៃការដាក់ប្រទេសក្នុងស្ថានភាពអាសន្នដើម្បីគ្រប់គ្រងប្រទេសគេ ជាប្រយោជន៍ដល់មនុស្សទូទៅ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយអំណាចនឹងប្រគល់ទៅឱ្យស្ថាប័ននីតិប្រតិបត្តិ។ ដូច្នេះ លោកថា ពលរដ្ឋក្តី ឬសង្គមស៊ីវិលក្តី មិនមានអ្វីគួរឱ្យបារម្ភឡើយ។
លោកមានប្រសាសន៍ថា៖ «អីចឹង ប្រជាពលរដ្ឋ ក៏ដូចជាសង្គមស៊ីវិល ដូចមិនមានអីត្រូវព្រួយបារម្ភទេ ព្រោះច្បាប់នេះដើម្បីបម្រើប្រយោជន៍សង្គមទូទៅ។ សំខាន់ឱ្យតែយើងបំពេញតាម ឬគោរពតាមវិធានរបស់រដ្ឋាភិបាលទៅ ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនយើងផង សម្រាប់ស្ថិរភាពខ្លួនយើងផង និងដើម្បីជាប្រយោជន៍របស់សាធារណជនទូទៅ និងសង្គមជាតិទាំងមូល។ អីចឹង ដូចជាមិនមានអីត្រូវបារម្ភទេ ហើយអានេះវាមិនមានអីចម្លែកសម្រាប់កម្ពុជានោះទេ ប្រទេសផ្សេងៗក៏គេមានដែរ»។
នៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដឹងថា កាលពីថ្ងៃម្សិលមិញ លោកបានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី អំពីសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ននេះ។
លោក ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលផងដែរ កុំឱ្យមានការព្រួយបារម្ភច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមកដើម្បីរឹតត្បិតសេរីភាពរបស់ប្រជាពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។
លោក ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ៖ «យើងបានធ្វើសេចក្តីព្រាងច្បាប់នេះរួចរាល់ហើយ មានទាំងសេចក្តីថ្លែងហេតុប្រុងប្រៀប។ យើងនឹងមានការបែងចែកថា អ្វីខ្លះដែលត្រូវធ្វើ អ្វីខ្លះដែលមិនត្រូវធ្វើ ហើយពេលនោះដាក់ចេញវិធានការ បិទទីតាំងសាធារណៈ និងឯកជនណាមួយ ដែលមានភាពចាំបាច់ដើម្បីឆ្លើយតប»។
យ៉ាងនេះក្តី ឯកសារព្រាងច្បាប់ដដែល ក្នុងជំពូក ៤ ស្តីពីទោសប្បញ្ញត្តិវិញពីមាត្រា ៧ ដល់មាត្រា ៩ បានចែងអំពីការដាក់ទោសទណ្ឌធ្ងន់ធ្ងរទៅលើពលរដ្ឋ ដែលរារាំងកិច្ចប្រតិបត្តិការ និងមិនគោរពវិធានការពេលប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នដោយចេតនា អាចជាប់គុកពី ១ខែ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១សែន ដល់ ៥លានរៀល។
ប៉ុន្តែ ប្រសិនបើសកម្មភាពរារាំង ឬមិនគោរពទាំងនោះ ដែលធ្វើឱ្យមានចលាចលជាសាធារណៈ ឬប៉ះពាល់ដល់សន្តិសុខជាតិ ត្រូវផ្តន្ទាទោសពី ១ឆ្នាំ ដល់ ១០ឆ្នាំ ដោយទោសទាំងនេះមិនទាន់គិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀតឡើយ។ រីឯនីតិបុគ្គល ដែលល្មើសច្បាប់នេះវិញ ផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០លានរៀល រហូត ១ពាន់លានរៀល។
ប្រធានការិយាល័យផ្នែកអង្កេត និងសិទ្ធិមនុស្សនៃសមាគមអាដហុក លោក នី សុខា មិនជំទាស់ឡើយចំពោះការបង្កើតច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងគ្រាអាសន្ននៅពេលនេះទេ ដោយថា ជាវិធានការឆ្លើយតបនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ប្រសិនបើឯកសារសេចក្តីព្រាងច្បាប់នោះជាការពិត ហើយចេញជាធរមាន លោកស្នើឱ្យរដ្ឋាភិបាលអនុវត្តច្បាប់នេះត្រឹមកម្រិតនៃវិធានការឆ្លើយតបនឹងជំងឺឆ្លងនេះប៉ុណ្ណោះ ដោយមិនត្រូវអនុវត្តក្នុងស្ថានភាពប្រទេសប្រសើរនោះឡើយ។ លើសពីនេះ លោកក៏ស្នើឱ្យរដ្ឋាភិបាលពិចារណាវិធានការចាំបាច់ប៉ុណ្ណោះ ព្រមទាំងពិចារណាចំណុចនៃការដាក់ទោសទណ្ឌ ត្បិតវាមានលក្ខណៈធ្ងន់ធ្ងរពេក។
លោកមានប្រសាសន៍ថា៖ «យើងគិតថា បើប្រជាពលរដ្ឋយើងពេលខ្លះ បើវិធានការរបស់រដ្ឋចេញមកហើយប្រជាពលរដ្ឋខ្លះមិនទាន់យល់ដឹង ឬប្រព័ន្ធផ្សព្វផ្សាយមិនទាន់បានផ្សព្វផ្សាយឱ្យបានជ្រួតជ្រាប ទូលំទូលាយ។ ជួនកាលប្រជាពលរដ្ឋខ្លះ គាត់មិនទាន់បានតាមដានសភាពការណ៍ហ្នឹងឱ្យទាន់ពេលវេលា។ បើសិនជាយើងយកវិធានការ ឬការដាក់វិធានការហ្នឹង វាធ្ងន់ធ្ងរពេក វាអាចធ្វើឱ្យប្រជាពលរដ្ឋហ្នឹងរងនូវទណ្ឌកម្មពីច្បាប់ហ្នឹង វាធ្ងន់ហួសកម្រិត»។
លោក ហ៊ុន សែន បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន នឹងត្រូវលើកមកពិភាក្សា និងសម្រេចក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីនៅពេលខាងមុខ។ ប្រមុខរដ្ឋាភិបាលដដែល រំពឹងថា រដ្ឋសភានឹងពន្លឿនក្នុងការពិនិត្យ និងអនុម័តទៅលើសេចក្តីព្រាងច្បាប់មួយនេះ បន្ទាប់ពីគណៈរដ្ឋមន្រ្តីសម្រេចហើយនោះ៕