សេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នត្រូវបានបញ្ជូនទៅកាន់សភាជាតិហើយកាលពីចុងសប្ដាហ៍មុនបន្ទាប់គណៈរដ្ឋមន្ត្រីបញ្ចប់សេចក្តីព្រាងច្បាប់នេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសភាជាតិកាលពីថ្ងៃទី២០ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា៖ «សម្រាប់យើងឥឡូវនេះ យើងមិនទាន់មានច្បាប់ណាដើម្បីនឹងធ្វើការត្រួតត្រាសភាពការណ៍នៅពេលដែលដាក់ប្រទេសក្នុងគ្រាមានអាសន្ននោះទេ។ ដូច្នេះ ច្បាប់មួយត្រូវតែបង្កើតឡើង បើទោះបីជាចង់ ឬក៏មិនចង់ យើងត្រូវមានឧបករណ៍ច្បាប់នៅក្នុងដៃ ដើម្បីឱ្យរដ្ឋអនុវត្តទៅដោយរលូន»។
តើក្នុងពេលដែលដាក់ប្រទេសក្នុងគ្រាអាសន្ន រដ្ឋត្រូវមានភារកិច្ចអ្វីខ្លះ?
យោងតាមរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ២២ថ្មី ចែងថា នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។
ការដាក់ប្រទេសក្នុងគ្រាអាសន្ន
ការដាក់ប្រទេសក្នុងគ្រាអាសន្ន (State of emergency) គឺជាការប្រកាសរបស់រដ្ឋាភិបាលក្នុងការត្រៀមលក្ខណៈឆ្លើយតបទៅនឹងស្ថានភាពដែលគំរាមកំហែងដល់ប្រទេសទាំងមូល ដែលមានដូចជា សង្គ្រាម គ្រោះធម្មជាតិ ភាពវឹកវរស៊ីវិល វិបត្តិហិរញ្ញវត្ថុ ជំងឺរាតត្បាត ជាដើម។
ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា៖ «ខណៈដែលដាក់ប្រទេសក្នុងភាពអាសន្ន មានន័យថា ប្រទេសកំពុងតែចលាចល ហើយកាលណាប្រទេសចលាចល គេអាចប្រើប្រាស់កម្លាំង ភាសាអ្នកលេងគេហៅថា ប្រើកម្លាំងបាយ លែងប្រើប្រាស់កម្លាំងច្បាប់ហើយ។ អ៊ីចឹង នៅពេលគេប្រើប្រាស់កម្លាំង ទៅប្ដឹងគេគឺអត់ត្រូវទេ។ ទីពីរ នៅពេលគេប្រកាសភាពអាសន្ន ប្រជាជនទាំងអស់នៅក្នុងប្រទេសហ្នឹងត្រូវតែរក្សាទៅតាមអ្វីដែលគេមានបទបញ្ជា ឧទាហរណ៍ គេប្រកាសបិទចរាចរណ៍នៅម៉ោង ៨យប់ ដូចនេះបើចេញម៉ោង ៨យប់ គេបាញ់។ ហើយបាញ់មិនមែនគេខុសទេ មិនមែនជាការរំលោភសិទ្ធិមនុស្សទេ អាហ្នឹងហើយជាការដាក់ប្រទេសក្នុងគ្រាអាសន្ននោះ»។
ការធានារបស់រដ្ឋក្នុងពេលដាក់ប្រទេសក្នុងគ្រាអាសន្ន
សាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោកនៃសកលវិទ្យាល័យ Occidental នៅសហរដ្ឋអាមេរិក លោកបណ្ឌិត អៀ សុផល បានឱ្យVODដឹងថា នៅពេលដែលរដ្ឋដាក់ប្រទេសក្នុងគ្រាអាសន្នក្នុងពេលពិភពលោកមានវិបត្តិកូរ៉ូណាដូចបច្ចុប្បន្ន រដ្ឋត្រូវបង្កើននូវការធ្វើតេស្តសុខភាព បង្កើនការយកចិត្តទុកដាក់សុខភាព លុបបំបាត់អំពើពុករលួយ និងត្រូវធានាថា គ្មានការរំលោភបំពានផ្សេងៗ។
