រដ្ឋ​មន្រ្តី​សុខា​ភិបាល​​ស្នើ​ពល​រដ្ឋ​ចូល​​រួម​​ទប់​ស្កាត់​កូវីដ​១៩​ទាំង​អស់​គ្នា ព្រោះ​បារម្ភ​ពី​លទ្ធ​ភាព​ឆ្លង​ក្នុង​សហ​គមន៍​

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់ពលរដ្ឋជាថ្មីទៀត ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្បិតឱកាសចម្លងជំងឺនៅក្នុងសហគមន៍មូលដ្ឋាន​មានហានិភ័យខ្លាំង ប្រសិនបើគ្មានការចូលរួមទប់ស្កាត់ ឬការពារឱ្យមានប្រសិទ្ធភាពនោះទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពជំងឺកូវីដ១៩នៅព្រឹកនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា ​ការដែលមិនគោរពសេចក្តីណែនាំរបស់រដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល​​ ដូចជាអនាម័យ នៅឆ្ងាយពីគ្នា ឬផ្អាកការជួបជុំធំតូចជាបណ្តោះអាសន្នជាដើមនោះ នឹងនាំហានិភ័យ​ខ្ពស់ដល់ពលរដ្ឋតាមមូលដ្ឋាន ហើយសេចក្តីស្លាប់ដោយសារជំងឺឆ្លងនេះនឹងអាចកើតមានផងដែរ។ ​

លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា៖ «ដូច្នេះ សូមឱ្យបងប្អូនពង្រឹងការងាររបស់យើង ដែលយើង​បានធ្វើរួចមកហើយ ប៉ុន្តែ ពង្រឹងបន្ថែមទៀត។ បើយើងប្រត្តិបត្តមិនបានខ្ជាប់ខ្ជួននោះទេ យើងនឹងឈានដល់ការឆ្លង​ដល់សហគមន៍ ហើយក៏ឈានដល់ទីបញ្ចប់ ឬឈានទៅដល់ក្តីវិនាស​របស់យើង គឺការស្លាប់។ ព្រោះកាលណា​វាច្រើនហួស ការគ្រប់គ្រងខាងផ្នែកវេជ្ជសាស្ត្ររបស់យើង ក៏ជួបការលំបាកដែរ»។

ដោយឡែក ប្រធាន​អង្គការសុខភាព​ពិភពលោក​នៅ​កម្ពុជា​ លោក​ស្រី​ លី អៃឡាន (Li Ailan) បានឱ្យដឹង​តាម​រយៈអ្នកបកប្រែនៅក្នុងសន្និសីទកាសែតនេះ ដោយសម្តែងក្តីបារម្ភដែរថា បញ្ហាខ្វះមន្ត្រីជំនាញ ខ្វះសម្ភារ ខ្វះសមត្ថភាពគ្រប់គ្រង គឺជាបញ្ហាប្រឈម និងជាក្តីបារម្ភខ្លាំងសម្រាប់កម្ពុជា ប្រសិនបើ​​ការឆ្លងរីករាលដាលជំងឺកូវីដ១៩​ មានកាន់តែច្រើន។ 

លោកស្រីបន្តតាមរយៈអ្នកបកប្រែថា៖ «អីចឹង កន្លែងហ្នឹងគឺមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលខាងWHO ដែលបានធ្វើការងារ​ជាមួយខាងក្រសួងសុខាភិបាល​យ៉ាងកៀកបង្កើយហ្នឹង គឺថា​មានការព្រួយបារម្ភជាខ្លាំងទៅលើការខ្វះខាត [បញ្ហាខ្វះមន្ត្រីជំនាញ ខ្វះសម្ភារ ខ្វះសមត្ថភាពគ្រប់គ្រង] នេះ។ អីចឹងហើយបានយើង​ធ្វើកិច្ចការងារ​អន្តរាគមន៍ចាប់តាំងពីជំងឺចាប់ផ្តើម​ដំបូងហ្នឹង គឺយើងចាប់ផ្តើមខ្ទប់វា​កុំឱ្យរីករាលដាលខ្លាំង​»។

ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គីមអេង ក៏មានការ​បារម្ភ​ចំពោះលទ្ធភាព​ឆ្លងជំងឺកូវីដ១៩ នៅតាមសហគមន៍​​ ដោយសារតែចលនារបស់ពលរដ្ឋ​វិលត្រឡប់ពីទីក្រុងទៅជនបទ ឬវិលពីតំបន់មួយទៅតំបន់មួយកាន់តែច្រើន​ ហើយសកម្មភាពជួបជុំផឹកស៊ីក៏មានកាន់តែច្រើនក្នុងពេលបុណ្យចូលឆ្នាំថ្មីនេះផងដែរ។

លោក យង់ គីមអេង យល់ថា វិធានការបន្ថែមទៀតរបស់រដ្ឋាភិបាលគួរធ្វើដូចជា វិធានការ​បិទការចរាចរគ្រឿងស្រវឹង និងបិទការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទជាបន្ទាន់ ព្រមទាំងត្រូវផ្សព្វផ្សាយអប់រំពលរដ្ឋ​អំពីវិធីការពារជំងឺនេះឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

លោក យង់ គីមអេង មានប្រសាសន៍បន្ថែមថា៖ «ខ្ញុំគិតថា វិធានការសំខាន់​ដែលរដ្ឋាភិបាល​គួរធ្វើ​ទីមួយ គឺត្រូវតែបិទ​ការលក់គ្រឿងស្រវឹង​នៅទូទាំងប្រទេស ជាពិសេសនៅអំឡុងពេលចូលឆ្នាំនេះ បាទ! ហើយទីពីរត្រូវបិទការផ្សាយពាណិជ្ជកម្ម [គ្រឿងស្រវឹង] ដោយមកផ្សព្វផ្សាយអំពីវិធានការបង្ការ ឬវិធីការពារជំងឺកូវីដ១៩ហ្នឹង ឱ្យបានទូលំទូលាយ»។

ក្រសួងសុខាភិបាលអះអាងថា គិតត្រឹមថ្ងៃទី១៣ ខែមេសា កម្ពុជារកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន ១២២នាក់ ក្នុងនោះអ្នកដែលត្រូវបានព្យាបាលឱ្យជាសះស្បើយមានចំនួន ៧៧នាក់ ឬស្មើជាង ៦៣ភាគរយ ហើយ ៤៥នាក់ទៀត កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ។ ក្រសួងបញ្ជាក់ថា មិនទាន់មានពលរដ្ឋណាម្នាក់ស្លាប់ដោយសារជំងឺកូវីដ១៩​ នៅឡើយទេ។

ទោះបីជាមានការព្យាបាលជាសះស្បើយច្រើន និងមិនទាន់មានពលរដ្ឋណាម្នាក់ស្លាប់ដោយជំងឺនេះបែបណាក្តី ប៉ុន្តែ លោក ម៉ម ប៊ុនហេង អះអាងថា​ ខាងក្រសួងត្រៀមចេញសេចក្តីណែនាំមួយប្រាប់ទៅពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធ ឱ្យរៀបចំ​ទុកដាក់សពអ្នកដែលស្លាប់ដោយជំងឺកូវីដ១៩ភ្លាមៗ ដូចជា បូជា ឬកប់ ដោយមិនអនុញ្ញាតឱ្យធ្វើបុណ្យសពនោះឡើយ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