លោកសរសេរថា៖ «ខ្ញុំនឹងប្រាប់អ្នកនូវអ្វីដែលរដ្ឋមិនគួរធ្វើ។ រដ្ឋមិនត្រូវប្រើឱកាសនេះដើម្បីចាប់ខ្លួនអ្នករិះគន់ និងអ្នកប្រឆាំងថែមទៀតទេ ដែលឆ្លៀតធ្វើក្នុងឱកាសទប់ស្កាត់កូវីដ១៩ ដើម្បីធ្វើការរំលោភបំពានសិទ្ធមនុស្សនោះ»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត គិន ភា មានប្រសាសន៍ថា នៅពេលដែលប្រទេសមួយដាក់ក្នុងភាពអាសន្ន មានន័យថា សិទ្ធិស៊ីវិលគឺត្រូវបានដកហូត ដែលមានដូចជាសិទ្ធិជួបប្រជុំ សិទ្ធិនិយាយស្ដី សិទ្ធិនយោបាយជាដើម អាចនឹងត្រូវបានដកហូតក្នុងរយៈពេលកំណត់មួយដោយរដ្ឋ។ លោកបន្ថែមថា ពលរដ្ឋត្រូវចូលរួមអនុវត្តនូវវិធានការនានាដែលរដ្ឋដាក់ចេញ ដើម្បីធានានូវស្ថានភាពនឹងនររបស់ប្រទេស។
លោកបន្ថែមថា៖ «ជារឿងមួយដែលពលរដ្ឋត្រូវអនុវត្ត ហើយរដ្ឋដែលមានកាតព្វកិច្ចការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈរបស់ប្រទេសហ្នឹង ក៏ត្រូវតែអនុវត្តនូវបទបញ្ញត្តិហ្នឹងដោយប្រយ័ត្នប្រយែង ជៀសវាងអនុវត្តតាមទំនើងចិត្ត ដែលនាំទៅដល់ការប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិឯកជន ឬសាធារណៈ ឬប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ»។
ជារួម រដ្ឋមានសិទ្ធិក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយដាក់ចេញវិធានការនានាដើម្បីធានានូវស្ថិរភាពសង្គម និងអាយុជីវិតប្រជាជន តែការដាក់ប្រទេសក្នុងភាពអាសន្ននេះ រដ្ឋត្រូវធានានូវសិទ្ធិជាមូលដ្ឋានរបស់មនុស្សមួយចំនួនផងដែរ។
យោងតាមអត្ថបទស្ដីពីការដាក់ប្រទេសក្នុងគ្រាអាសន្ន នៃវិទ្យាស្ថានក្រុងហ្សឺណែវ សម្រាប់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យដោយកងកម្លាំងប្រដាប់អាវុធ DCAF ចេញផ្សាយកាលពីឆ្នាំ២០0៥ បានលើកឡើងថា បើទោះបីដាក់ប្រទេសក្នុងគ្រាអាសន្ន តែរដ្ឋាភិបាលប្រទេសនោះត្រូវតែរក្សានីតិរដ្ឋរបស់ខ្លួនដដែល ជាងនេះទៅទៀត សិទ្ធិមនុស្សមួយចំនួនក៏នឹងត្រូវអនុវត្តផងដែរ ដែលមានដូចជាសិទ្ធិរស់រានមានជីវិត គ្មានការធ្វើទារុណកម្ម គ្មានការចាប់ធ្វើទាសករ សេរីភាពពីការអនុវត្តច្បាប់តាមមាត់ មានសិទ្ធិតវ៉ាតាមផ្លូវច្បាប់ សិទ្ធិក្នុងការគិត និងសាសនា ជាដើម។
បន្ថែមពីលើនេះ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏បានចែងពីសិទ្ធិមនុស្សដែលត្រូវទទួលបានក្នុងពេលដែលរដ្ឋដាក់ប្រទេសក្នុងគ្រាអាសន្នផងដែរ ដែលមានដូចជាការយកចិត្តទុកដាក់បែបមនុស្សជាតិលើអ្នកដែលត្រូវបានដកហូតសេរីភាពរបស់ពួកគេ ហាមឃាត់ការចាប់មនុស្សជាចំណាប់ខ្មាំង និងចាប់មនុស្សឃុំឃាំងដោយគ្មានមូលហេតុ ការពារសិទ្ធិរបស់ជនជាតិដើមភាគតិច ហាមឃាត់ការផ្សព្វផ្សាយពីសង្គ្រាម ការរើសអើងពូជសាសន៍ ឬសាសនា ហើយបើទោះបីដាក់ប្រទេសក្នុងគ្រាអាសន្នក៏ដោយ ក៏ការការពារខ្លួនរបស់មនុស្ស និងភាពត្រឹមត្រូវនៃប្រព័ន្ធតុលាការក៏នឹងត្រូវបានធានាផងដែរ។
ការដាក់ប្រទេសក្នុងភាពអាសន្នរបស់រាជាណាចក្រថៃ
ប្រទេសថៃជាប្រទេសតែមួយគត់នៅតំបន់អាស៊ានដែលបានដាក់ប្រទេសខ្លួនភាពអាសន្នមុនគេ កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ ដែលវិធានការជាដំបូងរបស់ប្រទេសនោះដំបូងគេគឺផ្ដោតលើការគ្រប់គ្រងលើបណ្ដាញសារព័ត៌មាន និងគ្រប់គ្រងការជួបជុំ។
អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៃសាកលវិទ្យាល័យ Ritsumeikan Asia Pacific លោក សេក សុផល មានប្រសាសន៍ថា៖ «គេគ្រប់គ្រងព័ត៌មានជាពិសេស ដោយសារតែក្នុងបណ្ដាញសង្គមមានព័ត៌មានចម្រុះច្រើនពេក ហើយព័ត៌មានចម្រុះហ្នឹងអាចនិយាយបានថា ព័ត៌មានចម្រុះហ្នឹងអាចធ្វើឱ្យស្ថានភាពកាន់តែច្របូកច្របល់ថែមទៀត ព្រោះមានព័ត៌មានមិនពិតច្រើន។ ទីពីរ មានការគ្រប់គ្រងការជួបជុំនៅកន្លែងអាជីវកម្មមួយចំនួនដូចជាបារ ឬក្លិបអី ដែលគេគិតថា ជាកន្លែងមួយដែលអាចឆ្លងជំងឺបាន គេបិទកន្លែងទាំងអស់ហ្នឹង។ អ៊ីចឹងហើយនៅពេលដែលមានគេបិទអាជីវកម្មទាំងអស់ហ្នឹង បានធ្វើឱ្យអ្នកដែលទៅធ្វើការនៅទីក្រុងបាងកកហ្នឹងគាត់ធ្វើដំណើរត្រលប់ទៅខេត្តវិញ ដោយសារកន្លែងធ្វើការរបស់គាត់ត្រូវបានគេបិទមិនឱ្យធ្វើអាជីវកម្ម អត់ដំណើរការ គាត់អត់ការងារធ្វើ គាត់ក៏ត្រលប់មកខេត្តវិញ»។
លោកបន្ថែមថា៖ «តែពេលហ្នឹងគេអត់ទាន់បានដាក់បម្រាមគោលចរទេ ព្រោះបម្រាមគោលចរហ្នឹងគេទើបដាក់នៅថ្ងៃ២ មីនាទេ គឺច្រើនថ្ងៃក្រោយពីប្រកាសភាពអាសន្នហើយ ទើបបានដាក់បម្រាមគោលចរថែមមួយតង់ទៀត។ […] នៅក្នុងប្រទេសថៃ គឺគេអនុវត្តអ៊ីចឹង តែខ្ញុំមិនដឹងថា ស្ថានភាពប្រទេសកម្ពុជា គេអាចអនុវត្តរបៀបម៉េច អ៊ីចឹងយើងមិនអាចយកស្ថានភាពប្រទេសថៃទៅប្រៀបធៀបនឹងប្រទេសកម្ពុជាបានទេ»។
លោក សុផល បន្ថែមថា ស្ថានភាពដាក់ប្រទេសក្នុងភាពអាសន្ននៅប្រទេសថៃ ពុំមានភាពចលាចលសង្គមអ្វីនោះទេ តែការដាក់នេះបានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចដោយសារការបាត់បង់ការងាររបស់ប្រជាជន។
លោកបន្ថែមថា៖ «ក៏ប៉ុន្តែ ក្នុងស្ថានភាពបែបនេះ ទោះបីជាអាជីវកម្មបើកក៏មិនសូវមានមនុស្សទៅទិញ ឬប្រើប្រាស់សេវាកម្មដែរ ព្រោះមនុស្សខ្លាចឆ្លង»។
ការការពារកុំឱ្យប្រទេសធ្លាក់ក្នុងរបបផ្ដាច់ការ
មានការបារម្ភច្រើនពីការដាក់ប្រទេសក្នុងភាពអាសន្ន អាចធ្វើឱ្យមានការរំលោភអំណាចរដ្ឋ ដែលនឹងបង្កើតជាការដឹកនាំបែបផ្ដាច់ការក្នុងប្រទេសនោះនាថ្ងៃអនាគត។
វិទ្យាស្ថានក្រុងហ្សឺណែវសម្រាប់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យដោយកងកម្លាំងប្រដាប់អាវុធ DCAF បានសរសេរក្នុងអត្ថបទរបស់ខ្លួនថា វាមិនខុសគ្នាទេរវាងការដាក់ប្រទេសក្នុងភាពអាសន្ន ទៅនឹងរបបផ្ដាច់ការ នៅពេលដែលរដ្ឋអាចដាក់ប្រទេសក្នុងភាពអាសន្នដោយមិនបញ្ចប់នោះ ដោយសារតែច្បាប់មួយចំនួននៅពេលដែលដាក់ប្រទេសក្នុងភាពអាសន្ន អាចដាក់ដើម្បីអនុញ្ញាតឱ្យទ័ពមានអំណាចកាន់តែខ្លាំងជាងអាជ្ញាធរគ្រប់គ្រងនោះ។
ដើម្បីការពារកុំឱ្យរដ្ឋធ្លាក់ក្នុងការគ្រប់គ្រងផ្ដាច់ការទៅលើអំណាចនីតិប្រតិបត្តិ វាត្រូវការការចូលរួមពីសភា តុលាការ សង្គមស៊ីវិល និងអន្តរជាតិ ក្នុងការឃ្លាំមើលពីសកម្មភាពរបស់នីតិប្រតិបត្តិក្នុងការធ្វើការ។ សភាមានតួនាទីពិនិត្យមើលទៅលើការសម្រេចរបស់អង្គនីតិប្រតិបត្តិ ដោយប្រើសិទ្ធិបោះឆ្នោតរបស់ខ្លួន មានភារកិច្ចក្នុងការស៊ើបអង្កេតលើការងាររបស់រដ្ឋាភិបាលក្នុងពេលដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីធានាពីច្បាប់ ខណៈតុលាការត្រូវធានាពីការជំនុំជម្រះដោយយុត្តិធម៌ លើសពីនេះ តុលាការក៏អាចពិនិត្យមើលពីភាពស្របច្បាប់ពីវិធានការដែលរដ្ឋាភិបាលបានចេញផងដែរ។
ក្រៅពីតួនាទីនៃអំណាចទាំង ៣របស់រដ្ឋ តួនាទីអន្តរជាតិក៏សំខាន់ដែរ ដើម្បីធានាដល់ដំណើរការនៃការដាក់ប្រទេសក្នុងគ្រាអាសន្ន។
DCAF បានសរសេរថា៖ «សហគមន៍អន្តរជាតិចាំបាច់ត្រូវតែមាន ចូលរួមយ៉ាងសកម្ម ដើម្បីធានាថា រដ្ឋាភិបាលគោរពតាមបទដ្ឋានទាំងនេះ។ ជាពិសេសសហគមន៍អន្តរជាតិត្រូវធ្វើការជាមួយរដ្ឋាភិបាលពាក់ព័ន្ធដើម្បីធានាការឆាប់ត្រឡប់ទៅភាពប្រក្រតី និងការស្តារឡើងវិញនៃបទបញ្ជារដ្ឋធម្មនុញ្ញដែលធានាសិទ្ធិបានយ៉ាងពេញលេញនោះ»។
អនុសាសន៍
ជារួម ការដាក់ប្រទេសក្នុងគ្រាអាសន្ន គឺជារឿងមួយដែលចាំបាច់ក្នុងស្ថានភាពដែលវឹកវរសង្គមធ្ងន់ធ្ងរប៉ុណ្ណោះ ហើយការដាក់ទៀតសោត គឺមានគោលបំណងដើម្បីធានាស្ថិរភាព សន្ដិសុខសង្គម ថែរក្សាអាយុជីវិតប្រជាជន ដែលត្រូវមានវិធានការដាក់ចេញភ្លាមៗដើម្បីឆ្លើយតបនឹងសភាពការណ៍ថ្មីៗ។
ទោះជាយ៉ាងណា ការដាក់ប្រទេសក្នុងគ្រាអាសន្ន គឺបានបើកដៃឱ្យអំណាចនីតិប្រតិបត្តិអាចប្រើប្រាស់អំណាចកាន់តែខ្លាំង ដែលជាការបារម្ភអាចធ្វើឱ្យមានការគ្រប់គ្រងបែបផ្ដាច់ការ និងមិនអាចទាញមកកាន់សភាពដើមវិញ។ វាត្រូវការការចូលរួមពីសភា តុលាការ និងអន្តរជាតិ ក្នុងការពិនិត្យពីការអនុវត្តរបស់រដ្ឋាភិបាលកាន់តែខ្លាំងក្នុងការធានាថា គោលការណ៍សិទ្ធិមួយចំនួនរបស់ពលរដ្ឋមិនត្រូវបានគេរំលោភបំពាន គ្មានការរំលោភអំណាចរដ្ឋ និងធានាឱ្យឆាប់វិលត្រលប់មកកាន់ដំណើរការដើមរបស់រដ្ឋឡើងវិញ៕